បំបាត់តឹងច្រមុះជាមួយសារធាតុសកម្ម Pseudoephedrine

Pseudoephedrine គឺជាប្រភេទឱសថបំបាត់អាការៈតឹងច្រមុះ (Decongestant) ដែលមានមុខងារទៅលើសរសៃឈាមច្រមុះផ្ទាល់។ វាជាសារធាតុសកម្មមួយដែលភាគច្រើនត្រូវបានផលិតឡើងរួមបញ្ចូលជាមួយសារធាតុសកម្មឱសថបំបាត់ផ្ដាសាយផ្សេងទៀត និងក្រោមទម្រង់ជាច្រើនរួមមាន ឱសថគ្រាប់ សូលុយស្យុង និងម្សៅជាដើម។

សកម្មភាពឱសថ
Pseudoephedrine មានសកម្មភាពទៅលើ Alpha-adrenergic receptors នៃភ្នាសប្រព័ន្ធផ្លូវដង្ហើមដែលធ្វើឲ្យមានការបង្រួមសរសៃឈាមនៅនឹងច្រមុះផ្ទាល់។ សកម្មភាពនេះបានទៅជួយកាត់បន្ថយការហើម បំបាត់តឹងច្រមុះ និងបង្កើនផ្លូវដង្ហើមឲ្យបានល្អឡើងវិញ នៅពេលមានជំងឺដូចជា ផ្ដាសាយ ជំងឺនៅប្រព័ន្ធផ្លូវដង្ហើម អាល្លែកហ្ស៊ី និងជំងឺរលាកទងសួត។ល។ Pseudoephedrine ត្រូវបានសង្កេតឃើញមានប្រសិទ្ធភាពរហូតទៅដល់ ១២ ម៉ោង ដោយកំហាប់ឱសថអាចកើនឡើងខ្ពស់បំផុតក្នុងចន្លោះ៣០ ទៅ ៦០នាទីបន្ទាប់ពីការលេប និងប្រែប្រួលទៅតាមប្រភេទទម្រង់ឱសថ។ ឱសថនេះត្រូវបានធ្វើមេតាបូលីសមួយផ្នែកនៅក្នុងថ្លើម និងត្រូវបានបញ្ចេញចោលតាមរយៈទឹកនោម។

កម្រិតប្រើប្រាស់
គួរប្រើប្រាស់ឱសថតាមការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺមិនឲ្យលើសពី ២៤០ មិល្លីក្រាមក្នុងមួយថ្ងៃ។

ផលរំខានឱសថ
Pseudoephedrine អាចបណ្តាលឲ្យអ្នកជំងឺមួយចំនួនមានអាការៈធីងធោង ខ្សោយ ក្អួតចង្អោរបាត់បង់ចំណង់អាហារ ឈឺក្បាល និងងងុយគេងចំណែកផលរំខានផ្សេងទៀតក៏អាចកើតមានឡើងផងដែរដោយតម្រូវឲ្យអ្នកជំងឺទៅជួបគ្រូពេទ្យរួមមាន៖
ភ័យ
វិលមុខ
គេងមិនលក់
ឈឺពោះ
ពិបាកក្នុងការដកដង្ហើម
ចង្វាក់បេះដូងលោតមិនទៀងទាត់ ឬញាប់។ល។

អន្តរកម្មឱសថ
ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើនឬបន្ថយប្រសិទ្ធភាពឱសថ និងបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្តែង Pseudoephedrine ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖
ឱសថក្នុងក្រុម MAO inhibitors៖ Isocarboxazid, Linezolid, Methylene blue និង Phenelzine
ឱសថពពួក Stimulants៖ Caffeine, Dextroamphetamine, Ephedra និង Tebutaline
ឱសថព្យាបាលលើសសម្ពាធឈាម៖ ពពួក Beta-blockers ពពួក Calcium Channel blockers, Guanethidine និង Methyldopa ជាដើម។

ដើម្បីចៀសវាងហានិភ័យ និងផលរំខានដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរពិគ្រោះយោបល់ ឬប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត មុននឹងសម្រេចចិត្តប្រើប្រាស់ឱសថ Pseudoephedrine។

បម្រុងប្រយ័ត្ន
ការប្រើប្រាស់ឱសថ Pseudoephedrine ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖
អាល្លែកហ្ស៊ីជាមួយសារធាតុសកម្មនៅក្នុងឱសថឬធ្លាប់មានប្រតិកម្មជាមួយឱសថ Ephedrine និង Phenylephrineជាដើម
អ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺទឹកដក់ក្នុងភ្នែក ជំងឺថ្លើម បញ្ហាបេះដូង (គាំងបេះដូង ចុកទ្រូង ឬខ្សោយបេះដូង) សម្ពាធឈាមឡើងខ្ពស់ ពិបាកបត់ជើងតូច (បញ្ហាក្រពេញប្រូស្តាតរីកធំ) និងបញ្ហាតម្រងនោម សុទ្ធតែទាមទារការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីមុនសម្រេចចិត្តប្រើប្រាស់ឱសថនេះ
ឱសថ Pseudoephedrine  អាចធ្វើឲ្យអ្នកមានបញ្ហាវិលមុខខ្លាំងក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា
ការប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវធ្វើឡើងក្នុងករណីដែលចាំបាច់បំផុត និងស្ថិតក្រោមការអនុញ្ញាតរបស់វេជ្ជបណ្ឌិតតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ សារធាតុសកម្ម Pseudoephedrine អាចមានរួមបញ្ចូលនៅក្នុងឱសថមួយចំនួននៅលើទីផ្សារដូចជា៖ Procold Flu, Zyrtec-D និង Panadol Cold+Flu ជាដើម។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៣

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់