ការដកថ្គាមទាល់អាចប៉ះពាល់កូនក្នុងផ្ទៃឬទេ?

ថ្គាមទាល់តែងតែត្រូវបានគ្រូពេទ្យជំនាញណែនាំឲ្យដកចេញជាដាច់ខាត ទោះបីជាមិនឈឺ ឬមានអាការៈឈឺចាប់យ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ហើយកំពុងមានការឈឺចាប់ខ្លាំងវិញនោះ តើអ្នកគួរដកចេញដែរឬទេ?

សំណួរ៖ ខ្ញុំមានអាយុ ២៥ឆ្នាំ ភេទស្រី អំឡុងពេលនេះខ្ញុំកំពុងមានផ្ទៃពោះប្រាំពីរខែហើយខ្ញុំឈឺថ្គាមទាល់ខ្លាំងណាស់។​ តើខ្ញុំអាចធ្វើការដកថ្គាមនេះចេញបានទេ? តើវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទេ?

ចម្លើយ៖ ក្នុងករណីដែលប្អូនឈឺថ្គាមទាល់ខ្លាំង ក្នុងអំឡុងពេលមានផ្ទៃពោះប្រាំពីរខែប្អូនគួរតែមកពិនិត្យ និងពិគ្រោះយោបល់ជាមួយទន្តបណ្ឌិតជំនាញ ព្រោះក្នុងករណីខ្លះទន្តបណ្ឌិតអាចមិនធ្វើការវះកាត់ភ្លាមៗនោះទេ ប៉ុន្តែទន្តបណ្ឌិតនឹងមានវិធីបន្ថយការឈឺចាប់ហើយរង់ចាំសម្រាលរួចរាល់ជាមុនសិនព្រោះថា ៣ខែដំបូងនៃការមានផ្ទៃពោះ ឬត្រីមាសដំបូងគឺជាដំណាក់កាលសំខាន់នៃការលូតលាស់របស់គភ៌។ យើងមិនអាចផ្តល់ដំបូន្មានក្នុងការដកធ្មេញក្នុងអំឡុងពេលនេះឡើយ ព្រោះឱសថមួយចំនួនធ្វើការរារាំងដល់ការលូតលាស់របស់ទារក។ រយៈពេលដែលមានសុវត្ថិភាពបំផុតសម្រាប់ការដកធ្មេញគឺត្រីមាសទី ២ចាប់ពី ៤ទៅ៦ខែ ព្រោះនេះគឺជាដំណាក់កាលដែលទារកកំពុងលូតលាស់ ដូច្នេះប្រសិនបើមានការចាំបាច់ក្នុងការដកធ្មេញថ្គាមទាល់ក្នុងអំឡុងពេលនេះគឺ មិនមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃពោះនោះទេ។ ក៏ប៉ុន្តែចាប់ពីខែទី៧ ដល់ពេលសម្រាលគឺត្រីមាសទី៣ ជាដំណាក់កាលគ្រោះថ្នាក់កើនឡើងក្នុងការវះកាត់ធ្មេញ។ ដំណាក់កាលនេះគឺមិនអាចធ្វើការវះកាត់នោះទេដោយសារម្តាយដែលមានផ្ទៃពោះមិនអាចអង្គុយ ឬគេងក្នុងទីតាំងដែលត្រូវបានតម្រូវ។ ការព្យាបាលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ និងទារកដោយសារការរាំងស្ទះចរន្តឈាមទៅកាន់បេះដូងព្រោះតែទម្ងន់ធ្ងន់សង្កត់ទៅលើសរសៃឈាម។ ទន្តបណ្ឌិតភាគច្រើននឹងមិនធ្វើការវះកាត់ក្នុងអំឡុងពេលនេះទេគឺរង់ចាំការសម្រាលរួចជាមុនសិន។ ករណីចាំបាច់បំផុតការដកធ្មេញថ្គាមទាល់អាចធ្វើទៅបានដោយមិនមានប៉ះពាល់ដល់ទារកក្នុងផ្ទៃទេ ប៉ុន្តែរយៈពេលនៃការវះកាត់ត្រូវធ្វើឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយទីតាំងក្នុងការអង្គុយ ឬគេងត្រូវធានាថាមិនប៉ះពាល់។

បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់