៥ យ៉ាងជំនួយស្បែកឡើងវិញក្រោយត្រូវកម្ដៅថ្ងៃ

អាកាសធាតុមិនប្រក្រតីរួមទាំងកម្ដៅកើនឡើងជារៀងរាល់ថ្ងៃបណ្តាលឲ្យមានលំនាំអាកាសធាតុមិនអំណោយផលសម្រាប់អ្នករាល់គ្នា។ សីតុណ្ហភាពអាចឡើងដល់ ៤៥ ដឺក្រេ ដែលក្នុងកម្រិតនេះ វាអាចបង្កភាពគ្រោះថ្នាក់ខ្លាំងនិងបំផ្លាញដល់ស្បែករបស់អ្នក។ ការប៉ះពាល់ទៅនឹងកម្ដៅអាចនាំឲ្យមានផលប៉ះពាល់អវិជ្ជមានផ្សេងៗដល់សុខភាព និងរាងកាយរបស់អ្នកដែលផលវិបាកធ្ងន់ធ្ងរក្នុងចំណោមនោះគឺជាជំងឺមហារីកស្បែក និងបញ្ហាស្បែកជាច្រើនទៀត។ ដើម្បីចៀសវាងពីការបំផ្លាញដល់ស្បែក អ្នកអាចអនុវត្តតាមគន្លឹះខាងក្រោមបន្ទាប់ពីនៅក្រោមពន្លឺព្រះអាទិត្យ និងកម្ដៅថ្ងៃជាប្រចាំ។ 

១. ងូតទឹកត្រជាក់
ងូតទឹកត្រជាក់ជាវិធីសាស្រ្តមួយដើម្បីធ្វើឲ្យស្បែករបស់អ្នកមានសំណើមឡើងវិញបន្ទាប់ពីនៅក្រោមកម្ដៅពេញមួយថ្ងៃ។ ជាក់ស្ដែងការងូតទឹកអាចជួយសម្អាតស្បែករបស់អ្នក (ជាពិសេសលើផ្ទៃមុខ) សម្អាតញើស កម្ចាត់កោសិកាស្បែកដែលស្លាប់ ធូលី និងបាក់តេរីលើស្បែករបស់អ្នកផងដែរ។ បន្ថែមពីការងូតទឹក អ្នកអាចប្រើប្រាស់ផលិតផលមួយចំនួនដែលមានសារធាតុជំនួយផ្សេងទៀត ជាពិសេសនៅលើស្បែកមុខ និងលើដងខ្លួនទូទៅ។

២. ប្រើប្រាស់ផលិតផលផ្ដល់ជាតិសំណើម
ប្រើប្រាស់ផលិតផលផ្ដល់ជាតិសំណើមនឹងបន្ថែមស្រទាប់ការពារស្បែកពីពន្លឺកាំរស្មី UV និងអាចរក្សាទុកជាតិសំណើមក្នុងស្បែករបស់អ្នកបានយូរ។ អ្នកគួរជ្រើសរើសផលិតផលផ្ដល់ជាតិសំណើមជាពិសេសដែលស័ក្តិសមទៅនឹងប្រភេទស្បែកមុខរបស់អ្នកដោយអាចប្រើវាជារៀងរាល់ថ្ងៃបន្ទាប់ពីងូតទឹកឬបន្ទាប់ពីអ្នកកោរពុកមាត់ ព្រោះវាជាពេលវេលាដ៏ល្អនៅពេលដែលស្បែករបស់អ្នកកំពុងតែសើម។ ជាក់ស្ដែង គុណសម្បត្តិនៃការប្រើប្រាស់ផលិតផលផ្ដល់ជាតិសំណើមមានដូចជា ប្រឆាំងនឹងភាពចាស់ ការពារពីការបាត់បង់ជាតិទឹក សារធាតុកង្វក់ ឬការឆ្លងមេរោគ ស្ដារស្ថានភាពស្បែកឡើងវិញ និងធ្វើឲ្យប្រសើរឡើងនៃស្នាមជ្រួញជាដើម។  

៣. ប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃ
ដូចទៅនឹងផលិតផលផ្ដល់ជាតិសំណើមដែរ ឡេការពារកម្តៅថ្ងៃអាចការពារស្បែកអ្នកពីពន្លឺកាំរស្មី UV និងការបំផ្លាញស្បែករបស់អ្នក។ ជាក់ស្ដែង ក្រែមការពារកម្តៅព្រះអាទិត្យគួរត្រូវប្រើនៅពេលដែលអ្នកចេញក្រោមពន្លឺព្រះអាទិត្យ និងអាចប្រើប្រាស់ញឹកញាប់ពេលដែលអ្នកនៅក្រោមពន្លឺព្រះអាទិត្យច្រើន។ ម្យ៉ាងវិញទៀត ឡេការពារកម្តៅថ្ងៃភាគច្រើន ក៏មានរួមបញ្ចូលនូវសារធាតុសំណើមផងដែរ។

៤. ញ៉ាំឲ្យបានត្រឹមត្រូវ
ការប្រើប្រាស់ផលិតផលនានាគ្រាន់តែជាវិធីសាស្រ្តមួយផ្នែកសម្រាប់ស្បែកមុខរបស់អ្នកតែប៉ុណ្ណោះ ដោយអ្នកក៏គួរយកចិត្តទុកដាក់លើការញ៉ាំអាហារដែលផ្ដល់គុណប្រយោជន៍សម្រាប់ស្បែករបស់អ្នកផងដែរ។ អាហារជំនួយស្បែកទាំងនោះមានដូចជា ត្រីសម្បូរខ្លាញ់ ផ្លែបឺរ គ្រាប់ផ្កាឈូករ័ត្ន ដំឡូងផ្អែម ម្ទេសក្រហមឬលឿង ប៉េងប៉ោះ សណ្តែក សូកូឡាខ្មៅ និងតែបៃតងជាដើម។ ត្រូវចាំថា អ្វីដែលអ្នកញ៉ាំអាចមានឥទ្ធិពលយ៉ាងខ្លាំងលើសុខភាពស្បែករបស់អ្នក។ អ្នកត្រូវប្រាកដថាអ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីការពារស្បែករបស់អ្នកឲ្យមានសុខភាពល្អ។

៥. ពិសាទឹកឲ្យបានច្រើន
វិធីងាយបំផុតក្នុងការចិញ្ចឹមបីបាច់ស្បែករបស់អ្នកគឺបរិភោគទឹកឲ្យបានច្រើនក្នុងមួយថ្ងៃ។ ការផឹកទឹកផ្តល់ការចិញ្ចឹមដល់ស្បែកពីខាងក្នុង និងរក្សាស្បែកឲ្យមានសភាពទន់។ ដោយឡែក ការខ្វះជាតិទឹកនឹងបង្កឲ្យស្បែកប្រែជាស្ងួត និងអាចប្រេះ ថែមទាំងរួមចំណែកធ្វើឲ្យកើតមុនផងដែរ។

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់