អ្នកស្រលាញ់សុខភាព៖ កុំភ្លេចរង់ចាំមើលកម្មវិធី live show “តោះនិយាយពីសុខភាព ឬ Healthtime Talk”

ស្របពេលការប្រើប្រាស់អុីនធើណែត និងបណ្ដាញសង្គមហ្វេសប៊ុកនាពេលបច្ចុប្បន្នកាន់តែកើនឡើងយ៉ាងគំហុកគេសង្កេតឃើញមានការផ្សព្វផ្សាយនូវព័ត៌មាន សេវាកម្ម និងតម្រូវការជាច្រើនតាមរយៈការផ្សាយផ្ទាល់ចេញពីគេហទំព័រផ្សេងៗគ្នា។ ជាក់ស្ដែងដោយសារភាពទំនើបកម្មនេះហើយបានជួយសម្រួលឲ្យមានភាពងាយស្រួលក្នុងជីវភាពរស់នៅ និងចំណេញពេលវេលាបានច្រើនក្នុងការទទួលបានព័ត៌មានថ្មីៗ និងកាន់តែឆាប់រហ័ស។ ដោយឡែក សម្រាប់ផ្នែកចំណេះដឹងសុខភាពក៏កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជនជាច្រើនផងដែរ ដោយគេសង្កេតឃើញមានការចែករំលែកអត្ថបទសុខភាព និងគន្លឹះសុខភាពប្លែកៗជារៀងរាល់ថ្ងៃ។ ដូច្នេះដើម្បីដើរឲ្យទាន់សម័យកាល និងអាចបំពេញតម្រូវការផ្នែកសុខាភិបាលឲ្យកាន់តែទូលំទូលាយ ក្រុមហ៊ុន ហេលស៍ថាម ខប បានផ្ដួចផ្ដើម និងរៀបចំកម្មវិធី Live show មួយឈ្មោះថា “តោះនិយាយពីសុខភាព ឬ Healthtime Talk” រដូវកាលទីមួយដែលចាប់ផ្ដើមនៅខែតុលា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២០ ក្នុងគោលបំណងចង់ពង្រឹង បង្កើនការចូលរួម និងផ្ដល់ការអប់រំផ្នែកសុខភាពពីសំណាក់អ្នកឯកទេសសុខាភិបាលទៅកាន់សាធារណជន និងបណ្តាអ្នកលេងហ្វេសប៊ុកទាំងអស់។

