ក្មេងតូចៗជាទីស្រលាញ់របស់លោកអ្នកមិនចង់ញ៉ាំអាហារគួរធ្វើបែបមិច?

តាមគោលការណ៍ថ្នាក់ជាតិ ក៏ដូចជាគោលការណ៍របស់អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានតម្រូវឲ្យកុមារបៅតែទឹកដោះម្តាយមួយមុខគត់យ៉ាងតិច ៦ខែនៃជីវិត និងអាចបន្តដល់២ឆ្នាំ។ ពិតណាស់នៅក្រោមអាយុ ៦ខែ ទឹកដោះម្តាយមានសារធាតុជាច្រើនក្នុងការផ្តល់ដល់ទារកនូវថាមពល និងការពារពីជំងឺមួយចំនួនដូចជា ជំងឺរាក ជាដើម។ ដោយឡែកចាប់ពី ៦ខែទៅ ទឹកដោះម្តាយចាប់ផ្តើមថយចុះនូវសារធាតុចិញ្ចឹមដែលស្ទើរតែ ៩០ភាគរយនៃទឹកដោះម្តាយជាសារធាតុទឹកប៉ុណ្ណោះ។ ដូច្នេះហើយបានជាកុមារត្រូវការសារធាតុចិញ្ចឹម ឬចំណីបន្ថែមសម្រាប់ថាមពល និងការលូតលាស់។ ប៉ុន្តែវាជារឿងគួរឲ្យខ្លាចមួយសម្រាប់ម៉ាក់ៗនៅពេលដែលកូនជាទីស្រលាញ់ទើបតែបានញ៉ាំ និងចាប់ផ្តើមទទួលនូវអាហារថ្មី រសជាតិថ្មីស្រាប់តែគាត់បាត់នូវចំណង់ញ៉ាំអាហារ ឬបដិសេធក្នុងការញ៉ាំតែម្តង។

អត្ថបទខាងក្រោម នឹងបង្ហាញប្រាប់លោកអ្នកពីមូលហេតុខ្លះៗ និងដំណោះស្រាយដែលទាក់ទងនឹងការបាត់បង់ចំណង់អាហាររបស់កូនតូចដែលអ្នកគួរតែដឹង។

