ខ្ញុំមានអាការៈ ក្អក

ការក្អក គឺជាសកម្មភាពរ៉េផ្លិកដើម្បីបញ្ចេញស្លេស្មឬវត្ថុអ្វីមួយចេញពីបំពង់ក ដូចជាធូលី ឬផ្សែងផ្សេងៗ។ អាការៈក្អក មាន២ប្រភេទគឺក្អកស្រួចស្រាវ និងក្អករ៉ាំរ៉ៃ។ ក្អកស្រួចស្រាវ ជាការក្អកកើតឡើងភ្លាមៗ ហើយជាទូទៅកើតមានក្នុងរយៈពេល ២ ទៅ៣សប្តាហ៍ ឯក្អករ៉ាំរ៉ៃ ជាការក្អករយៈពេលយូរអាចលើសពី ៣សប្តាហ៍។

តើអាការៈក្អកអាចបណ្តាលមកពីអ្វីខ្លះ?
១. ករណីក្អកស្រួចស្រាវ មូលហេតុអាចបង្កមកពី៖
ការបង្ករោគ ដូចជា៖
- រលាកបំពង់ក (Pharyngite, Laryngite)
- រលាកត្រចៀក
- រលាកប្រហោងឆ្អឹង
- រលាកទងសួត
- រលាកសួត
- រលាកស្រោមសួត
បញ្ហាអាល្លែកហ្ស៊ី អាចជាជំងឺហឺត (ក្អកញាប់ហើយភាគច្រើននៅពេលយប់)
ជំងឺបេះដូងខាងឆ្វេង ទាក់ទងនឹងជំងឺហើមសួត
ការស្រូបចូលនៃធូលីដីឬផ្សែងមិនល្អ។

មូលហេតុទាំងនេះ តែងកើតមានញឹកញាប់ និងងាយក្នុងការធ្វើរោគវិនិច្ឆ័យ។ ប៉ុន្តែបើបញ្ហាក្អករបស់អ្នក មិនអាចធ្វើរោគវិនិច្ឆ័យបានតាមរោគសញ្ញាទេ គ្រូពេទ្យនឹងធ្វើការថតសួតដើម្បីរកមើលថាតើមានបញ្ហាបង្ករោគនៅនឹងទងសួតដែលអាចមានវត្តមានដុំសាច់ មានស្ទះរបស់ពីខាងក្រៅ ឬជាវិបត្តិដំណកដង្ហើម ឬការបង្ករោគនៅនឹងសួតអាចជា៖
- ជំងឺរលាកសួត
- មហារីកសួត
- ឬជំងឺនៅមេយ៉ាស្តាំងដែលអាចមានវត្តមានដុំសាច់សង្កត់ ឬនៅស្រោមសួតប្រសិនបើអ្នកជំងឺក្អកពេលបន្លាស់ប្តូរទីតាំង។

២. ករណីក្អកស្លេស្មរ៉ាំរ៉ៃ ភាគច្រើនទាក់ទងនឹងការរលាកទងសួតរ៉ាំរ៉ៃ ដោយសារតែការជក់បារី។ អ្នកត្រូវប្រុងប្រយ័ត្នចំពោះ៖
• បើការក្អកមានការកើនឡើងខ្លាំងចំពោះអ្នកដែលជក់បារីច្រើន នោះវាអាចជាសញ្ញានៃជំងឺមហារីកទងសួត
• ស្លេស្មមានការកើនឡើងខ្លាំង ហើយបូកផ្សំជាមួយនឹងមានការបង្ករោគបន្ថែម (ការរីកធំនៃទងសួត)
• ក្អកខ្លាំងនៅពេលបរិភោគអាហារ អាចជាជំងឺទាក់ទងនឹងការលេបដូចជា មហារីកបំពង់ក ការឆ្លងគ្នារវាងបំពង់អាហារនិងបំពង់ខ្យល់ (Fustule oeso-trachéale) ក្លនលូនក្រពះ (Hernie hiatale)។

៣. ករណីក្អកស្ងួតរ៉ាំរ៉ៃ មូលហេតុអាចទាក់ទងនឹង
• ជំងឺនៅបំពង់ក រលាកត្រចៀករ៉ាំរ៉ៃ ឬរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ
• ជំងឺមហារីកទងសួត
• ជំងឺនៅកូនថង់សួត (Pathologie interstitielle pulmonaire)
• ជំងឺក្រិនសួត ឬ ជំងឺ Granulomatoses pulmonaires
• ជំងឺហើមសួតនិងបេះដូងខ្លាំង
• ជំងឺមហារីក ឬជំងឺរបេងដែលសាយភាយខ្លាំង
• ជំងឺរលាកស្រោមសួតរ៉ាំរ៉ៃ
• សារធាតុដែលស្រូបចូលក៏អាចជាមូលហេតុដែរអាចជាការរលាកដោយផ្ទាល់នៅកន្លែងដែលប៉ះនឹងសារធាតុនោះ ឬអាចជាការអាល្លែកហ្ស៊ី (ហឺត) ឬអាល្លែកហ្ស៊ីនៅកូនថង់សួត
• ជំងឺទាក់ទងនឹងសរសៃប្រសាទ។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់