អ្វីគួរធ្វើ និងមិនគួរធ្វើចំពោះស្រ្តីមានផ្ទៃពោះ ៣ខែដំបូង

អ្នកម្តាយដែលទើបតែមានគភ៌ថ្មីថ្មោង ពិសេសនៅ ៣ខែដំបូង តែងកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះត្រូវមើលថែទាំ និងមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? មានរឿងអ្វីខ្លះដែលគួរចៀសវាង? កិច្ចការងារពីមុនដែលធ្លាប់ធ្វើតើអាចធ្វើបានទៀតឬទេ? ចំណុចសង្ស័យទាំងនេះសុទ្ធតែជារឿងដែលអ្នកពពោះនៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះម៉ោះ‌យើង! មកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។

អ្វីគួរធ្វើ
- បរិភោគអាហារឲ្យបានគ្រប់គ្រាន់និងត្រឹមត្រូវ
ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទី១ ត្រូវបរិភោគអាហារដែលសម្បូរទៅដោយជីវជាតិចម្រុះ ដូចជាប្រភេទសាច់គ្រប់ប្រភេទ ស៊ុត និងត្រីជាដើមដើម្បីបង្កើនប្រូតេអុីន ឯបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិផ្សេងទៀតជួយអ្នកឲ្យទទួលបានសារធាតុសរសៃគ្រប់គ្រាន់។ ម្យ៉ាងទៀតអ្នកត្រូវបរិភោគទឹកឲ្យបានច្រើនដោយបង្កើននូវបរិមាណទឹក ៣០០មិល្លីលីត្រលើបរិមាណធម្មតា ព្រោះវាអាចជួយសម្រួលដល់បញ្ហាទល់លាមកពេលមានគភ៌ រួមជាមួយនឹងជួយសម្រួលមួយផ្នែកលើបញ្ហាក្អួតចង្អោររបស់អ្នកផងដែរ។

- បរិភោគអាហារដែលសម្បូរដោយកាល់ស្យូម
ក្រៅពីអាហារបំប៉នដែលមានកាល់ស្យូម អ្នកត្រូវប្រាកដថាអាហារប្រចាំថ្ងៃរបស់អ្នកក៏សម្បូរទៅដោយកាល់ស្យូមផងដែរ ព្រោះវាមានសារសំខាន់ណាស់ក្នុងការលូតលាស់ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ រួមជាមួយនឹងឥទ្ធិពលក្នុងការជំរុញការកកើតឡើងនូវធ្មេញនិងឆ្អឹងរបស់ទារក។ វាក៏ជួយក្នុងការការពារអ្នកពីបញ្ហាលើសសម្ពាធឈាមក្នុងអំឡុងពេលមានផ្ទៃពោះផងដែរ។ អ្នកគួរបរិភោគទឹកដោះគោ ៦០០មិល្លីលីត្រក្នុងមួយថ្ងៃដើម្បីធានាឲ្យបាននូវបរិមាណកាល់ស្យូមដែលខ្លួនអ្នកត្រូវការ។

- កុំរំលងវីតាមីន D
អ្នកអាចទទួលបានវីតាមីន D ពីផ្នែកលឿងនៃស៊ុតត្រីសាម៉ុង ទឹកដោះគោ ខ្លាញ់ថ្លើមត្រី ឬអាចបានវីតាមីននេះ ពេលហាលថ្ងៃ។ វាអាចជួយរក្សាកម្រិតកាល់ស្យូម និងផូស្វ័រក្នុងខ្លួនអ្នកបាន។ ការខ្វះវីតាមីន D ក្នុងពេលមានផ្ទៃពោះ មិនត្រឹមតែបង្កើនហានិភ័យក្នុងការកើតជំងឺត្រៀមក្រឡាភ្លើងប៉ុណ្ណោះទេ តែវាក៏អាចធ្វើឲ្យកូនរបស់អ្នកខ្វះវីតាមីននៅពេលកើតផងដែរហើយវាអាចបង្កើនហានិភ័យនៃការលូតលាស់មិនប្រក្រតីនៃឆ្អឹង និងពន្យារការលូតលាស់សរីរាង្គកាយរបស់ទារកថែមទៀត។

- បង្កើនបរិមាណអាស៊ីតខ្លាញ់ Omega-3
អាស៊ីតខ្លាញ់ប្រភេទនេះ មានសារសំខាន់ណាស់ចំពោះការលូតលាស់ខួរក្បាលរបស់ទារក ប្រព័ន្ធសរសៃប្រសាទ និងភ្នែក។ ត្រីជាប្រភពចម្បងដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ Omega-3។

