ពីធីអបអរសាទរខួប ៣ឆ្នាំនៃមន្ទីរពហុព្យាបាលអន្តរជាតិខេមា និងពិធីចុះហត្ថលេខាជាមួយដៃគូយុទ្ធសាស្រ្ត

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១១ ខែតុលានេះ ក្រុមហ៊ុនខេមាគ្លូប៊ល បានប្រារព្ធពិធីអបអរសាទរសមិទ្ធិផល ៣ឆ្នាំនៃ មន្ទីរពហុព្យាបាលអន្តរជាតិខេមា និងបានប្រកាសពីផែនការពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការចុះហត្ថលេខាជាផ្លូវការជាមួយនិងដៃគូវិនិយោគថ្មី អុី.អិម.អាយ.អេ (EMIA) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក៏ដូចជាដៃគូយុទ្ធសាស្រ្តនៅក្នុងស្រុក និងក្រៅប្រទេសមួយចំនួនទៀតក្នុងគោលដៅពង្រីកគុណភាព និងពង្រីកវិសាលភាពនៃសេវាពិគ្រោះ ស្រាវជ្រាវ វិភាគ ព្យាបាល និងថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។ 

បើគិតចាប់ពីចុងឆ្នាំ ២០១៦ មកដល់ពេលនេះគឺមានរយៈពេល ៣ឆ្នាំហើយ ដែល មន្ទីរពហុព្យាបាលអន្តរជាតិខេមា ជាសាខាទី២ មានទីតាំងនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានដាក់ឲ្យដំណើរការជាផ្លូវការនិងបានសម្រេចបាននូវសម្មិទ្ធិផលជាច្រើនក្នុងការផ្ដល់សេវាកម្មវេជ្ជសាស្រ្តផ្នែកព្យាបាលរបួសនិងសង្រ្គោះបន្ទាន់ ផ្នែកសម្ភពនិងរោគស្រ្តី ផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ ជំងឺឆ្លង និងជំងឺមិនឆ្លង (ដូចជាជំងឺទឹកនោមផ្អែម ជំងឺសួត ជំងឺបេះដូងនិងសរសៃឈាម ជំងឺមហារីក) ផ្នែកវះកាត់ ផ្នែកព្យាបាលជំងឺធ្ងន់ ផ្នែកស្ដារនិតិសម្បទាវេជ្ជសាស្រ្ត ផ្នែកពិនិត្យសុខភាព ផ្នែកថែទាំសុខភាពតាមផ្ទះ និងមណ្ឌលធ្វើរោគវិនិច្ឆ័យ ចូលរួមជួយលើកកម្ពស់គុណភាព និងស្ដង់ដាអនុវត្តឲ្យបានកាន់តែខ្ពស់ថែមមួយកម្រិតទៀតក្នុងការផ្ដល់សេវាថែទាំសុខភាពរបស់កម្ពុជាយើង។ 

លោកវេជ្ជបណ្ឌិត សោម លក្ខិណា និងលោកវេជ្ជបណ្ឌិត អ៊ុំ សុភាព ដែលជាសហស្ថាបនិកនៃ មន្ទីរពហុព្យាបាលអន្តរជាតិខេមា ទាំង ២សាខា បានរំលឹកឡើងវិញថា មន្ទីរពហុព្យាបាលទាំងពីរនេះត្រូវបានបង្កើតឡើងដោយសារតែលោកនិងមិត្តភក្តិមួយចំនួនតែងមានក្ដីស្រមៃចង់ឃើញសេវាថែទាំសុខភាពរបស់កម្ពុជា មានភាពរីកចម្រើន រឹងមាំ មានគុណភាព និងស្ដង់ដាខ្ពស់ដូចនៅក្នុងបណ្ដាប្រទេសមានការអភិវឌ្ឍនៅក្នុងតំបន់ និងក្នុងពិភពលោក។ 

នាឱកាសជាមួយគ្នានេះផងដែរ មន្ទីរពហុព្យាបាលក៏បានចុះហត្ថលេខាជាមួយដៃគូយុទ្ធសាស្រ្តជាបន្តបន្ទាប់នៅក្រោមសក្ខីភាពរបស់អ្នកដែលបានចូលរួមទាំងអស់។ ដោយនៅក្នុងនោះ លោក ម៉ៅ សាវិន តំណាងប្រចាំនៅកម្ពុជានៃដៃគូវិនិយោគថ្មី អុី.អិម.អាយ.អេ (EMIA) បានធ្វើការគាំទ្រយ៉ាងពេញទំហឹងនូវទស្សនវិស័យរបស់សហស្ថាបនិកក្រុមហ៊ុន ខេមាគ្លូប៊ល ហើយទុនវិនិយោគនេះនឹងជួយជំរុញឲ្យ ក្រុមហ៊ុនខេមាគ្លូប៊ល អាចពង្រីកសាខារបស់ខ្លួនទៅតាមតំបន់យុទ្ធសាស្រ្តថ្មីៗទៀតនៅក្នុងប្រទេសកម្ពុជា។ 

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់