Diclofenac ឱសថចម្បងសម្រាប់ជំងឺរលាកសន្លាក់ឆ្អឹង

ដោយហេតុថាកម្រិតនៃការឈឺចាប់មានភាពខុសគ្នាទៅតាមជំងឺនីមួយៗទើបការផលិតឱសថបំបាត់ការឈឺចាប់ក៏មានប្រភេទផ្សេងៗគ្នាទៅតាមនោះដែរ។ ជាក់ស្ដែងនៅលើទីផ្សារ ឱសថបំបាត់ការឈឺចាប់ឃើញមានច្រើនប្រភេទចាប់ពីកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ ដោយនៅក្នុងនោះ Diclofenac គឺជាប្រភេទឱសថម៉្យាងដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលការឈឺចាប់ចំពោះស្ថានភាពជំងឺរ៉ាំរ៉ៃមួយចំនួន។

លក្ខណៈឱសថ
Diclofenac គឺជាឱសថស្ថិតនៅក្នុងក្រុម Nonsteroidal anti-inflammatory drug (NSAID) មានលក្ខណៈប្រឆាំងការឈឺចាប់ បំបាត់រលាកនិងបន្ថយកម្ដៅ ហើយត្រូវបានផលិតឡើងក្នុងទម្រង់ជាច្រើនរួមមានឱសថគ្រាប់ សូលុយស្យុង ម្សៅ និងជែលសម្រាប់លាបជាដើម។ល។ វាជាឱសថមានសមត្ថភាពអាចកាត់បន្ថយអង់ស៊ីមនៅក្នុងរាងកាយដែលបង្កឲ្យឈឺចាប់ និងរលាក។

សកម្មភាពឱសថ
Diclofenac ត្រូវបានបង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលស្ថានភាពឈឺចាប់និងរលាកស្រួចស្រាវ និងរ៉ាំរ៉ៃផងដែរ តាមរយៈសកម្មភាពទៅបន្ថយការសំយោគ Prostaglandin ដោយបិទទៅលើអង់ស៊ីម Cyclooxygenase-1 (COX-1) និង Cyclooxygenase-2 (COX-2) ក្នុងឥទ្ធិពលស្មើគ្នា។ ជាមួយសកម្មភាពបែបនេះ វាត្រូវបានប្រើប្រាស់សម្រាប់ព្យាបាល និងសម្រាលអាការៈជាប់គាំងសន្លាក់បណ្តាលមកពី៖
• ជំងឺរលាកសន្លាក់ឆ្អឹង (នៅជង្គង់ កជើង ម្រាមជើង កែងដៃ កដៃ និងដៃជាដើម)
• ជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ
• ជំងឺស្បែកស្ងួតខ្លាំងបណ្តាលមកពីកម្ដៅព្រះអាទិត្យ (Actinic keratosis) ដែលត្រូវបានព្យាបាលតាមឱសថទម្រង់ជែលសម្រាប់លាបផ្ទាល់ទៅលើស្បែក
• ជំងឺផ្សេងទៀតទៅតាមការណែនាំរបស់គ្រូពេទ្យ។

កម្រិត និងការប្រើប្រាស់ឱសថ
ការប្រើប្រាស់ឱសថនៅកម្រិតណាមួយគឺអាស្រ័យទៅតាមស្ថានភាព និងការណែនាំរបស់គ្រូពេទ្យ ដែលជាទូទៅ៖
• ឱសថគ្រាប់៖ អាចប្រើបាន ២ ទៅ៣ដងក្នុងមួយថ្ងៃ ដែលចំនួនដូសមិនឲ្យលើសពី ១៥០មិល្លីក្រាម
• ឱសថជែល៖ អាចលាបនៅទីតាំងដែលឈឺ ៤ដងក្នុងមួយថ្ងៃ ឬអាចប្រែប្រួលទៅតាមការអនុញ្ញាតរបស់គ្រូពេទ្យ។ ចៀសវាងងូតទឹក ឬគ្របស្បែកភ្លាមៗបន្ទាប់ពីលាបឱសថរួច។

ផលរំខាន
ផលរំខានជាទូទៅនៃឱសថ Diclofenac អាចមានដូចជា៖
• ឈឺក្រពះ ឬខ្យល់ក្នុងពោះ
• ចង្អោរ ក្អួត
• ឈឺក្បាល ឬធីងធោង
• រមាស់លើស្បែក
• បែកញើស
• សម្ពាធឈាមកើនឡើង
• ហើមដៃ ឬជើង។

អន្តរកម្មឱសថ
ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចធ្វើឲ្យថយចុះប្រសិទ្ធភាព ឬបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្ដែង Diclofenac ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖
• ឱសថព្យាបាលលើសសម្ពាធឈាម៖ Captopril, Lisinopril, Losartan និង Valsartan
• ឱសថក្នុងក្រុម Corticosteroids៖ Dexamethasone និង Prednisone
• ឱសថពង្រាវឈាម៖ Dabigatran, Enoxaparin និងWarfarin ជាដើម។ ដើម្បីចៀសវាងហានិភ័យដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀតមុនពេលសម្រេចចិត្តប្រើប្រាស់ឱសថ Diclofenac។

បម្រុងប្រយ័ត្ន
ការប្រើប្រាស់ឱសថ Diclofenac ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖
• អ្នកមានប្រតិកម្មនឹងសារធាតុសកម្មក្នុងឱសថ ឬធ្លាប់មានប្រតិកម្មជាមួយឱសថ Aspirin និងឱសថក្នុងក្រុម NSAIDs ដទៃទៀតដូចជា Ibuprofen, Naproxen ឬ Celecoxib ជាដើម
• អ្នកដែលមានជំងឺហឺត ជំងឺថ្លើម បញ្ហាក្រពះពោះវៀន (ហូរឈាម ឬរលាក) ជំងឺបេះដូងសម្ពាធឈាមឡើងខ្ពស់ ជំងឺឈាម និងបញ្ហាតម្រងនោមសុទ្ធសឹងតែទាមទារការពិគ្រោះយោបល់មុនពេលប្រើប្រាស់ឱសថ
• ឱសថ Diclofenac អាចធ្វើឲ្យប្រឈមនឹងបញ្ហាហូរឈាមក្នុងក្រពះកាន់តែខ្ពស់ ក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា
• ចៀសវាងនៅក្រោមពន្លឺថ្ងៃច្រើន ដោយហេតុថាឱសថអាចបង្កជាផលរំខាននានានៅពេលប៉ះជាមួយពន្លឺព្រះអាទិត្យ។ អ្នកអាចលាបឡេការពារកម្ដៅថ្ងៃនិងស្លៀកសម្លៀកបំពាក់ជិតៗនៅពេលចេញទៅខាងក្រៅ
• ការប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវធ្វើឡើងតែក្នុងករណីចាំបាច់បំផុតនិងក្រោមការអនុញ្ញាតរបស់គ្រូពេទ្យតែប៉ុណ្ណោះ។

សម្រាប់ឱសថ Diclofenac ដែលអាចរកបាននៅលើទីផ្សារមានដូចជា៖ Diclofenac Sandoz® , Voltaren® , ឬ Diclofenac Sodium Topical Gel ជាដើម

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់