- លេបថ្នាំជាតិដែក និងអាស៊ីត Folic ឲ្យបានទៀងទាត់
អាស៊ីត Folic មានសារសំខាន់ក្នុងអំឡុងពេលមុននិងពេលមានផ្ទៃពោះថ្មីៗព្រោះវាជួយក្នុងការលូតលាស់ឆ្អឹងកងខ្នងនិងកោសិកាប្រសាទរបស់ទារក។ កង្វះសារធាតុនេះ អាចធ្វើឲ្យឆ្អឹងកងខ្នងរបស់ទារកលូតលាស់ខុសប្រក្រតី។ សម្រាប់ស្រ្តីជាម្តាយ អាស៊ីត Folic ជួយនៅក្នុងការផលិតគ្រាប់ឈាមដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាម។ កម្រិតជាតិដែក ដែលស្ត្រីធម្មតាត្រូវការគឺ ២១មិល្លីក្រាមក្នុងមួយថ្ងៃឯស្ត្រីមានផ្ទៃពោះត្រូវការដល់ទៅ ៣៥មិល្លីក្រាមក្នុងថ្ងៃ។ ជាតិដែកដែលអ្នកត្រូវលេបត្រូវបានប្រើប្រាស់ក្នុងការបង្កើតគ្រាប់ឈាមរបស់ទារក និងរក្សាកម្រិតជាតិដែកក្នុងខ្លួនម្តាយឲ្យស្ថិតក្នុងកម្រិតធម្មតា។

- គេងឲ្យបានគ្រប់គ្រាន់
ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមានបញ្ហាចង្អោរ ក្អួតវិលមុខ និងក្រហាយទ្រូង ពិសេសអំឡុងពេលត្រីមាសទី១។ ដូច្នោះ ការគេងឲ្យបានគ្រប់គ្រាន់និងពីព្រលប់នោះគឺពិតជាមានសារសំខាន់ណាស់ចំពោះស្រ្តីមានផ្ទៃពោះ។ ដោយហេតុថា ការគេងឲ្យបានគ្រប់គ្រាន់រយៈពេល ៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃអាចជួយឲ្យអ្នកម្តាយ និងកូននៅក្នុងផ្ទៃមានសុខភាពល្អ ព្រមទាំងជួយឲ្យម្តាយមានកម្លាំង។ បន្ថែមពីនេះ ការគេងថ្ងៃខ្លះនៅពេលអ្នកអស់កម្លាំងវាពិតជាពិបាកធ្វើការណាស់ដូច្នេះយកល្អគួរតែគេងថ្ងៃ ១៥នាទី ប្រសិនបើអ្នកនៅកន្លែងធ្វើការ ចូរស្វែងរកកន្លែងមួយដែលអាចបិទទ្វារបានហើយគេង ។

- ការធ្វើលំហាត់ប្រាណ
"តើខ្ញុំហាត់ប្រាណទៀងទាត់អំឡុងពេលមានផ្ទៃពោះទេ?" ពិតណាស់! ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់អាចជួយអ្នកប្រយុទ្ធប្រឆាំងនឹងអារម្មណ៍ធុញថប់ ការប្រែប្រួលអ័រម៉ូន ភាពអស់កម្លាំង ទប់ស្កាត់ការឡើងទម្ងន់ និងការគេងមិនលក់ដែលអាចកើតឡើងក្នុងត្រីមាសទី១នៃការមានផ្ទៃពោះ។ ដោយលោកអ្នកគ្រាន់តែធ្វើការដើរពី ១៥ ទៅ ២០នាទីអាចជួយបង្កើនថាមពលក្នុងខ្លួននៅពេលអ្នកអស់កម្លាំងបានផងដែរ។

អ្វីមិនគួរធ្វើ
- មានអារម្មណ៍តានតឹង
កម្រិតនៃភាពតានតឹងខ្ពស់អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពទារកដែលមិនទាន់កើត និងបង្កើនឱកាសនៃការរលូតកូន។ ភាពតានតឹង ឬការធ្លាក់ទឹកចិត្តជំរុញការផលិតសារធាតុគីមី និងអ័រម៉ូនមួយចំនួននៅក្នុងខ្លួនអ្នកដែលអាចរារាំងសរសៃឈាមក្នុងការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ស្បូន ព្រមទាំងប៉ះពាល់ដល់ការលូតលាស់របស់ទារកផងដែរ។

