សូមកុំមើលរំលងសញ្ញាដំបូងនៃជំងឺមហារីកឈាមដ៏កាចសាហាវ

ជំងឺមហារីកឈាម ឬភាសាបច្ចេកទេសហៅថា Leukemia គឺជាមហារីកនៃជាលិកាបង្កើតឈាម រួមបញ្ចូលទាំងខួរឆ្អឹងខ្នង និងប្រព័ន្ធទឹករងៃ។ ជំងឺមហារីកឈាមជាធម្មតាពាក់ព័ន្ធនឹងកោសិកាឈាមស។ ខួរឆ្អឹងខ្នងរបស់អ្នកជំងឺមហារីកឈាម គឺផលិតកោសិកាឈាមសមិនធម្មតាដែលមិនអាចបំពេញមុខងារបានល្អ និងមិនអាចការពាររាងកាយប្រឆាំងនឹងការបង្ករោគ។ ចំពោះការព្យាបាលជំងឺមហារីកឈាមគឺវាអាស្រ័យនឹងប្រភេទនៃមហារីកឈាមនិងកត្តាផ្សេងទៀតជាច្រើន។

មូលហេតុ និងកត្តាហានិភ័យ
អ្នកវិទ្យាសាស្ត្រមិនទាន់អាចបញ្ជាក់បានអំពីមូលហេតុពិតប្រាកដដែលបង្កជាជំងឺមហារីកឈាមឡើយ។ វាហាក់ដូចជាវិវឌ្ឍមកពីកត្តារួមគ្នានៃហ្សែន និងបរិស្ថាន (វិទ្យុសកម្ម)។ ម៉្យាងវិញទៀត ជំងឺមហារីកឈាមកើតមានឡើងអាស្រ័យនឹងកត្តារួមផ្សំខាងក្រោម៖
- បញ្ហាហ្សែន៖ ហ្សែនខុសធម្មតាហាក់ដើរតួនាទីក្នុងការវិវឌ្ឍនៃជំងឺមហារីកឈាម ដែលបញ្ហាហ្សែនទាំងនោះមានដូចជា Down syndrome។
- ប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីកឈាម៖ ប្រសិនសមាជិកណាមួយនៃគ្រួសាររបស់អ្នកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកឈាម នោះហានិភ័យរបស់អ្នកអាចត្រូវបានកើនឡើង។
- ការជក់បារី៖ អាចបង្កើនហានិភ័យនៃជំងឺមហារីកឈាមស្រួចស្រាវ (Acute myelogenous leukemia)។
- ការប្រឈមនឹងសារធាតុគីមី៖ ការប៉ះពាល់ជាមួយសារធាតុគីមីមួយចំនួនដូចជា បង់ហ្សែន (Benzene) ដែលត្រូវបានរកឃើញនៅក្នុងប្រេងឥន្ទនៈនិងត្រូវបានប្រើក្នុងរោងចក្រគីមី គឺវាទាក់ទងនឹងហានិភ័យនៃជំងឺមហារីកឈាមប្រភេទខ្លះ។
- ការព្យាបាលមហារីកពីមុន៖ អ្នកដែលធ្លាប់ព្យាបាលដោយថ្នាំគីមី ឬបាញ់កាំរស្មីក្នុងការព្យាបាលជំងឺមហារីក មានការកើនឡើងនូវហានិភ័យនៃការវិវឌ្ឍទៅជាប្រភេទជំងឺមហារីកឈាមមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនដែលមានកត្តាហានិភ័យខាងលើអាចនឹងមិនកើតជំងឺមហារីកឈាមឡើយហើយមនុស្សមួយចំនួនផ្សេងទៀតដែលមានជំងឺមហារីកឈាមអាចនឹងគ្មាននូវហានិភ័យខាងលើ។

