ខ្ញុំមានអាការៈ ឈឺក្បាល

ស្ទើរតែគ្រប់គ្នា សុទ្ធតែធ្លាប់ឆ្លងកាត់ការឈឺចាប់ដោយសារបញ្ហាឈឺក្បាល ប៉ុន្តែតើការឈឺចាប់ក្បាលនេះ ជារឿងធម្មតាដោយសារតែអ្នកមានបញ្ហាស្មុគស្មាញច្រើន ឬអាចបង្កមកពីជំងឺផ្សេងទៀតដែលទាមទារឲ្យមានការព្យាបាលឲ្យបានត្រឹមត្រូវ?

អាការៈឈឺក្បាលមានច្រើនប្រភេទ ដូចជា៖
១ ការឈឺក្បាលកើតលើអ្នកដែលមិនមានទម្លាប់ឈឺក្បាលពីមុនមក
ករណីឈឺក្បាលខ្លាំងភ្លាមៗ អាចគិតដល់មុនគេគឺជំងឺហូរឈាមក្នុងស្រោមខួរ ជំងឺកកឈាមក្នុងសរសៃឈាមវ៉ែនខួរក្បាល និងការរហែកសរសៃឈាមអាទែរ។
ករណីឈឺក្បាលខ្លាំងឡើងៗតាមដំណាក់កាល
o ប្រសិនបើកើតឡើងច្រើនម៉ោង៖ ហើយមានក្តៅខ្លួន អាចជាជំងឺរលាកស្រោមខួរ
o ប្រសិនបើកើតឡើងច្រើនថ្ងៃ៖
- ការឈឺក្បាលសាយពេញក្បាល ឈឺជាប់រហូតហើយធ្ងន់ធ្ងរ អាចមកពីការឡើងសម្ពាធក្នុងខួរក្បាល។ ករណីនេះគ្រូពេទ្យនឹងធ្វើការស្កែនខួរក្បាលដើម្បីអាចបែងចែកថាជាជំងឺកកឈាមក្នុងស្រោមខួរក្បាលរ៉ាំរ៉ៃ អាប់សែខួរក្បាល ឬជំងឺទឹកដក់ក្នុងខួរក្បាលពាក់កណ្តាលស្រួចស្រាវ (Hydrocéphalie subaiguë)។ ប៉ុន្តែបើលទ្ធផលស្កែនធម្មតា នោះអាចជាជំងឺរលាកខួរក្បាលពាក់កណ្តាលស្រួចស្រាវ (Méningites subaiguës)
- ក្រៅពីនេះ អាចជាជំងឺកកឈាមក្នុងសរសៃវ៉ែនរបស់ខួរក្បាល ការឈឺក្បាលដែលមកពីប្រើថ្នាំប្រភេទដេរីវេរបស់ពួកនីត្រេ ឬថ្នាំពង្រីកសរសៃឈាមឬអាចមកពីឡើងសម្ពាធឈាមខ្លាំងភ្លាមៗនិងធ្ងន់ធ្ងរ
o ប្រសិនបើកើតលើមនុស្សចាស់៖ គួរគិតដល់ជំងឺ Maladie de Horton។

២ ការឈឺក្បាលកើតលើអ្នកឧស្សាហ៍ឈឺក្បាល
ករណីឈឺក្បាលមានលាយជាមួយនឹងក្អួត ឬចង្អោរ ឈឺពេលឮសំឡេងខ្លាំង ឬចាំងពន្លឺខ្លាំង អាចជាជំងឺប្រកាំង
ករណីឈឺតែក្បាលគ្មានរោគសញ្ញាផ្សេងទៀត អាចជាការឈឺក្បាលដោយសារភាពតានតឹង
ករណីឈឺក្បាលខាងក្រោយកន្លែងសម្បូរសរសៃប្រសាទញាណ អាចជាជំងឺឈឺសរសៃប្រសាទ (Névralgies)
ករណីឈឺក្បាលជាមួយនឹងការហូរទឹកភ្នែក និងហូរសម្បោរជាដើម អាចជាជំងឺសង្កត់លើសរសៃប្រសាទ Trijumeau ដោយសារតែការរីកប៉ោងរបស់សរសៃឈាមនៅជុំវិញវា (Algie vasculaire de la face) ឬជំងឺHémicrânie paroxystique chronique។

៣ ការឈឺក្បាលតាមកាលៈទេសៈ
ការឈឺក្បាលដោយសារការហាត់ប្រាណខ្លាំងពេក
ការឈឺក្បាលដោយសារប៉ះអាកាសធាតុត្រជាក់
• ការឈឺក្បាលដោយសារការក្អក។

៤ ការឈឺក្បាលដោយសារសរីរាង្គផ្សេងៗ
ការឈឺក្បាលរួមជាមួយនឹងការឈឺនៅត្រង់ប្រហោងឆ្អឹងដោយធ្វើការស្ទាប អាចជា ជំងឺរលាកប្រហោងឆ្អឹងស្រួចស្រាវ
ការឈឺក្បាលនៅត្រង់ភ្នែក ឬខាងក្រោយភ្នែកអាចជា ជំងឺទឹកដក់ក្នុងភ្នែក
ការឈឺក្បាលរួមជាមួយនឹងការឈឺនៅមុខ អាចជា ជំងឺធ្មេញ
ការឈឺក្បាលរួមជាមួយនឹងមានការឈឺចាប់នៅពេលធ្វើចលនាថ្គាម អាចជា បញ្ហាមុខងាររបស់សន្លាក់ឆ្អឹងថ្គាម

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម​ ប្រូ លេខ ៨៣

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់