កុំចាំទាល់តែធ្មេញកូនពុកទើបទៅរកពេទ្យ

យើងដឹងហើយថាធ្មេញ មានសារសំខាន់ណាស់សម្រាប់កុមារក្នុងការទំពា និងខាំអាហាររឹងៗ។ លើសពីនេះទៅទៀត វាក៏ជាចំណែកមួយដែលជួយសម្រួលក្នុងការនិយាយ និងបញ្ចេញសំឡេងរបស់កុមារផងដែរ។ ហេតុនេះហើយការថែរក្សាសុខភាពមាត់ធ្មេញរបស់កូនតូចគឺជាចំណុចមួយចាំបាច់ដែលលោកអ្នកគួរយកចិត្តទុកដាក់ឲ្យបានកាន់តែឆាប់កាន់តែល្អ។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដើម្បីការពារសុខភាពធ្មេញរបស់ពួកគេឲ្យមានភាពរឹងមាំនិងចៀសវាងពីការខូចខាតបានចាប់តាំងពីកូនអ្នកនៅតូចៗ៖

បន្ថយការញ៉ាំអាហារដែលមានជាតិផ្អែមខ្លាំង
ការញ៉ាំអាហារមួយចំនួនដែលមានផ្ទុកជាតិស្ករខ្ពស់អាចបណ្តាលឲ្យកុមារប្រឈមមុខនឹងជំងឺពុកធ្មេញ។ ជាតិស្ករដែលកុមារញ៉ាំចូលនឹងប៉ះជាមួយបាក់តេរីដែលនៅជាប់នឹងធ្មេញរបស់ពួកគេ បង្កើតបានជាអាស៊ីតដែលអាចធ្វើឲ្យធ្មេញកុមារងាយពុក ប្រហោង និងបណ្តាលឲ្យមានការឈឺចាប់។ តាមការសិក្សារបស់ The American Academy of Pediatric និងក្រុមគ្រូពេទ្យជំនាញផ្នែកកុមារ បានបញ្ជាក់ថាកុមារដែលមានអាយុក្រោម ១ឆ្នាំគួរចៀសវាងការញ៉ាំអាហារផ្អែមខ្លាំង ដែលក្នុងនោះរួមមាន ភេសជ្ជ: ទឹកផ្លែឈើកំប៉ុងដែលមានជាតិផ្អែម ស្ករគ្រាប់ ស្ករ សូកូឡា។ល។ លើសពីនេះទៅទៀត លោកអ្នកគួរចៀសវាងទម្លាប់ក្នុងការដាក់ឲ្យកូនតូចៗញ៉ាំទឹកដោះគោ ឬទឹកផ្លែឈើដោយប្រើដបក្បាលដោះមុនពេលចូលគេង​ព្រោះទម្លាប់ទាំងនេះនឹងផ្តល់ផលអាក្រក់ដល់សុខភាពមាត់ធ្មេញរបស់ពួកគេ។

បង្រៀនកូនឲ្យចេះដុសសម្អាតធ្មេញឲ្យបានទៀងទាត់
ការចាប់ផ្តើមបង្រៀនកូនៗឲ្យចេះដុសធ្មេញ ជាការងារមួយដែលអ្នកគួរតែធ្វើដើម្បីធានាបាននូវសុខភាពមាត់ធ្មេញល្អសម្រាប់កុមារ។ លោកអ្នកអាចចាប់ផ្តើមធ្វើការសម្អាតធ្មេញឲ្យពួកគេ ទោះបីជាធ្មេញរបស់គេមិនទាន់ដុះក៏ដោយ ដោយធ្វើការដុសសម្អាតអញ្ចាញធ្មេញជាមួយក្រណាត់ទន់ស្អាតបន្ទាប់មកត្រូវបង្ហាត់ឲ្យពួកគេធ្វើការសម្អាតធ្មេញជាប្រចាំ យ៉ាងតិចឲ្យបាន ២ដងក្នុងមួយថ្ងៃពេលធ្មេញរបស់ពួកគេចាប់ផ្តើមដុះ។ ចំពោះបរិមាណថ្នាំដុសធ្មេញដែលត្រូវប្រើមានការប្រែប្រួលទៅតាមអាយុរបស់កុមារ។ លោកអ្នកគួរប្រើថ្នាំដុសធ្មេញក្នុងបរិមាណមួយតិចតួច (ទំហំប៉ុនគ្រាប់បាយ) សម្រាប់ក្មេងដែលមានអាយុតិចជាង៣ឆ្នាំ និង ទំហំប៉ុនគ្រាប់សណ្តែកដី សម្រាប់ក្មេងដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។ កុមារតូចៗគួរតែទទួលបានជំនួយពីប៉ាម៉ាក់ក្នុងពេលសម្អាតបន្ទាប់មកលោកអ្នកអាចសាកល្បងឲ្យពួកគេដុសសម្អាតដោយខ្លួនឯងពេលដែលក្មេងកាន់តែធំ។