ចំណាត់ថ្នាក់នៃជំងឺមហារីកឈាម
គ្រូពេទ្យឯកទេសបានបែងចែកចំណាត់ថ្នាក់នៃជំងឺមហារីកឈាមដោយផ្អែកលើ៖
១. ល្បឿននៃការវិវឌ្ឍ
- ជំងឺមហារីកឈាមស្រួចស្រាវ៖ កោសិកាឈាមខុសធម្មតាគឺជាកោសិកាឈាមដែលមិនពេញវ័យ (Blasts)។ កោសិកាឈាមនេះ មិនអាចបំពេញមុខងារធម្មតារបស់ខ្លួនបានទេ ហើយវាបំបែកខ្លួនយ៉ាងលឿន ដូច្នេះស្ថានភាពជំងឺនឹងកាន់តែអាក្រក់ឆាប់រហ័ស។ មហារីកឈាមស្រួចស្រាវទាមទារការព្យាបាលឲ្យទាន់ពេលវេលា។
- ជំងឺមហារីកឈាមរ៉ាំរ៉ៃ៖ មហារីកឈាមរ៉ាំរ៉ៃមានច្រើនប្រភេទ និងកើតមានចំពោះកោសិកាឈាមពេញវ័យភាគច្រើន។ កោសិកាឈាមទាំងនេះចម្លងយឺតៗជាបន្តបន្ទាប់។ ទម្រង់ខ្លះនៃជំងឺមហារីកឈាមរ៉ាំរ៉ៃពុំមានលេចចេញនូវសញ្ញាណាមួយក្នុងដំណាក់កាលដំបូងឡើយ ហើយអាចមិនត្រូវបានសម្គាល់ឃើញ ឬវិនិច្ឆ័យដឹងជាច្រើនឆ្នាំ។
២. ប្រភេទនៃកោសិកាពាក់ព័ន្ធ
- Acute lymphocytic leukemia (ALL)៖ នេះជាប្រភេទជំងឺមហារីកឈាមដែលភាគច្រើនកើតចំពោះក្មេងតូចៗ និងអាចកើតចំពោះមនុស្សពេញវ័យផងដែរ។
- Acute myelogenous leukemia (AML)៖ មហារីកឈាមស្រួចស្រាវនេះជាជំងឺមហារីកឈាមទូទៅមួយ ដែលកើតមានទាំងក្មេងតូចនិងមនុស្សពេញវ័យ តែភាគច្រើនកើតចំពោះមនុស្សពេញវ័យ។
- Chronic lymphocytic leukemia (CLL)៖ មហារីកឈាមរ៉ាំរ៉ៃដែលកើតមានចំពោះមនុស្សពេញវ័យភាគច្រើន។
- Chronic myelogenous leukemia (CML)៖ ប្រភេទមហារីកឈាមនេះមានផលប៉ះពាល់សំខាន់ចំពោះមនុស្សពេញវ័យ។ អ្នកជំងឺមហារីកឈាមរ៉ាំរ៉ៃនេះ (CML) អាចមានសញ្ញាសម្គាល់តិចតួច ឬគ្មានសញ្ញាអ្វីទាំងអស់ក្នុងរយៈពេលជាច្រើនខែ ឬច្រើនឆ្នាំ មុនពេលវាចូលដល់ដំណាក់កាលដែលកោសិកាឈាមលូតលាស់យ៉ាងលឿន។
- ប្រភេទផ្សេងទៀត៖ ប្រភេទជំងឺមហារីកឈាមកម្រផ្សេងទៀតរួមមាន Hairy cell leukemia, Myelodysplastic syndromes និង Myeloproliferative disorders។

រោគសញ្ញានៃជំងឺមហារីកឈាម
រោគសញ្ញានៃមហារីកឈាមជាញឹកញាប់គឺមិនច្បាស់លាស់ និងមិនជាក់លាក់។ ជាក់ស្តែង សញ្ញាជាធម្មតាភាគច្រើនរួមមានដូចខាងក្រោម៖
- គ្រុនក្តៅ ឬញាក់ ដែលមិនអាចពិពណ៌នាបាន
- ខ្សោយ និងអស់កម្លាំងជាប្រចាំ
- ងាយថប់ដង្ហើម ឬពិបាកដកដង្ហើម
- មានការឆ្លងមេរោគញឹកញាប់
- ស្រកទម្ងន់
- បាត់បង់ចំណង់អាហារ
- ឡើងកូនកណ្តុរ ថ្លើម និង/ឬអណ្តើក រីកធំ
- ឈឺចាប់នៅពោះ
- ហូរឈាម (ឈាមច្រមុះ ឈាមរដូវ និងឈាមពេលដុសធ្មេញ ញឹកញាប់)
- មានស្នាមក្រហមតូច និងធំលើស្បែក
- បែកញើសច្រើន ពិសេសពេលយប់
- ឈឺឆ្អឹង និងសន្លាក់
- ករណីកម្រ មហារីកឈាមអាចត្រូវបានរកឃើញដោយការពិនិត្យឈាមក្នុងលក្ខខណ្ឌខ្លះ។

សូមចងចាំថា អ្នកអាចនឹងមើលរំលងសញ្ញាដំបូងនៃជំងឺមហារីកឈាមព្រោះវាមានលក្ខណៈប្រហាក់ប្រហែលទៅនឹងជំងឺផ្តាសាយនិងជំងឺមួយចំនួនផ្សេងទៀត។ ដូច្នេះ សូមប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកប្រសិនអ្នកមាននូវសញ្ញាប្រចាំណាមួយដែលធ្វើឲ្យអ្នកបារម្ភ ឬសង្ស័យ។ 

បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ ៨២

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់