“តោះនិយាយពីសុខភាព ឬ Healthtime Talk” ជាកម្មវិធីផ្សាយផ្ទាល់ចេញពីទំព័រហ្វេសប៊ុក Healthogo មានរយៈពេល ៦០នាទីដែលនឹងរៀបចំឡើង ៣ដងក្នុងមួយខែ ដោយធ្វើឡើងជារៀងរាល់ថ្ងៃសុក្រនៃសប្ដាហ៍ទី១ ទី២ និងទី៤។ ជាក់ស្ដែង ក្នុងកម្មវិធីរាល់សប្ដាហ៍ទី ១នឹងពាំនាំនូវកិច្ចពិភាក្សាអំពីបញ្ហាសុខភាពយ៉ាងស៊ីជម្រៅ និងផ្តោតលើហានិភ័យប្រឈមទៅនឹងជំងឺ ដោយមានការចូលរួមបកស្រាយពីសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសទៅតាមប្រធានបទនីមួយៗ។  សម្រាប់រាល់សប្ដាហ៍ទី ២ គឺជាកម្មវិធីឆ្លើយសំណួរទាក់ទងនឹងប្រធានបន្តពីសប្តាហន៍ទី១ ដើម្បីបើកឱកាសដល់អ្នកចូលរួមបានយល់កាន់តែច្បាស់អំពីប្រធានបទ និងឈ្នះរង្វាន់តាមរយៈការឆ្លើយសំណួរ។ ។ ចំណែក កម្មវិធីផ្សាយផ្ទាល់នៅរាល់សប្ដាហ៍ទី ៤ គឺជាកិច្ចពិភាក្សាស្ដីពីគន្លឹះសុខភាពដែលផ្តោតលើ ការបរិភោគ លំហាត់ប្រាណ និងការរស់នៅប្រចាំថ្ងៃ សម្រាប់ការពារខ្លួនពីជំងឺនានា ដោយមានការចូលរួមបកស្រាយពីអ្នកជំនាញសុខភាព រួមទាំងសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសទៅតាមប្រធានបទនីមួយៗផងដែរ។។ ជារួម បន្ទាប់ពីទស្សនាកម្មវិធីផ្សាយផ្ទាល់ “តោះនិយាយពីសុខភាព ឬ Healthtime Talk” នឹងផ្ដល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកទស្សនា ក៏ដូចជាសាធារណជនទាំងអស់រួមមាន ការសិក្សាស្វែងយល់ពីបញ្ហា និងគន្លឹះសុខភាពយ៉ាងសម្បូរបែប ការទទួលបានឱកាសក្នុងការសាកសួរពីបញ្ហាសុខភាពទៅកាន់វេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញសុខភាពដោយផ្ទាល់ និងភ្លាមៗ ជាពិសេសគឺការបង្កើនការទំនាក់ទំនងរវាងអ្នកទស្សនា ក៏ដូចជាអ្នកជំនាញសុខភាពទាំងអស់កាន់តែប្រសើរឡើងតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ ក៏ដូចជាមន្ទិលសង្ស័យនានាទាក់ទងនឹងសុខភាព និងការរស់នៅតែម្តង។ ក្នុងនោះ កម្មវិធីរបស់យើងទទួលបានការគាំទ្រពីសំណាក់ផលិតផលស្ករបៀម កុកស៊ីល ផលិតផល CoPlaster និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយ៍ ខេមបូឌា គាំទ្រការស្រលាញ់សុខភាព និងក្រុមហ៊ុនស្ថាប័នពាក់ព័ន្ធនឹងសុខភាព សុខមាលភាពផ្សេងទៀតផងដែរ។

គួរបញ្ជាក់ដែរថាក្នុងរដូវកាលទីមួយនេះ ការផ្សាយផ្ទាល់នឹងធ្វើឡើងពាក់ព័ន្ធទៅនឹងសុខភាពម្ដាយ និងទារក សុខភាពស្រ្តីនិងសុខភាពផ្នែកបេះដូងដោយមានការចូលរួមពីសំណាក់វាគ្មិនដែលជាសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសដ៏មានបទពិសោធន៍ទៅតាមជំងឺនីមួយៗដូចជា៖
• វេជ្ជបណ្ឌិត ហេង វីរដ្ឋ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និង ជំងឺទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
• លោកស្រីវេជ្ជបណ្ឌិត យង់ ម៉ាលីសាដែត វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត
• សាស្ត្រាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
• លោកវេជ្ជបណ្ឌិត គុជ គីមសួរ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
• វេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត
• លោកស្រីវេជ្ជបណ្ឌិត មិន សេងលាប បណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត
• លោកស្រីវេជ្ជបណ្ឌិត វន ម៉ាលីស វេជ្ជបណ្ឌិតឯកទេស ជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ។

ក្រៅពីនោះ ក៏នៅមានការចូលរួមពីសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសផ្សេងទៀតសម្រាប់កម្មវិធីផ្សាយផ្ទាល់ជាបន្តបន្ទាប់ផងដែរ។ 

បានទាំងចំណេះដឹង បទពិសោធន៍ ព្រមទាំងមានឱកាសបានសាកល្បងការយល់ដឹង និងទទួលបានកាដូទៀត ដូចនេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណានៅរៀងរាល់ថ្ងៃសុក្រ សប្តាហ៍ទី១ ទី២ និងទី៤ នៅលើទំព័រហ្វេសប៊ុក Healthogo នៅវេលាម៉ោង ១២:៣០ នាទី ដល់ម៉ោង ០១:៣០ រសៀល។

សម្រាប់ព័ត៌មានបន្ថែម និងសម្រាប់ការផ្សព្វផ្សាយអាចទាក់ទងតាមរយៈ៖ 077 888 076/ 010 381 103 ឬ clinic.community@time-media.com។

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់