ផលិតផលបែបណាដែលស័ក្តិសមទៅនឹងប្រភេទស្បែកមុខរបស់អ្នក?

ផាត់មុខ លាបក្រែម ម្សៅ ឡេ ... នរណាមិនចង់ស្អាត មិនចង់ល្អ មិនចង់លើកតម្កើងសម្រស់ឲ្យកាន់តែស្រស់ស្អាតក្មេងជាងវ័យ និងគួរឲ្យទាក់ទាញនោះ? មនុស្សចាស់ក្មេង ស្រីប្រុសតែងតែចង់សាកល្បងចំណាយថវិកាប្រើផលិតផលជំនួយទៅតាមធនធានមិនថាគេមិនថាខ្ញុំនោះទេ។ ប៉ុន្តែតើគួរជ្រើសរើសផលិតផលបែបណាឲ្យសម និងត្រូវតាមប្រភេទស្បែកមុខ? ខាងក្រោមនេះ អ្នកនឹងបានដឹងអំពីជំហានសំខាន់ៗនៃការថែរក្សាស្បែកនិងប្រភេទផលិតផលដែលត្រូវប្រើទៅតាមស្បែកមុខរបស់អ្នក។

ពេលណាអ្នកគួរលាងសម្អាតស្បែកមុខ?
អ្នកអាចធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួត ដោយការលុបលាងមុខច្រើនដងពេក។ ដូច្នេះការលាងសម្អាតមុខ (ដោយហ្វូមលាងមុខ) ត្រឹមតែម្តង ទៅពីរដងក្នុងមួយថ្ងៃគឺចាត់ទុកថាគ្រប់គ្រាន់ហើយ។ នាពេលព្រឹកត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ។ ប្រើកន្សែងពោះគោទន់ៗដើម្បីផ្ដិតជាតិទឹកចេញឲ្យស្ងួត។ នៅពេលយប់លាងសម្អាតជាមួយហ្វូម ឬទឹកសម្អាតស្បែកមុខដែលអាចជួយកម្ចាត់រាល់មេរោគ និងគ្រឿងសម្អាងបានយ៉ាងល្អ។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ លេងកីឡា អ្នកអាចលាងសម្អាតម្តងទៀត បន្ទាប់ពីបញ្ចប់សកម្មភាពទាំងនោះដោយហ្វូមលាងមុខប្រភេទស្រាល។ ជាក់ស្ដែងការលាងសម្អាត និងប្រើប្រាស់ផលិតផលណាមួយលើស្បែកមុខ ក៏អាចប្រែប្រួលទៅតាមសភាពស្បែករបស់បុគ្គលម្នាក់ៗផងដែរ ដែលរួមមាន៖

ស្បែកមុខធម្មតា (Normal Skin)
អ្នកដែលមានស្បែកមុខស្អាតគ្មានមុន គ្មានជាតិខ្លាញ់ពិតជាគិតថាមិនចាំបាច់ប្រើប្រាស់ផលិតផលសម្រាប់ការពារស្បែកនោះទេប៉ុន្តែការគិតបែបនេះគឺខុសហើយ។ ជាក់ស្តែង អ្នកគួរតែជ្រើសរើសការប្រើប្រាស់ផលិតផល ឬគ្រឿងសម្អាងសម្រាប់ការពារបន្ថែមដើម្បីការពារស្បែកមុខពីការកើតមុនធ្វើឲ្យស្បែកមុខមានសំណើម និងទន់រលោងរហូត។ សម្រាប់ករណីផ្ទៃមុខរបស់អ្នកមានសភាពធម្មតាបែបនេះ អ្នកគួរជ្រើសរើសផលិតផលដែលសមស្របនឹងស្បែកដូចជា ហ្វូម ឬជែលលាងសម្អាតមុខដែលមានផ្ទុកទឹកដោះគោ ថូនឺរដែលគ្មានផ្ទុកជាតិអាល់កុល (អេតាណុល) ក្រែមការពារសំណើម SPF ៤០ឡើង និងសេរ៉ូមជំនួយស្បែកប្រឆំាងអុកស៊ីតកម្មដែលផ្ទុកដោយសារធាតុវីតាមីន C ។

