ការធ្លាក់ឈាមតិចៗក្រោយពេលដាក់កងក្នុងដៃអាចជាបញ្ហាទេ?

ស្ទើរតែគ្រប់មធ្យោបាយពន្យារកំណើតទាំងអស់តែងតែបង្កឲ្យមានផលរំខានបន្តិចបន្តួចដែលអាចប្រែប្រួលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ ករណីខាងក្រោមបានរៀបរាប់ពីផលរំខាននៃការដាក់កងក្នុងដើមដៃដែលអ្នកគួរដឹង។

សំណួរ៖ បងស្រីខ្ញុំមានអាយុ ៣៧ឆ្នាំ ភេទស្រី ទម្ងន់ ៥៦គីឡូក្រាម មុខរបរជាស្រ្តីមេផ្ទះ។ គាត់បានដាក់កងនៅក្នុងដើមដៃ បានរយៈពេលប្រហែលកន្លះខែមក ស្រាប់តែមានអាការៈធ្លាក់ឈាមមកតិចៗរហូត ហើយរដូវរបស់គាត់ក៏មកមិនទៀងទាត់ដូចមុនដែរ ជួនកាលមួយខែមកម្តង ឬមួយខែមក ៣ ទៅ៤ដងក៏មាន។ ខ្ញុំចង់សួរថា តើអាការៈនេះបណ្តាលមកពីបញ្ហាអ្វីទៅ? ហើយបង្កគ្រោះថ្នាក់ដល់សុខភាពដែរឬទេ?

ចម្លើយ៖ ការហូរឈាមតិចៗ (អាចធ្លាក់នៅចន្លោះវដ្តរដូវ) គឺជាផលរំខានដែលតែងកើតមានឡើងជាញឹកញាប់ចំពោះស្ត្រីដែលកំពុងប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតដោយដាក់កងក្នុងដើមដៃ។ ក្នុងចំណោមស្រ្តី ១០នាក់ មានស្រ្តីម្នាក់ដែលនឹងអាចបញ្ឈប់ការប្រើប្រាស់វិធីសាស្រ្តនេះវិញ ដោយសារការហូរឈាមមិនប្រក្រតី ប៉ុន្តែមិនមែនគ្រប់ស្រ្តីទាំងអស់សុទ្ធតែមានបញ្ហានេះទេ ហើយស្ត្រីភាគច្រើនដែលមានបញ្ហានេះនឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានខែក្រោយ។ តាមពិត ការហូរឈាមតិចៗបន្ទាប់ពីបានដាក់កងនៅដៃលើកដំបូងមិនបង្កជាគ្រោះថ្នាក់ ឬជាបញ្ហាដែលគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែប្រសិនបើបងស្រីរបស់អ្នកយល់ថា វាពិតជារំខានខ្លាំងសម្រាប់គាត់នោះការដាក់កងក្នុងដើមដៃមិនមែនជាជម្រើសរបស់គាត់ឡើយ។ គាត់អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកវិធីសាស្ត្រសមស្របដទៃទៀត។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលសថាម ប្រូ​ លេខ ៨៣

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់