គួរត្រួតពិនិត្យសុខភាព ទោះបីជាមិនទាន់ឈឺក៏ដោយ

“ខ្ញុំប្រហែលជាមិនត្រូវចំណាយប្រាក់ និងពេលវេលាច្រើនយ៉ាងនេះ ឬត្រូវឈឺ និងពិបាកក្នុងខ្លួនដល់ម្លឹង ឬត្រូវធ្វើឲ្យមនុស្សជាទីស្រឡាញ់បារម្ភដល់ថ្នាក់នេះ ឬសរុបមក អ្វីៗនឹងប្រសើរជាងនេះ ប្រសិនបើខ្ញុំបានដឹងមុនពីបញ្ហាសុខភាពរបស់ខ្ញុំ ឬបានមកជួបគ្រូពេទ្យឲ្យបានលឿនជាងនេះឬតាំងពីមិនទាន់មានរោគសញ្ញាណាមួយតែម្តង” យើងប្រហែលជានឹងស្តាយក្រោយបែបនេះប្រសិនបើយើងចាំរហូតដល់យើងឈឺថ្កាត់ ឬស្ថិតក្នុងសភាពធ្ងន់ធ្ងរទៅហើយទើបទៅជួបជាមួយគ្រូពេទ្យនោះ។

ជាទូទៅ មនុស្សភាគច្រើនមិនបានចាត់ទុកការត្រួតសុខភាពជាប្រចាំជាផ្នែកមួយនៃការរស់នៅឡើយអមជាមួយនឹងការមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍នៃការពិនិត្យសុខភាពផង យើងកាន់តែកម្រជួបករណីពិនិត្យសុខភាពនៅពេលដែលមិនទាន់ឈឺថ្កាត់ខ្លាំងណាស់ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងវ័យក្មេងនៅឡើយ ឬចន្លោះវ័យ ២០ ទៅ ៣៥ឆ្នាំតែម្តង។

ពិតណាស់ យើងម្នាក់ៗរមែងចង់រីកចម្រើន និងជោគជ័យមិនថាលើការសិក្សា និងអាជីពការងារ មុខរបររកស៊ីជាដើមដើម្បីតាមឲ្យទាន់ការរីកចម្រើននៃសង្គមដែលខ្លួនកំពុងរស់នៅ ដែលជាហេតុធ្វើឲ្យយើងរវល់មមាញឹកជាខ្លាំង និងមើលរំលងនូវបញ្ហាជាច្រើនរួមទាំងបញ្ហាសុខភាពផងដែរជាពិសេសនៅពេលដែលយើងគ្មានការរំខានអ្វីទាំងអស់ពីរោគសញ្ញា។ ម្យ៉ាង បើទោះជាយើងមានពេល ប្រហែលការពិនិត្យ ឬថែទាំសុខភាពមិនបានស្ថិតនៅលើបញ្ជី ឬ checklist របស់យើងដែរ ជំនួសមកវិញយើងនឹងអាចជ្រើសយកការចំណាយពេលលើការកម្សាន្ត ការទំនាក់ទំនងខាងក្រៅ ឬតាមបណ្តាញសង្គមច្រើនជាង។  ជាក់ស្តែង សកម្មភាព ឬទម្លាប់រស់នៅរបស់យើងភាគច្រើន រួមមានការរស់នៅក្នុងមជ្ឈដ្ឋានដែលមិនល្អបរិសុទ្ធ សារធាតុគីមីសារធាតុពុល ឬកខ្វក់ និងជាពិសេសការរស់នៅជាមួយនឹងភាពតានតឹង និងស្ត្រេស ការបរិភោគអាហារមិនសុវត្ថិភាព ការមិនហាត់ប្រាណបានទៀងទាត់ជាដើមហាក់ដូចជាមិនអំណោយផលដល់សុខភាពស្រាប់ទៅហើយ បូករួមជាមួយនឹង ការកើតមានឡើងនៃជំងឺថ្មីៗ និងកាចសាហាវជាច្រើន កត្តាទាំងអស់នេះកាន់តែធ្វើឲ្យយើងបង្កើនការប្រឈមទៅនឹងជំងឺជាច្រើនដោយមិនដឹងខ្លួន។ ដូចនេះ គួរតែដល់ពេលហើយដែលយើងទាំងអស់គ្នា ទាំងចាស់ និងក្មេង បុរស និងស្ត្រី គួរយកចិត្តទុកដាក់លើការតាមដាន និងថែទាំសុខភាព និងបញ្ជូលវាក្នុងកតាព្វកិច្ចដែលត្រូវតែធ្វើដើម្បីខ្លួនឯង និងក្រុមគ្រួសារ។ 

ប្រសិនបើអ្នកនៅតែមិនទាន់ប្រាកដចិត្ត ខាងក្រោមនេះជាមូលហេតុដែលអ្នកគួរចាប់ផ្តើមពិនិត្យសុខភាពឲ្យបានទៀងទាត់៖
1. កាត់បន្ថយហានិភ័យនៃជំងឺកាចសាហាវ
គួរឲ្យខ្លាចបំផុតនោះគឺ ជំងឺកាចសាហាវ និងរ៉ាំរ៉ៃជាច្រើន មិនបង្ហាញរោគសញ្ញាគួរឲ្យកត់សម្គាល់ណាមួយនៅដំណាក់កាលដំបូងៗឡើយ ដូចនេះមានតែការត្រួតពិនិត្យដោយបច្ចេកទេស និងវិនិច្ឆ័យដោយវេជ្ជបណ្ឌិតទេទើបអាចបញ្ចៀស ឬកាត់បន្ថយហានិភ័យដែលមើលមិនឃើញទាំងនោះបាន។ ដោយឡែក មានជំងឺមួយជាច្រើនផងដែរ ដែលមិនកើតឡើងក្នុងពេលតែយប់ឡើយ តែវាជាលទ្ធផលនៃសកម្មភាព ឬកត្តារស់នៅដែលធ្វើឡើងម្តងហើយម្តងទៀតរយៈពេលជាច្រើនឆ្នាំ ហើយកត្តាទាំងនោះអាចត្រូវបានអ្នកមើលរំលង ប៉ុន្តែអ្នកនឹងអាចរកវាឃើញហើយរកវិធានការបំបាត់វាចោលនៅពេលអ្នកបានពិគ្រោះ និងតាមដានជាមួយនឹងវេជ្ជបណ្ឌិត។