- ជក់បារី
តើអ្នកកំពុងជក់បារីមែនទេ? ឥលូវនេះអ្នកគួរបញ្ឈប់ជាបន្ទាប់ ពីព្រោះបារីអាចប៉ះពាល់ដល់សុខភាពរបស់អ្នក ពិសេសកូននៅក្នុងផ្ទៃ។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) បានបង្ហាញថា ស្រ្តីដែលជក់បារីអំឡុងពេលមានផ្ទៃពោះអាចប្រឈមកាន់តែខ្លាំងនឹងទារកកើតមកឆែបមាត់ ឬឆែបក្រអូម ព្រមទាំងបង្កើនការប្រឈមនឹងបញ្ហាសុខភាពជាច្រើនរួមទាំងការរលូតកូន បញ្ហានៅសុក និងសម្រាលមិនគ្រប់ខែ ព្រមទាំងបន្ថយការលូតលាស់របស់កូន អាចធ្វើឲ្យខូចខួរក្បាល និងសួតរបស់ទារក និងបង្កើនការប្រឈមនឹងកូនស្លាប់ក្នុងផ្ទៃផងដែរ។

- ពិសាគ្រឿងស្រវឹង
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) ការពិសាគ្រឿងស្រវឹងអំឡុងពេលមានផ្ទៃពោះ ពិសេសអំឡុងពេល ៣ខែដំបូងវាក៏អាចឲ្យទារកលូតលាស់មិនបានល្អ កូនកើតមកមិនគ្រប់លក្ខណៈ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលរបស់ទារក។ ក្នុងករណីនេះផងដែរវាអាចបង្កើនការប្រឈមនឹងកូនកើតមកមិនគ្រប់ទម្ងន់ ព្រមទាំងមានបញ្ហាដល់ការរៀនសូត្រនិយាយ យកចិត្តទុកដាក់ និងរពឹសខ្លាំងខុសធម្មតាដែរ។ មកទល់សព្វថ្ងៃនេះមិនទាន់មាននរណាដឹងច្បាស់នៅឡើយថាតើគ្រឿងស្រវឹងអាចផ្តល់គ្រោះថ្នាក់ខ្លាំងកម្រិតណាលើទារកក្នុងផ្ទៃនោះទេ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះ ត្រូវតែតមគ្រឿងស្រវឹងទាំងនេះ ដើម្បីសុវត្ថិភាពកូនរបស់អ្នក។

- បរិភោគជាតិកាហ្វេអុីនច្រើន
ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំជាតិកាហ្វេអុីនខ្ពស់អាចប្រឈមទៅនឹងការរលូតកូន ព្រមទាំងបញ្ហានៃការមានផ្ទៃពោះផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ ជាតិកាហ្វេអុីនក៏អាចប៉ះពាល់ដល់សុក និងដំណើរការបេះដូងរបស់ទារកដែរ។ ផ្ទុយទៅវិញ ជាតិកាហ្វេអុីន អាចនឹងមិនប៉ះពាល់ផងដែរ ប្រសិនបើអ្នកម្តាយទទួលទានសារជាតិនេះមិនឲ្យច្រើនជាង២០០ក្រាម ឬ២ពែងក្នុងមួយថ្ងៃនោះ។

- ញុំាសាច់ឆៅ និងអាហារសមុទ្រ
ស្ត្រីមានផ្ទៃពោះ ពិសេសត្រីមាសទី១ ដែលបរិភោគសាច់ឆៅ និងស៊ុតឆៅអាចប្រឈមនឹងហានិភ័យនៃការរលូតកូន ទារកកើតមកមិនគ្រប់លក្ខណៈពិសេសប្រភេទមេរោគឆ្លងដូចជា Listeria និង Toxoplasma ដែលអាចនាំឲ្យមានជំងឺធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិតបានថែមទៀតផង។ អាហារសមុទ្រ សម្បូរទៅដោយសារធាតុបារ៉ត ដែលអាចបំផ្លាញការលូតលាស់នៃប្រព័ន្ធសរសៃប្រសាទនិងអាចពន្យឺតការលូតលាស់ព្រមទាំងបំផ្លាញខួរក្បាលរបស់ទារក។

ត្រីមាសទីមួយជាពេលវេលាសំខាន់ក្នុងអំឡុងពេលមានផ្ទៃពោះព្រោះអ្នកជាម្តាយត្រូវធ្វើការប្រុងប្រយ័ត្នខ្លាំងដើម្បីធានាឲ្យបានពីការគំរាមរលូតក្នុងដំណាក់កាលនេះ។ ដូចនេះ ការស្វែងយល់ពីអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើគឺពិតជាមានសារសំខាន់ណាស់សម្រាប់អ្នក។

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់