ក្រុមហ៊ុន សារ៉ាយ៉ាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «វិធីសាស្រ្តលាងសម្អាតដៃដែលត្រឹមត្រូវ» ដើម្បីកាត់បន្ថយការចម្លងមេរោគក្នុងមូលដ្ឋានវិស័យ សុខាភិបាលនៅកម្ពុជា

នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន សារ៉ាយ៉ាកម្ពុជា ដែលជាក្រុមហ៊ុនមួយផ្តោតសំខាន់ទៅលើអនាម័យបានរៀបចំនូវសិក្ខាសាលាស្តីអំពី «វិធីសាស្រ្តលាងសម្អាតដៃដែលត្រឹមត្រូវដើម្បីកាត់បន្ថយការចម្លងមេរោគក្នុងមូលដ្ឋានវិស័យសុខាភិបាលនៅកម្ពុជា» នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

សិក្ខាសាលានេះមានរយៈពេលមួយព្រឹក ដោយមានការចូលរួមពីសំណាក់ លោក Ryu Matsumoto នាយកគ្រប់គ្រងក្រុមហ៊ុន សារ៉ាយ៉ាកម្ពុជា លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គ្រូពេទ្យ និងភ្ញៀវកិត្តិយសយ៉ាងច្រើនជាពិសេសវាគ្មិនដែលមានបទពិសោធន៍ដែលបានបកស្រាយពីរបៀបនៃការធ្វើអនាម័យដៃយ៉ាងត្រឹមត្រូវ ក៏ដូចជាផលប៉ះពាល់នៃកង្វះខាតនៃការធ្វើអនាម័យនេះ។ ដោយមើលឃើញពីកង្វះខាតនៃការធ្វើអនាម័យដៃរបស់ប្រជាពលរដ្ឋខ្មែរទើបក្រុមហ៊ុន សារ៉ាយ៉ា បានធ្វើការរិះរក និងលើកកម្ពស់នូវអនាម័យជុំវិញពិភពលោក ពិសេសផ្តោតសំខាន់ទៅលើអនាម័យផ្នែកវិស័យសុខាភិបាលតែម្តង។

នាឱកាសនេះដែរ លោក Ryu Matsumoto នាយកគ្រប់គ្រងក្រុមហ៊ុន សារ៉ាយ៉ាបានមានប្រសាសន៍ថា ក្រុមហ៊ុន សារ៉ាយ៉ា មានគោលដៅធ្វើយ៉ាងណាឲ្យអនាម័យលើពិភពលោក ពិសេសកម្ពុជាមានភាពប្រសើរឡើង ហើយដើម្បីសម្រេចបាននូវសមិទ្ធផលនេះ ក្រុមហ៊ុនសារ៉ាយ៉ាបានពង្រីក និងពង្រឹងដៃគូដល់ទៅ ២៥ប្រទេសសម្រាប់ផ្គត់ផ្គង់ផលិតផល។

ដោយឡែក កញ្ញា UMEZAWA បានលើកឡើងក្នុងបទបង្ហាញផងដែរថា ក្នុងឆ្នាំ២០១៥ មានអ្នកជំងឺ ៣២៦៣នាក់ ដែលចូលមន្ទីរពេទ្យក្នុងនោះមានអ្នកជំងឺ១០២នាក់ បានឆ្លងមេរោគ HAI (មេរោគដែលឆ្លងពេលនៅមន្ទីរពេទ្យ ដោយកង្វះអនាម័យដៃ)។ អត្រានៃការឆ្លង ៤.៦ ក្នុងចំណោមអ្នកជំងឺ ១០០០នាក់ក្នុងមួយថ្ងៃ ហើយចំពោះការព្យាបាល HAI គឺអ្នកជំងឺត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យរហូតដល់ ២៥ថ្ងៃ ខណៈដែលអ្នកមិនឆ្លងសម្រាកត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។ កញ្ញាក៏បានបន្ថែមទៀតថា ក្នុងពិភពលោកនឹងមានអ្នកជំងឺស្លាប់ប្រមាណ ១០លាននាក់ នៅឆ្នាំ២០៥០ ដោយសារការឆ្លងជំងឺ HAI នេះ ហើយអត្រា GDP ក៏ធ្លាក់ចុះពី ២ភាគរយ ទៅ៣.៥ភាគរយ បើសិនគ្មានវិធានការចំពោះការធ្វើអនាម័យដៃឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន សារ៉ាយ៉ា ត្រូវបានបង្កើតឡើងនៅទីក្រុង Osaka ក្នុងឆ្នាំ១៩៥២ ដោយក្រុមហ៊ុនបានបង្កើតនូវសាប៊ូទឹកដើម្បីទប់ស្កាត់ការចម្លងរោគជាច្រើន ពិសេសក្រុមហ៊ុន សារ៉ាយ៉ា មានការរីកចម្រើន និងក្លាយជាក្រុមហ៊ុនលេខ១ នៅក្នុងវិស័យអនាម័យនៅប្រទេសជប៉ុនផងដែរ។

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់