វិធីសាស្ត្រជំនួយការមករដូវឲ្យឆាប់អស់

ពេលខ្លះ បើសិនជាមិនអាចចៀសវាងបាន គឺមានតែកាត់បន្ថយការរំខានតែប៉ុណ្ណោះ។ ដូចគ្នានេះដែរ គ្មានមិត្តនារីណាអាចចៀសពីការមករដូវនោះទេ គឺមានតែការស្វែងយល់អំពីវិធីសាស្រ្តកាត់បន្ថយថ្ងៃនៃការមករដូវ ឬនិយាយដោយសាមញ្ញងាយយល់ថា យល់ដឹងអំពីគន្លឹះដែលជួយឲ្យកង្វល់ប្រចាំខែរបស់ខ្លួនឆាប់ចប់ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ ដូចថ្ងៃធម្មតាៗនៅក្នុងខែនីមួយៗដែរ។

ក្រៅពីការប្រើប្រាស់ថ្នាំមួយចំនួន (យើងសូមមិនធ្វើការណែនាំក្នុងអត្ថបទនេះ ព្រោះការប្រើប្រាស់ថ្នាំមួយចំនួនគួរតែត្រូវបានប្រឹក្សាយោបល់ជាមួយនឹងឱសថការី ឬអ្នកវិជ្ជាជីវសុខាភិបាលជាមុនសិន ដើម្បីធានាបាននូវសុវត្ថិភាពប្រើប្រាស់) ក៏មានវិធីងាយៗមួយចំនួនខាងក្រោមនេះ ដែលមិត្តនារីអាចធ្វើបាន បើសិនជាអ្នកចង់ឲ្យវដ្តរដូវរបស់អ្នកឆាប់អស់នោះ…

វីតាមីន C
វីតាមីន C ដែលមាននៅក្នុងបន្លែ និងផ្លែឈើដូចជា ក្រូច ឃីវី ក្រូចឆ្មារ ត្របែក ល្ហុង ស្រ្តប៊ឺរី ផ្កាស្ពៃបៃតង។ល។ ពិតជាជួយបន្ថយថ្ងៃនៃវដ្ដរដូវរបស់អ្នកប៉ុន្តែអ្នកគួរតែទទួលទានក្នុងបរិមាណសមស្របបានហើយ ព្រោះបើញ៉ាំច្រើនពេក គឺអាចប្រឈមនឹងបញ្ហាសុខភាពផ្សេងៗ រួមមានរាក ជាដើម។

វីតាមីន D និងកាល់ស្យូម
វីតាមីន D និងកាល់ស្យូម ក៏ជាចំណែកមួយនៃការសម្រាលការឈឺចាប់ពេលមករដូវហើយក៏ធ្វើឲ្យវដ្តរដូវអ្នកឆាប់ចប់ទៀតផង ហើយវត្តមានរបស់វា គឺមាននៅក្នុងអាហារដូចជា  ទឹកដោះគោ បន្លែស្លឹកបៃតង តៅហ៊ូ ត្រី ស៊ុត ផ្សិត។ល។

អាហារមានជាតិហឹរ
រសជាតិហឹរនៅក្នុងអាហារនឹងមានឥទ្ធិពលលើដំណើររបស់ឈាម ហើយកម្តៅពីអាហារទាំងនោះ នឹងជំរុញឲ្យឈាមរដូវធ្វើដំណើរចេញពីក្នុងរាងកាយបានលឿនផងដែរ។ 

ជាតិអុីយ៉ូត
តាមពិតទៅ មិនថាក្នុងរបបអាហារប្រចាំថ្ងៃ ឬអំឡុងពេលមករដូវនោះទេ បរិមាណអុីយ៉ូត ឬអំបិលគួរតែត្រូវបានកំណត់ក្នុងម្ហូបអាហារដែលអ្នកទទួលទានហើយការចៀសវាងអាហារបែប Fast food ជាវិធីដ៏ល្អមួយ។

ទឹក
អ្នកទទួលទានបរិមាណទឹកកាន់តែច្រើន លំហូរនៃចរន្តឈាមនឹងកាន់តែរលូនផងដែរ ហេតុនេះហើយ អ្នកគួរតែទទួលទានទឹកឲ្យបានច្រើនតាមដែលអាចធ្វើបានក្នុងអំឡុងពេលមករដូវ។ យ៉ាងណាមិញ អ្នកគួរតែចៀសវាងភេសជ្ជៈកំប៉ុង និងកាហ្វេអុីន អំឡុងពេលនេះ ព្រោះវាអាចបង្កជាអាការៈឈឺចាប់ និងបញ្ហាសុខភាពផ្សេងៗ។

ខ្ញី
ខ្ញីមិនត្រឹមតែជួយអ្នកឲ្យឆាប់អស់រដូវទេ វាថែមទាំងសម្រាលដល់ការឈឺចាប់ពេលមករដូវទៀតផង ដូចនេះហើយ សូមកុំរំលងការទទួលទានខ្ញី ដែលអ្នកអាចញ៉ាំជាម្ហូបជាមួយបាយ ឬញ៉ាំជាទឹកខ្ញីតែម្តងក៏បានដែរ។

កម្តៅ
កម្តៅ នឹងជួយសម្រួលដល់ការឈឺចាប់ ហើយក៏ជាហេតុនាំឲ្យឈាមរដូវចេញពីរាងកាយបានរហ័សផងដែរហេតុនេះហើយ អ្នកអាចសាកល្បងប្រើថង់ស្អំទឹកក្តៅរបស់អ្នកបាន។

លំហាត់ប្រាណ
ប្រហែលជាគិតថា ពិបាកបន្តិច ព្រោះភាគច្រើនអ្នកមានអារម្មណ៍ថា អស់កម្លាំងហើយក៏មិនចង់ធ្វើអ្វីដែរតែការធ្វើលំហាត់ប្រាណស្រាលៗដូចជា ការដើរត្រឹកៗ ការដើរលើម៉ាស៊ីន…គួរតែត្រូវបានធ្វើ បើសិនជាអាចព្រោះការសិក្សាបានបញ្ជាក់ថា អ្នកដែលមានរាងកាយរឹងមាំ និងសកម្ម មានចំនួនថ្ងៃនៃវដ្ដរដូវតិច ជាងអ្នកដែលទម្រន់ ហេតុនេះហើយបើទោះជាអ្នកមិនអាចធ្វើបានក្នុងពេលវដ្ដរដូវ អ្នកក៏គួរតែមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។

អត្ថបទ​៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់