2. បង្កើនឳកាសក្នុងការព្យាបាលជាសះស្បើយ
ការតាមដានសុខភាពទៀងទាត់មិនត្រឹមជួយក្នុងការរកឃើញនូវកត្តាប្រឈមទាន់ពេលវេលា តែវាក៏បង្កើនឳកាសក្នុងការទទួលការព្យាបាលបានឆាប់រហ័ស និងទាន់ពេលវេលាដែលអាចជួយសង្គ្រោះអាយុជីវិតអ្នក ក្នុងករណីរកឃើញជំងឺនៅដំណាក់កាលដំបូងៗផងដែរ។ 

3. កាត់បន្ថយការចំណាយ
សំដៅដល់ទាំងការចំណាយទាំងពេលវេលា ទាំងថវិការ កម្លាំងកាយ និងកម្លាំងចិត្តដែលអាចនឹងត្រូវកើនលើសពីទ្វេដងប្រសិនបើការរកឃើញជំងឺយឺតពេល ដែលការពិតវាគួរតែត្រូវបានរកឃើញតាំងពីដំបូង ឬសឹងតែតាំងពីយើងអាចទប់ស្កាត់មិនឲ្យវាកើតមានឡើងបាន។ 

4. ស្រាយចម្ងល់ និងការព្រួយបារម្ភលើសលប់
សម័យនេះ យើងសឹងតែអាចរក និងសួរគ្រប់យ៉ាងដោយគ្រាន់តែមានប្រព័ន្ធអុីនធឺណែត វាលឿន និងសម្បូរបែប ក៏ប៉ុន្តែវាក៏អាចធ្វើអ្នកកាន់តែភ័យខ្លាចនិងបារម្ភ ជាមួយនឹងលទ្ធផលជាច្រើនទៅវិញ។ ជាមួយនឹងចម្លើយជាច្រើន តើមួយណាជាចម្លើយរបស់យើងទៅ? នៅតែការទៅជួបពិគ្រោះផ្ទាល់ជាមួយគ្រូពេទ្យទើបយើងអាចបានចម្លើយ និងដឹងថាតើយើងត្រូវការដំណោះស្រាយឬទេ? ឬដំណោះស្រាយបែបណា?

5. ទទួលបានដំបូន្មានមិនត្រឹមតែទាក់ទងនឹងជំងឺ តែក៏រួមទាំងការរស់នៅផងដែរ
នេះហើយជាមូលហេតុសាមញ្ញមួយដែលការទៅជួបជាពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតធ្វើឲ្យយើងចំណេញ។ ក្រៅពីស្រាយចម្ងល់ឬដោះស្រាយបញ្ហាសុខភាពហើយ យើងនៅអាចទទួលបានដំបូន្មានល្អៗ និងអាចទុកចិត្តបាន ជាពិសេសគឺត្រូវនឹងស្ថានភាពរបស់យើងផ្ទាល់ផងដែរ(ឧ គីឡូ មុខរបរ ជំងឺប្រចាំកាយ ប្រវត្តិគ្រួសារ ជាដើម)  មិនថាទាក់ទងនឹងការឡើងទម្ងន់ ការស្រកទម្ងន់ ការពិបាកគេង ការបរិភោគ ឬធ្វើលំហាត់ប្រាណ ការប្រើប្រាស់ឳសថជាដើម។ ដំបូន្មានផ្ទាល់ខ្លួនបែបនេះជាគុណតម្លៃដែលយើងមិនអាចរកបានទេតាមរយៈការអានអត្ថបទ ឬមើលវីដេអូអប់រំជារួម ឬស្វែងរកតាមអ៊ីនធឺណែត។ 

សរុបមក វាពិតជាមិនលឿនពេកទេ ក្នុងការតាមដានសុខភាព តាំងពីយើងនៅមានសុខភាពល្អ តែវាមានតែធ្វើឲ្យយើងចំណេញទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ 

ប្រសិនបើអ្នកចង់ចាប់ផ្តើមទម្លាប់នឹងការទទួលការពិនិត្យសុខភាព កុំភ្លេចចូលរួមនៅក្នុងកម្មវិធី ទេសចរណ៍សុខភាពHealthtime Check-up Tour ដែលមានផ្តល់នូវការពិនិត្យសុខភាពបឋមចល័តដោយឥតគិតថ្លៃ ព្រមទាំងសកម្មភាពសុខភាពជាច្រើនទៀត។ ដើម្បីទទួលបានដំណឹងអំពីកម្មវិធីនៅលើកក្រោយ សូមតាមដាននៅលើទំព័រហ្វេសប៊ុក Healthogo, by Healthtime 

កម្មវិធីបន្ទាប់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩៖ ទេសចរណ៍សុខភាព Healthtime Check-up Tour "Going Back to School"

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់