SGMC៖ ការវាស់សម្ពាធឈាមបានត្រឹមត្រូវអាចជួយរកសញ្ញាណដំបូងនៃជំងឺលើសឈាម

ជាមួយនឹងការរីកចម្រើន និងទំនើបកម្មនៃសង្គមសព្វថ្ងៃមិនថានៅក្នុងវិស័យណាមួយនោះទេ គឺធ្វើឡើងក្នុងគោលបំណងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយឡែកភាពងាយស្រួលនោះមួយផ្នែកពិតជាបានផ្ដល់ផលវិជ្ជមានពិតមែន ប៉ុន្តែមួយផ្នែកទៀតកំពុងតែបង្កជាវិបត្តិប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែង ប្រជាពលរដ្ឋពិសេសបុគ្គលមានវ័យចំណាស់ភាគច្រើន កំពុងប្រឈមទៅនឹងជំងឺរ៉ាំរ៉ៃមួយប្រភេទ ហៅថា ជំងឺលើសសម្ពាធឈាម ដែលបណ្តាលមកពីការអនុវត្តខុសក្នុងការរស់នៅប្រចាំថ្ងៃ បូករួមទាំងកត្តាចំណីអាហារ និងកង្វះលំហាត់ប្រាណ ឬចលនាផ្សេងៗជាដើម។ 

ដោយសង្កេតឃើញពីកំណើនឥតឈប់ឈរនៃអត្រាជំងឺលើសសម្ពាធឈាម មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) បានរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “ការការពារ និងគ្រប់គ្រងជំងឺលើសសម្ពាធឈាម” ដែលបានប្រព្រឹត្តិនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីផ្ទាល់។ កិច្ចពិភាក្សាដ៏ស្និទ្ធស្នាល ចាប់ពីម៉ោង ១១ព្រឹក រហូតដល់ ១រសៀលនេះ មានការចូលរួមពីសំណាក់វេជ្ជបណ្ឌិតជាវាគ្មិន ៣រូប រូមមាន Dr. Mean Veasna, Dr. Yin Setheka និង Dr. Kuch Chhoamdalin និងបណ្ដាក្រុមអ្នកសារពត៌មានមកពីស្ថាប័ននានា ក្នុងមានគោលបំណងបញ្រ្ជាប និងផ្សព្វផ្សាយដល់សហគមន៍ឲ្យបានស៊ីជម្រៅពីលក្ខណៈនៃជំងឺលើសសម្ពាធឈាម កត្តាបង្ក រួមទាំងការការពារ និងគ្រប់គ្រងផងដែរ។ 

កិច្ចសំណេះសំណាលនេះ ធ្វើឡើងដោយចាប់ផ្ដើមពីការធ្វើបទបង្ហាញទៅលើជំងឺលើសសម្ពាធឈាម ពីសំណាក់ Dr. Mean Veasna ដែលលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា “ជំងឺលើសសម្ពាធឈាមជាឃាតករសម្លាប់ប្រជាជនជារៀងរាល់ថ្ងៃ ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ហើយច្រើនកើតលើបុគ្គលដែលរស់នៅក្នុងទីក្រុងជាជាងនៅតាមជនបទ។ ស្ថិតក្នុងដំណាក់កាលដំបូង ជំងឺលើសសម្ពាធឈាមនៅមិនទាន់ចេញជារោគសញ្ញាជាក់លាក់ណាមួយនោះទេ ប៉ុន្តែអ្នកជំងឺអាចត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺលើសសម្ពាធឈាមតាមរយៈការវាស់សម្ពាធឈាមជាចៃដន្យនៅពេលពួកគាត់បានទៅពិនិត្យសុខភាព។” បន្ថែមពីនោះលោកវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់ទៅលើសារប្រយោជន៍នៃការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សតាមរយៈការបង្ហាញ និងពន្យល់ជាក់ស្ដែងពីវិធីសាស្រ្តវាស់សម្ពាធឈាមជាមួយម៉ាស៊ីនដែលធានាពីភាពជាក់លាក់នៃលទ្ធផលតម្លៃលេខរបស់សម្ពាធឈាម ក៏ដូចជាវិធីសាស្រ្តការពារ និងការគ្រប់គ្រងផងដែរ។ បន្តពីការធ្វើបទបង្ហាញ កិច្ចពិភាក្សាក៏បានបើកឱកាសដល់ក្រុមអ្នកសារពត៌មានធ្វើការសាក់សួរយ៉ាងលម្អិតបន្ថែមទាក់ទិនទៅនឹងប្រធានបទខាងលើ ដែលទទួលបានការបកស្រាយយ៉ាងច្បាស់លាស់ពីសំណាក់វេជ្ជបណ្ឌិតប្រចាំ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) ទាំង ៣រូប។ 

រយៈពេល ២ម៉ោងពេញនៃកិច្ចពិភាក្សានេះមានលក្ខណៈល្អប្រសើរ និងមានការចូលរួមចោទជាសំណួរយ៉ាងច្រើនលើសពីការរំពឹងទុក ហើយជាចុងបញ្ចប់នៃកម្មវិធី វេជ្ជបណ្ឌិតទាំង ៣រូប ក៏សូមធ្វើការផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ឲ្យចាប់ផ្តើមរៀបចំផែនការថែរក្សាសុខភាពចាប់ពីថ្ងៃនេះតទៅដោយធ្វើការផ្លាស់ប្ដូររបៀបរបបរស់នៅជារៀងរាល់ថ្ងៃ ដោយងាកមករកការបរិភោគអាហារសុខភាព ការធ្វើលំហាត់ប្រាណរួមទាំងការពិនិត្យសុខភាពឲ្យបានជាទៀងទាត់តាមការណែនាំរបស់វេជ្ជបណ្ឌិត។
 
គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) បានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ និងត្រូវបានទទួលស្គាល់ពីក្រសួងសុខាភិបាល មន្ទីរពាណិជ្ជកម្ម ក៏ដូចជាក្រសួងសេដ្ឋកិច្ច ដែលផ្ដល់សេវាកម្មវេជ្ជសាស្រ្តពីសំណាក់វេជ្ជបណ្ឌិតមកពីប្រទេសសិង្ហបុរីផ្ទាល់ រួមទាំងវេជ្ជបណ្ឌិតជាដៃគូមកពីបណ្តាប្រទេសដទៃទៀត។ 

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់