មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីនឹងពាំនាំបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើប និងសុខុមាលភាពមកកាន់ប្រទេសកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី0៥ ខែកញ្ញា ឆ្នាំ២០១៩ – ដោយមានការរៀបចំពីសំណាក់លោក Anthony Tan នាយកប្រតិបត្តិនៃ DrMap កម្ពុជានៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (SGMC) បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានជាផ្លូវការលើកដំបូងរបស់ខ្លួន ដែលរៀបចំធ្វើឡើងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងសុខុមាលភាពដ៏ទំនើបរបស់ខ្លួននៅឯ អាគារដឹប្រ៊ីដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

លោក Anthony Tan បានមានប្រសាសន៍ថា “គោលបំណងនៃកម្មវិធីសន្និសីទសារព័ត៌មានរបស់យើងនៅថ្ងៃនេះគឺដើម្បីបង្ហាញអំពីក្រុមវេជ្ជបណ្ឌិតដែលមានជំនាញឯកទេសពិសេសរបស់យើង និងជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីនឹងបើកដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ"។

ដោយមើលឃើញថា ទាំងប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាពីមុនតែងតែធ្វើដំណើរទៅក្រៅប្រទេសដើម្បីទៅទទួលសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាព ប៉ុន្តែចាប់ពីពេលនេះពួកគាត់អាចទទួលបានសេវាកម្មប្រកបដោយគុណភាពកម្រិតដូចនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងទីក្រុងភ្នំពេញតែម្ដង។ SGMC នឹងផ្ដល់នូវសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពគ្រប់ផ្នែក ដែលមានចាប់ពីសេវាកម្មវេជ្ជសាស្រ្តទូទៅ ពិនិត្យសុខភាពនិងការថតឆ្លុះធ្វើរោគវិនិច្ឆ័យ សេវាកម្មសុខភាពស្រ្តី ផ្នែកកែសម្ផស្ស ការវះកាត់ទូទៅ ការព្យាបាលដោយកាំរស្មីឡាស៊ែរ ការព្យាបាលដោយអុីយ៉ុងអវិជ្ជមាន និងកាំរស្មីអុីនហ្រ្វា (NIFI) ការព្យាបាលដោយប្រើកម្អែលខ្សាច់ភ្នំភ្លើង (Volcanic Sand Bath Therapy) ការព្យាបាលដោយផ្ដល់ជាតិទឹកសេរ៉ូម IV និងសេវាកម្មអាហារូបត្ថម្ភជាដើម។ គោលបំណងសំខាន់បំផុតរបស់យើង គឺដើម្បីផ្ដល់សេវាកម្មថែទាំវេជ្ជសាស្រ្តឈានមុខគេស្របទៅតាមស្តង់ដារឯកទេស និងទឹកចិត្តដ៏ល្អប្រពៃរបស់វេជ្ជបណ្ឌិតជំនាញឯកទេសសិង្ហបុរី និងកម្ពុជា ព្រមទាំងដើម្បីពាំនាំមកនូវសេវាកម្មសុខុមាលភាពវេជ្ជសាស្រ្តសិង្ហបុរីពេញលេញជូនដល់ប្រទេសកម្ពុជាផងដែរ។”

វេជ្ជបណ្ឌិត Roy Koh Kiok Miang ដែលជាគ្រូពេទ្យឯកទេសផ្នែកវះកាត់ប្រព័ន្ធសរសៃប្រសាទ និងជាសមាជិកនៃគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ SGMC ដែលគ្រប់គ្រងទៅលើផ្នែកក្រមសីលធម៌ និងបទដ្ឋានវេជ្ជសាស្រ្តបានគូសបញ្ជាក់ថា “ការផ្ដល់សេវាកម្មជូនអតិថិជនរបស់យើងនឹងជួយឲ្យពួកគាត់ទទួលបានសុខុមាលភាពដ៏ល្អមិនត្រឹមតែជាបុព្វសិទ្ធិមួយប៉ុណ្ណោះទេប៉ុន្តែក្រុមការងារទាំងអស់របស់យើងនៅ SGMC បានចាត់ទុកការផ្ដល់សេវាកម្មរបស់យើងជូនអតិថិជនជាទំនួលខុសត្រូវមួយផងដែរ”។ 

បន្ថែមពីនោះ ចំពោះសន្និសីទសារព័ត៌មាននេះក៏បានបង្ហាញពីព័ត៌មានពិសេសពាក់ព័ន្ធនឹងសារៈសំខាន់នៃការពិនិត្យជំងឺមហារីកស្បូនដោយវេជ្ជបណ្ឌិតក្នុងប្រទេស Setheka Yin និងការពន្យល់អំពីការព្យាបាលដោយផ្ដល់ជាតិទឹកសេរ៉ូម IV (hydration therapy) ព្រមទាំងអំពីអត្ថប្រយោជន៍នៃវិធីព្យាបាលនេះចំពោះសុខភាព និងសុខមាលភាពរយៈពេលវែងពីសំណាក់វេជ្ជបណ្ឌិតអន្តរជាតិរបស់យើងគឺ វេជ្ជបណ្ឌិត Jason Phan និងវេជ្ជបណ្ឌិត Alison Gordon មកពីសហរដ្ឋអាមេរិក។ 

ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ SGMC នឹងបើកបម្រើសាធារណជនសម្រាប់សេវាកម្មវេជ្ជសាស្រ្តទូទៅ ការពិនិត្យសុខភាព និងសេវាថែទាំសុខភាពទូទៅ។ សេវាកម្មសុខុមាលភាពវេជ្ជសាស្រ្តបន្ថែមនឹងត្រូវធ្វើឡើងជាដំណាក់កាលដើម្បីធានាថា ការថែទាំអ្នកជំងឺទទួលបាននូវលទ្ធផលល្អប្រសើរ និងជាទីពេញចិត្ត។ នៅត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា កញ្ចប់សេវាកម្មសុខុមាលភាព និងសេវាកម្មព្យាបាលពេញលេញរបស់ SGMC នឹងមានផ្ដល់ជូនសម្រាប់សហគមន៍ទាំងមូលនៅក្នុងប្រទេសកម្ពុជា។ SGMC មានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងគោលដៅនៃការរស់នៅប្រកបដោយសុខុមាលភាពដំបូងគេ និងល្អជាងគេនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ផ្នែកទំនាក់ទំនងសាធារណៈទៅវិញទៅមក hello@twowaypr.com, www.twowaypr.com               

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

ពាក្យទាក់ទង


មតិយោបល់