យល់ដឹងពីការថែរក្សាគភ៌ដែលគំរាមរលូត

នាពេលបច្ចុប្បន្ននេះ បញ្ហាគំរាមរលូតកូនចោទជាបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតស្រ្តីផងដែរ ប្រសិនបើខ្វះចន្លោះក្នុងការព្យាបាលនិងការតាមដានពិនិត្យផ្ទៃពោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញ។ ជាក់ស្តែង បញ្ហានេះគេសង្កេតឃើញថានៅលើសកលលោកមានប្រហែល ២០ ទៅ៣០ភាគរយនៅក្នុងអំឡុងពេល២០សប្តាហ៍នៃអាយុគភ៌។ ប៉ុន្តែប្រហែល ៥០ភាគរយនៃការគំរាមរលូតនេះដែរ ស្រ្តីអាចបន្តការពពោះរហូតដល់គ្រប់ខែបើគ្មានសញ្ញាអ្វីប្លែក។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងក៏មានប្រហាក់ប្រហែល ឬអាចច្រើនជាងនេះ ដោយសារយើងមិនទាន់មានការសិក្សារួមគ្នាច្បាស់លាស់នៅឡើយទេ។

និយមន័យ
ការគំរាមរលូត គឺជាការធ្លាក់ឈាមតាមទ្វារមាសដែលអាចកើតមាននៅអំឡុងពេលចាប់ផ្តើមមានគភ៌រហូតដល់សប្តាហ៍ទី ២០នៃគភ៌ក្នុងផ្ទៃ។ ការធ្លាក់ឈាមនេះអាចរួមផ្សំជាមួយនឹងការឈឺចុកចាប់ក្នុងពោះ ដែលជាសញ្ញាបញ្ជាក់ពីការគំរាមរលូត ឬអាចឈានទៅរកការរលូតផងដែរ។

មូលហេតុចម្បង និងកត្តាប្រឈម
មានមូលហេតុក៏ដូចជាកត្តាប្រឈមជាច្រើនដែលអាចបង្កឲ្យមានបញ្ហាគំរាមរលូតកូន តែកត្តាសំខាន់ដែលធ្វើឲ្យមានបញ្ហានេះកើតឡើងរួមមាន៖
• ភាពមិនប្រក្រតីនៃកត្តាហ្សែន ឬក្រូម៉ូសូម
• ការឆ្លងរោគដោយពពួកបាក់តេរី ឬពពួកវីរុសក្នុងអំឡុងពេលមានផ្ទៃពោះ
• ការគ្រោះថ្នាក់ចំផ្នែកណាមួយនៃពោះ
• អាយុម្តាយច្រើនលើសពី ៣៥ឆ្នាំ
• ការលើសគីឡូច្រើន
• ការប្រឈមនឹងការប្រើប្រាស់ថ្នាំ ឬប៉ះពាល់ដោយសារធាតុគីមីផ្សេងៗ
• ការមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។ល។

ក្នុងនោះដែរ បញ្ហានេះមិនមានកត្តាជំរុញចម្បងច្បាស់លាស់ទៅលើការគំរាមរលូតនៅឡើយទេ តែការធ្វើការងារធ្ងន់ និងការកង្វះចំណីអាហារក៏ជាកត្តាជំរុញបន្តិចបន្តួចផងដែរ។ ដូច្នេះ ស្រ្តីគ្រប់រូបអាចប្រឈមនឹងបញ្ហានេះ បើដូចនឹងលក្ខណៈដែលបានរៀបរាប់ខាងលើ។

រោគសញ្ញា និងរោគវិនិច្ឆ័យ
ជាទូទៅ បញ្ហាគំរាមរលូតនេះអាចលេចឡើងនូវរោគសញ្ញាដូចជា ការធ្លាក់ឈាម និងការឈឺចាប់ពោះដែលមានសភាពរាងធ្ងន់ចុះក្រោម។ ដូចគ្នានេះផងដែរបញ្ហាគំរាមរលូតកូនត្រូវបានធ្វើរោគវិនិច្ឆ័យ ឬឆែកសុខភាពបានដោយការពិនិត្យអេកូសាស្រ្តនិងការពិនិត្យឈាមជាដើម។ល។

ការថែរក្សាគភ៌ដែលគំរាមរលូត
យើងគួរថែរក្សាគភ៌ដែលគំរាមរលូតនេះដោយការសម្រាកឲ្យបានគ្រប់គ្រាន់ក៏ដូចជាការកាត់បន្ថយការធ្វើការងារធ្ងន់ និងការរួមភេទផងដែរ។ លើសពីនេះស្រ្តីដែលមានផ្ទៃពោះទាំងអស់ត្រូវទទួលទានថ្នាំរក្សាគភ៌ទៅតាមបច្ចេកទេស និងបន្តប្រើប្រាស់ថ្នាំជាតិដែកបន្ថែម។

ផលវិបាក និងវិធីសាស្រ្តការពារ
ចំណែក ផលវិបាកដែលអាចនឹងកើតមានចំពោះអ្នកជំងឺ បន្ទាប់ពីមានបញ្ហាគំរាមរលូតក៏អាចមានដូចជា៖
• ការរបកសុក
• ការធ្លាក់ឈាមក្រោយសម្រាល
• ការសល់កម្ទេចសុក
• ស្បូនខ្សោយអាចឈានទៅរកការកាត់ស្បូនចោល
• វិបត្តិអត់កូនទៅថ្ងៃក្រោយដោយសារការរំលូត
• ទារកកើតមិនគ្រប់ខែ។
ចំពោះវិធីសាស្រ្តក្នុងការពារការគំរាមរលូតកូនគឺមិនមានវិធីសាស្រ្តការពារជាក់លាក់នៅឡើយទេ ប៉ុន្តែបងប្អូនអាចថែរក្សាគភ៌ដោយការសម្រាកគ្រប់គ្រាន់កាត់បន្ថយកិច្ចការធ្ងន់ និងការរួមភេទផងដែរ។

លោកស្រីវេជ្ជបណ្ឌិតក៏សូមផ្តាំផ្ញើដល់បងប្អូនស្រ្តីទាំងអស់ដែលមានគភ៌សូមមេត្តាទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ស្របតាមគោលនយោបាយនៃក្រសួងសុខាភិបាលពិសេស ២៥ខេត្តក្រុងទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយនូវហានិភ័យនៃបញ្ហាគំរាមរលូតកូនក៏ដូចជាការកាត់បន្ថយអត្រាមរណភាពមាតានិងទារកផងដែរ

បកស្រាយដោយ៖ វេជ្ជបណ្ឌិត យូ ម៉ូលីន ឯកទេស សម្ភព និងរោគស្រ្តីនៃមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក និងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងបន្ទប់ពិគ្រោះជំងឺ ម៉ីស៊ីថាច យូម៉ូលីន

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ ៨២

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់