ស្រ្តីឈឺចាប់ពេលមករដូវគួរត្រូវបានណែនាំបែបណាខ្លះ?

ការឈឺចាប់អំឡុងពេលមករដូវ អាចជាផលរំខានមួយប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងអាចកើតមានឡើងជាប្រចាំ ដែលជាទូទៅការប្រើប្រាស់ឱសថដោយខ្លួនឯងត្រូវបានអនុវត្ដឡើងសម្រាប់សម្រួលដល់ការឈឺចាប់ទាំងនោះ។

អ្វីគួរដឹង?
តាមការសិក្សាបានបង្ហាញថា ការឈឺចាប់ផ្នែកពោះអំឡុងពេលមករដូវ អាចកើតមានឡើងបន្តបន្ទាប់ជារៀងរាល់ខែ យ៉ាងហោចណាស់ទៅលើស្រ្តីប្រមាណ ៣០% ទៅ៥០%។ ភាគច្រើនការប្រើប្រាស់ឱសថជាវិធីសាស្រ្តចម្បងមួយសម្រាប់កាត់បន្ថយការឈឺចាប់ទាំងនោះ។

លក្ខណៈនៃការឈឺចាប់
តែងកើតឡើងទៅតាមវដ្ដរដូវរៀងរាល់ខែ ដែលអាចហៅថា វដ្តអូវុល។
ភាគច្រើនកើតឡើងនៅរៀងរាល់ថ្ងៃទី១នៃការមករដូវ
អាចស្ដែងឡើងរយៈពេលពី ២៤ ទៅ ៣៦ ម៉ោង
• អាចរួមបញ្ចូលជាមួយវិបត្តិប្រព័ន្ធរំលាយអាហារដូចជា ចង្អោរ ក្អួត ទល់លាមក ឬរាក
អាចធ្វើឲ្យស្លេកស្លាំង ឬឈឺចង្កេះ។

បទពិសោធន៍នៃការឈឺចាប់បណ្តាលមកពីវដ្ដរដូវ តែងប្រែប្រួលពីស្រ្តីម្នាក់ទៅម្នាក់ទៀត ដោយពាក់ព័ន្ធទៅនឹងកត្តាសុខភាពផ្ទាល់ខ្លួនប្រវត្តិសមាជិកគ្រួសារ រួមទាំងសង្គម និងបរិយាកាសផងដែរ។ 

អ្វីគួរធ្វើ?
ឱសថការីអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរុករកមូលហេតុបន្ថែមនៅពីក្រោយការឈឺចាប់ ដែលអាចបណ្តាលមកពី ការឈឺចាប់ផ្នែកអារម្មណ៍ គ្រួសារ បញ្ហាផ្លូវភេទ ទំនោរនៃការធ្លាក់ទឹកចិត្តជាដើម។
ចំពោះនារីវ័យក្មេង៖ ការព្យាបាលភាពរំខានទាំងនេះ អាចធ្វើទៅបានដោយកាត់បន្ថយការបញ្ចេញខ្លាំងពេកនៃសារធាតុ ប្រូស្តាក្លេនឌីន ដែលតែងកើតមានឡើងនៅពេលភ្នាសស្បូនចាប់ផ្ដើមដាច់ចេញ។ ការកើនឡើងសារធាតុប្រូស្តាក្លេនឌីន នេះជាមូលហេតុធ្វើឲ្យស្បូនកន្រ្តាក់កាន់តែខ្លាំង។

ដំបូន្មានបន្ថែម៖
អាចប្រើប្រាស់ឱសថដែលមានសកម្មភាពទៅបន្ថយសារធាតុ ប្រូស្តាក្លេនឌីន នៅក្នុងក្រុម Anti-inflammatoire non stéroïdien មានឈ្មោះដូចជា៖ Ibuprofène 200mg (Boerhinger), Ibualgic (EG Labo) ឬ Upfen 200mg (UPSA)។ អាចប្រើម្ដង ១ ទៅ ២គ្រាប់ បីដងក្នុងមួយថ្ងៃ ដោយមិនឲ្យលើសពី ៦គ្រាប់។ ករណីខ្លះអាចប្រើប្រាស់ ៤៨ម៉ោង មុនពេលមករដូវ។
ប្រសិនការឈឺចាប់ក្នុងកម្រិតកាន់តែធ្ងន់ធ្ងរ អាចបន្ថែមជាមួយឱសថកាត់បន្ថយការកន្រ្តាក់៖ Spasfon (Lafon) ចំនួន ២គ្រាប់។ 

ប្រភពយោង៖​ Le Vademecum de la Médication officinale

អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់