ការជ្រើសរើសប្រភេទថ្នាំដុសធ្មេញឲ្យបានត្រឹមត្រូវ
ដោយសារតែនៅលើទីផ្សារមានផលិតផលថ្នាំដុសធ្មេញច្រើនប្រភេទ លោកអ្នកអាចនឹងមានការលំបាកក្នុងការជ្រើសរើសប្រភេទថ្នាំដុសធ្មេញដែលសមស្របទៅនឹងកូនតូចៗ។ ជាទូទៅ ទន្តបណ្ឌិតបានណែនាំឲ្យជ្រើសរើសពពួកថ្នាំដុសធ្មេញដែលសម្បូរជាតិភ្លុយអរ៉ៃ និងទទួលទានអាហារណាដែលសម្បូរជាតិនេះផងដែរ (ឩ.ទឹកទំពាំងបាយជូរ ទំពាំងបាយជូរក្រៀម...) ព្រោះថាសារធាតុទាំងនេះមានសារសំខាន់ជួយឲ្យធ្មេញកុមារមានភាពរឹងមាំ។ លើសពីនេះទៅទៀត លោកអ្នកអាចស្វែងរកថ្នាំជំនួយដែលមានផ្ទុកសារធាតុនេះនៅតាមឱសថស្ថាននានាដែលនៅជិតលោកអ្នកបន្ទាប់ពីទទួលបានការណែនាំពីទន្តបណ្ឌិត។

ធ្វើការណាត់ជួបជាមួយទន្តបណ្ឌិតឲ្យបានទៀងទាត់
ការណាត់ជួបជាមួយទន្តបណ្ឌិតក៏ជាផ្នែកសំខាន់មួយក្នុងការតាមដានសុខភាពមាត់ធ្មេញរបស់កុមារ។ ការណាត់ជួបលើកដំបូងគួរតែធ្វើឡើងនៅពេលដែលធ្មេញដំបូងរបស់គេចាប់ផ្តើមដុះចេញ និងត្រូវចាំបាច់ធ្វើការណាត់ជួបឲ្យបានទៀងទាត់ ដើម្បីឲ្យគ្រូពេទ្យធ្វើការតាមដាន និងពិនិត្យមើលថា តើធ្មេញរបស់កូនអ្នកដុះលូតលាស់បានត្រឹមត្រូវឬទេ? មួយវិញទៀតក្នុងករណីមានការពិនិត្យឃើញមានភាពមិនប្រក្រតីណាមួយ (ឩ. ការដុះធ្មេញមុន ឬក្រោយការកំណត់ធ្មេញពុក ឬប្រហោង...) នោះកូនៗរបស់លោកអ្នកនឹងទទួលបានការព្យាបាលទាន់ពេលវេលា។

ការថែទាំសុខភាពមាត់ធ្មេញកុមារមានសារសំខាន់ណាស់ ព្រោះវាអាចជះឥទ្ធិពលទៅលើការលូតលាស់របស់ពួកគេទៅថ្ងៃក្រោយ។ មិនតែប៉ុណ្ណោះ វាអាចជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺមាត់ធ្មេញរបស់កូនៗផងដែរ។ ហេតុនេះហើយលោកប៉ាអ្នកម៉ាក់ទាំងឡាយអាចសាកល្បងវិធីសាស្ត្រទាំងអស់នេះ ដើម្បីឲ្យធ្មេញរបស់កូនតូចមានសុខភាពល្អ និងលូតលាស់បានត្រឹមត្រូវ។

ឯកសារយោង៖ Journal of American Dental Association (JADA)

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម លេខ​ ៨១

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់