សិទ្ធិក្នុងការបញ្ចេញយោបល់និងការចូលរួម

អតិថិជនដែលជាអ្នកជំងឺក៏អាចមានសិទ្ធិក្នុងការបញ្ចេញយោបល់ និងការចូលរួមជាមួយអ្នកប្រកបវិជ្ជាជីវសុខាភិបាលផងដែរក្រៅពីសិទ្ធិជាច្រើនដែលពួកគេទទួលបាន។

តើគោលគំនិតគន្លឹះចំពោះសិទ្ធិក្នុងការបញ្ចេញយោបល់ និងការចូលរួមមានអ្វីខ្លះ?
អតិថិជនមានសិទ្ធិក្នុងការបញ្ចេញមតិយោបល់ទាក់ទងទៅនឹងសេវាថែទាំព្យាបាលដែលគេបានទទួលកន្លងមក។
អតិថិជនមានសិទ្ធិក្នុងការតវ៉ា ឬប្តឹងនូវរាល់កំហុសឆ្គងដែលបង្កឡើងដោយអ្នកផ្តល់សេវា។
• អតិថិជនមានសិទ្ធិក្នុងការចូលរួមតាមរយៈតំណាងដែលគេបានជ្រើសតាំងសម្រាប់ការធ្វើផែនការ និងវាយតម្លៃសេវាសុខាភិបាល និងផ្តល់យោបល់អំពីគុណភាព និងលក្ខណៈដែលសេវាបានផ្តល់កន្លងមក។

តើការអនុវត្តចំពោះសិទ្ធិក្នុងការបញ្ចេញយោបល់និងការចូលរួមមានអ្វីខ្លះ?
អ្នកផ្តល់សេវាសុខភាពត្រូវចាត់ទុកថា មតិយោបល់របស់អតិថិជន ឬអ្នកតំណាងរបស់គាត់ជាព័ត៌មានត្រឡប់ប្រកបដោយស្ថាបនាសម្រាប់ខ្លួនឯងផង និងមូលដ្ឋានសុខាភិបាលផង។
អ្នកផ្តល់សេវាសុខភាពត្រូវប្រើប្រាស់ប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ឲ្យបានទៀងទាត់ និងទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។
អ្នកផ្តល់សេវាសុខភាពត្រូវបង្កើត និងលើកកម្ពស់បរិយាកាសមួយដែលគាំទ្រដល់បរិយាកាសព័ត៌មានត្រឡប់របស់អតិថិជននិងការធ្វើការតាមដានទៀងទាត់នូវវិធានការ ឬសកម្មភាពទាំងនេះ។
គណៈកម្មការដែលតំណាងឲ្យសហគមន៍ត្រូវមានតួនាទីយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានត្រឡប់និងតាមដាននូវសកម្មភាពផ្តល់ព័ត៌មានត្រឡប់។
រាល់ការប្តឹងតវ៉ាទាំងឡាយត្រូវមានភស្តុតាងច្បាស់លាស់សម្រាប់បង្ហាញទៅអាជ្ងាធរពាក់ព័ន្ធ ឬគណៈកម្មការដែលតំណាងឲ្យសហគមន៍។
អ្នកតំណាងសហគមន៍ និងអង្គការសង្គមស៊ីវិលអាចផ្តល់ជាជំនួយការដល់អតិថិជនបាននៅពេលដែលគេចង់ប្តឹងតវ៉ាចំពោះអ្នកគ្រប់គ្រងមូលដ្ឋានសុខាភិបាល និងបុគ្គលិកសុខាភិបាលត្រូវសហការជាមួយអតិថិជនក្នុងការផ្តល់ព័ត៌មានពិតប្រាកដទាក់ទងទៅនឹងភស្តុតាងដែលត្រូវការ។

តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការបញ្ចេញយោបល់ និងការចូលរួមមានអ្វីខ្លះ?
អតិថិជនត្រូវទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានត្រឡប់ពិតប្រាកដទៅអ្នកផ្តល់សេវាសុខាភិបាលដោយខ្លួនឯងផ្ទាល់ ឬតាមរយៈបងប្អូន ញាតិមិត្ត ឬតាមរយៈគណៈកម្មការដែលជាតំណាងរបស់ខ្លួន។
អតិថិជនត្រូវទទួលខុសត្រូវក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដែលតំណាងឲ្យសំឡេងរបស់ខ្លួនពិតប្រាកដ និងការពារផលប្រយោជន៍ឲ្យខ្លួនទាក់ទងទៅនឹងការផ្តល់សេវាសុខាភិបាល។
អតិថិជន និងតំណាងរបស់ខ្លួនត្រូវទទួលខុសត្រូវការតាមដាននូវបញ្ហាទាំងឡាយដែលបានផ្តល់ព័ត៌មានត្រឡប់ទៅអ្នកផ្តល់សេវាសុខភាព។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់