ស្បែកមុខស្ងួត (Dry Skin)
ថែទាំស្បែកឲ្យសមស្របសម្រាប់អ្នកដែលមានមុខស្ងួត  ពួកគេតែងតែគិតថាតើគួរតែប្រើប្រាស់ផលិតផលអ្វី ដើម្បីឲ្យស័ក្តិសមជាមួយនឹងសាច់មុខរបស់ពួកគេ។ គន្លឹះសំខាន់ក្នុងការថែទាំស្បែកមុខដែលមានរន្ធរោមធំ ស្ថិតនៅលើការរក្សាអនាម័យ មិនឲ្យមានភាពកខ្វក់សេសសល់ក្នុងរន្ធរោមរួមទាំងការបន្ថែមជាតិសំណើមក្នុងកម្រិតដែលសមស្រប សុទ្ធតែអាចជួយឲ្យរន្ធរោមមើលទៅតូចជាងមុនបាន។ ជាពិសេសអាចជ្រើសរើសប្រើផលិតផលសម្អាតស្បែកមុខដែលមានសមាសធាតុផ្សំពីអាស៊ីតគ្លីកូលិក និងសាលីស៊ីលិក ផលិតផលបែបជែល ព្រោះជែលមិនត្រឹមតែជួយសម្អាតស្បែកមុខប៉ុណ្ណោះទេប៉ុន្ដែវាថែមទាំងជួយចិញ្ចឹមស្បែកមុខអ្នកទៀតផង។ លើសពីនេះវាជួយផ្ដល់ឲ្យស្បែកមុខអ្នកមានសំណើម និងមិនបណ្តាលឲ្យរលាក ហើយវាស័ក្តិសមចំពោះគ្រប់ប្រភេទស្បែកទាំងអស់ដូចជាស្បែកស្ងួត ស្បែកដែលមានជាតិខ្លាញ់ និងស្បែកឆាប់ប្រតិកម្ម។ បន្ថែមពីនេះ អ្នកត្រូវធ្វើការលាងសម្អាតឲ្យបានទៀងទាត់ មួយថ្ងៃ ២ដង ពេលព្រឹក និងយប់ ប្រើទឹករ៉ែសម្រាប់សម្អាតផ្ទៃមុខ សេរ៉ូមដែលមានសារធាតុ Retinol និងកម្ចាត់កោសិកាស្បែកចាស់ៗចេញជាដើម។

ស្បែកមុខខ្លាញ់ (Oily Skin)
ស្បែកមានជាតិប្រេងមើលទៅមានសភាពរលើប មានខ្លាញ់ច្រើន ហើយក៏អាចមានរន្ធញើសធំៗដែរ ពិសេសនៅតំបន់អក្សរធី (T)។ អ្នកគួរប្រើហ្វូមលាងសម្អាតមុខដែលគ្មានជាតិប្រេង លាងសម្អាតដោយប្រើទឹកឲ្យច្រើន (ទឹកក្តៅឧណ្ហៗ)។ បន្ថែមពីនោះ អ្នកក៏អាចប្រើថូនឺរលាបមុខជាមួយសេរ៉ូមដែលមានសារធាតុ Retinol បន្ទាប់ពីសម្អាតមុខរួច ព្រោះវាអាចជួយកាត់បន្ថយជាតិប្រេង ប៉ុន្តែក៏ត្រូវប្រយ័ត្នដែរ ព្រោះស្បែករបស់អ្នកអាចនឹងមានអាការៈរមាស់បាន។

ស្បែកងាយរងប្រតិកម្ម (Sensitive Skin)
ស្បែកងាយប្រតិកម្ម អាចនឹងឆាប់មានការឈឺចាប់រោល ឬរមាស់ បន្ទាប់ពីអ្នកបានប្រើផលិតផលផ្សេងៗព្រមទាំងមានលក្ខណៈស្តើង ហើយក្រហមឃើញសរសៃ។ ស្បែកបែបនេះគួរតែសម្អាតថ្នមៗ ជាមួយទឹកក្តៅតិចៗ ហើយត្រូវចាំជានិច្ចថារាល់ពេលធ្វើឲ្យស្ងួតគឺត្រូវផ្តិតមិនមែនជូតនោះទេ។ ការខាត់ស្បែកអាចធ្វើឲ្យស្បែករមាស់ ដូច្នេះគួរព្យាយាមកុំប្រើផលិតផលណាដែលមានជាតិអាល់កុល សាប៊ូ អាស៊ីត ឬក្លិន ហើយងាកមករកមើលផលិតផលណាដែលផ្សំពីប្រទាលកន្ទុយក្រពើ ជែលសម្អាតមុខ ឡេលាបមុខដែលមាន SPF៣០ឡើង ឬតែបៃតងវិញប្រសើរជាង។ សារធាតុផ្សំនៅក្នុងផលិតផលដែលអ្នកប្រើកាន់តែតិច គឺកាន់តែល្អសម្រាប់ស្បែករបស់អ្នក។

គួរបញ្ជាក់ផងដែរថា ការផ្តល់សំណើមប្រហែលជាអាចការពារស្បែកអ្នកបានមួយរយៈពីកម្តៅថ្ងៃ ប៉ុន្តែស្បែករបស់អ្នកអាចទ្រាំទ្រជាមួយកម្តៅថ្ងៃបានត្រឹមតែ ១៥នាទីប៉ុណ្ណោះ បើលើសពីនេះវាពិតជាបំផ្លាញស្បែកអ្នកមិនខាន។ មិនថាអ្នកនៅក្មេង ឬជាមនុស្សចាស់នោះទេ កុំភ្លេចលាបឡេការពារកម្តៅថ្ងៃឲ្យសោះ។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់