មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ផ្លាស់ប្តូរវប្បធម៌គ្នា ហើយបង្កើនមិត្តភាព និងភាពរីករាយ

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ដែលបានប្រព្រឹត្តឡើងរយៈពេល4ថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) កន្លងទៅនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្ស-និស្សិត សាធារណជន និងជនបរទេសជាច្រើនម៉ឺននាក់ ក្នុងគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ។  ជាការរំលឹកផងដែរ មហោស្រពគីហ្សូណានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្លាស់ប្តូររវាងវប្បធម៌ជប៉ុន និងកម្ពុជា ដើម្បីបង្កើនចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ន ដែលប្រធានបទនៅក្នុងឆ្នាំនេះគឺ «ការហោះហើរទៅកាន់ប្រទេសជប៉ុន» ដោយសារតែឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរដោយផ្ទាល់តាមរយៈជើងហោះហើរត្រង់ ពោលគឺទៅដល់ប្រទេសជប៉ុនតែម្តង និងដូចគ្នាចំពោះការធ្វើដំណើរពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា។

មហោស្រពគីហ្សូណាឆ្នាំនេះ មានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដោយសារតែឃើញមានដៃគូសហការជាច្រើនបានចូលរួម ដូចជាបណ្តាស្ថាប័ន និងក្រុមហ៊ុនតាមវិស័យផ្សេងៗ ដោយមានការតាំងបង្ហាញផលិតផលតាមស្តង់ដូចជា សិល្បៈ ម្ហូប តំបន់ទេសចរណ៍ ភេសជ្ជៈ និងសិប្បកម្ម ដែលធ្វើឲ្យមានភាពងាយស្រួល ប្លែកភ្នែក និង ជម្រើសជាច្រើនដល់ទស្សនិកជនដែលមកទស្សនា។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺមានវត្តមានរបស់សិល្បករល្បីៗនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន ដូចជា លោក ថេណា និង ក្រុមសិល្បករវ័យក្មេងល្បីឈ្មោះ Tempura Kidz របស់ប្រទេសជប៉ុនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះកម្មវិធីមហោស្រពគីហ្សូណា ក៏មានវគ្គបង្ហាញសិល្បៈវប្បធម៌ដូចជា ចាប៉ីដងវែង ល្ខោនខោលជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ការតុបតែងមហោស្រពឆ្នាំនេះពិតជាមានការទាក់ទាញយ៉ាងខ្លាំង ដោយឃើញមានផ្ទាំងគំនូរពីរផ្ទាំងបន្ថែមទៀតដូចជា ដើមសាគូរ៉ាដ៏រ៉ូមែនទិក និង គំនូរបែបវប្បធម៌ចំរុះជប៉ុន អមជាមួយនឹងរូបគំនូរឆ្នាំមុន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យដែលចូលចិត្តថតរូប។ លើសពីនេះទៅទៀត ការរៀបចំឆ័ត្រសម្រាប់អមផ្លូវ និងមានពន្លឺតិចៗ នៅពេលដែលមេឃព្រលប់កាន់តែធ្វើឲ្យកម្មវិធីកាន់តែមានភាពរ៉ូមែនទិក។ នាពេលល្ងាច ក៏មានផងដែរនូវកម្មវិធីរាំលេងកម្សាន្តជាមួយនឹងបទចម្រៀងកម្ពុជា និងជប៉ុនដែលមានភាពសប្បាយរីករាយជាខ្លាំង។

ជាមួយគ្នានេះផងដែរ មហោស្រពគីហ្សូណាអាចដំណើរការទៅបានដោយមានការឧបត្ថម្ភធំដោយក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA និង ក្រុមហ៊ុនភេសជ្ជៈលេខ១ពីប្រទេសជប៉ុន Aquarius ព្រមទាំងចូលរួមសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាច្រើនទៀតផងដែរ។ មហោស្រពនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង Japan Foundation Asia Center ប្រចាំកម្ពុជា ក្រោមការគាំទ្រពីសំណាក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

បើមិនទាន់បានចូលរួមឆ្នាំនេះ អាចចូលរួមលេងកម្សាន្តឆ្នាំក្រោយៗទៀតក៏បាន...

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់