មូលហេតុទាក់ទងនឹងការបាត់បង់ចំណង់អាហារ 
១. ចំណុះនៃក្រពះ៖ ទារក និងក្មេងតូចមានទំហំក្រពះតូចជាងមនុស្សធំ អ៊ីចឹងចំនួនអាហារ និងសារធាតុរាវដែលពួកគេអាចទទួលបានក៏តិចដែរ។ កូនលោកអ្នកនឹងញ៉ាំអាហារគោលបានតិច ប្រសិនបើលោកអ្នកឲ្យពួកគេញ៉ាំអាហារសម្រន់ ឬភេសជ្ជៈច្រើនពេក។ បើអ្នកផ្តល់អាហារបានត្រឹមត្រូវ និងភេសជ្ជៈតិច បើទោះជាចំណុះក្រពះគាត់តូចក៏ដោយ ក៏គាត់នៅតែអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់ធានានូវការលូតលាស់ និងសុខភាពល្អដែរ។
២. កត្តាប៉ះពាល់ដល់ការទទួលទាន៖
មិនបានផ្តល់ពេលគ្រប់គ្រាន់ ចន្លោះការផ្តល់ទឹកដោះ និងចំណីអាហារ
ទឹកដោះម្តាយ ឬទឹកដោះគោ កំណត់ត្រឹម ៥០០-៦០០មិល្លីលីត្រ ក្នុងមួយថ្ងៃសម្រាប់ក្មេងអាយុ៩ខែ
ផ្តល់អាហារសម្រន់ឥតឈប់ក្នុងមួយថ្ងៃ។
៣. ទម្រង់នៃអាហារ៖ ជានិច្ចកាលប៉ាម៉ាក់មិនបានឲ្យកូនគាត់ញ៉ាំអាហារដែលមានទម្រង់រឹង ឬអាហារញ៉ាំបានដោយដៃភ្លាម (finger foods)នោះទេដោយហេតុថាគាត់ខ្លាចកូនគាត់ក្អែរ ឬឈ្លក់ជាដើម។ វាជារឿងសំខាន់ដែលអ្នកគួរតែផ្តល់អាហារដល់គាត់គ្រប់ទម្រង់ ដែលអាចចៀសវាងការសាញអាហារនៅពេលក្រោយ។ កុំភ័យខ្លាចខ្លាំងដល់ថ្នាក់មិនផ្តល់អាហាររឹង និងអាហារដុំៗដល់គាត់ពេក។
៤. មិនប្រើស្លាបព្រា៖ ក្មេងខ្លះមិនចូលចិត្តការប្រើស្លាបព្រាទេ វាអាចមកពីស្លាបព្រារឹងពេក ឬធំពេក។ អ្នកអាចប្តូរមកប្រើស្លាបព្រាតូច និងទន់បន្តិចវិញ។ ប៉ុន្តែបើគ្មានប្រសិទ្ធភាពទេ មានន័យថាកូនលោកអ្នកចូលចិត្តញ៉ាំដោយប្រើដៃច្រើនជាង។ វាមិនមានបញ្ហាអ្វីទេប្រសិនបើយើងត្រួតពិនិត្យដៃគាត់ ក៏ដូចជាអាហារឲ្យបានស្អាត និងឲ្យបានដិតដល់។
៥. ការផ្តល់ចំណីច្រើនពេក៖ វាជារឿងសំខាន់ណាស់ដែលមិនត្រូវផ្តល់ចំណីគ្រប់ពេលដែលកូនអ្នកយំ ព្រោះថាកូនលោកអ្នកត្រូវការពេលវេលា សម្រាប់ការរំលាយអាហារ ហើយក៏មិនត្រូវផ្តល់អាហារគ្រប់ពេលដែលគាត់ឃ្លានដែរ។ បើយើងផ្តល់អាហារ គ្រប់ពេលដែលគាត់ឃ្លានពីដំបូង  នោះពេលក្រោយគាត់នឹងពិបាកញ៉ាំអាហារគោលដែលយើងផ្តល់ឲ្យគាត់។
៦. ការដុះធ្មេញ៖ ការដុះពន្លកនៃធ្មេញ អាចបង្កភាពរំខានដល់កូនអ្នកដូច្នេះវាមិនចម្លែកទេដែលក្មេងៗបដិសេធការញ៉ាំក្នុងអំឡុងពេលនេះ។ ការដុះធ្មេញ កើតឡើងអំឡុង៤ខែនៃជីវិត ដែលវាប៉ះពាល់ដល់ការផ្តល់ចំណីដល់គាត់។ ប៉ុន្តែវាមិនអីទេ ដោយគ្រាន់តែផ្តល់អាហារទន់ ត្រជាក់ ដល់កូនលោកអ្នកក្នុងអំឡុងពេលនេះជាការស្រេច។
៧. អស់កម្លាំងពេក៖ ពេលខ្លះ គាត់មិនញ៉ាំអាហារមកពីគាត់ហត់ពេក។ ត្រូវប្រាកដថា កូនលោកអ្នកគេងបានគ្រប់គ្រាន់ ហើយអ្នកអាចបង្កើតតារាងពេលវេលាដែលកូនអ្នកគួរតែគេងជារៀងរាល់ថ្ងៃឲ្យបានត្រឹមត្រូវចៀសវាងឲ្យគាត់លេងច្រើនពេកភ្លេចការសម្រាក។
៨. ស្ត្រេស៖ បើកូនលោកអ្នកមានអារម្មណ៍មិនល្អ អ្វីដែលប៉ះពាល់ដល់គាត់គឺអាហារ។ វាជាការសំខាន់ដែលមិនត្រូវបង្ខំឲ្យគាត់ញ៉ាំអាហារនោះទេ។ គួរតែឲ្យគាត់ញ៉ាំអាហារដែលគាត់ចូលចិត្ត ទោះជាអាហារកាន់ដោយដៃក៏បាន។ លោកអ្នកគួរលើកទឹកចិត្តឲ្យគាត់ញ៉ាំ ជាជាងការបង្ខំពួកគាត់ ហើយពេលដែលកូនលោកអ្នកអាចញ៉ាំបានវិញ អ្នកអាចផ្តល់នូវអាហារថ្មីៗ និងទម្រង់ផ្សេងៗបាន។

ដំណោះស្រាយទាក់ទងនឹងការបាត់បង់ចំណង់អាហារ
១. ផ្តល់ចំណីឲ្យគាត់ពេលដែលសមាជិកគ្រួសារកំពុងញ៉ាំ៖ មនុស្សគឺ ចូលចិត្តភាពជួបជុំកម្សាន្ត ជាពិសេសគឺពេលបាយហ្នឹងហើយ។ ពេលញ៉ាំបាយជុំគ្នាបាន ធ្វើឲ្យអារម្មណ៍របស់កូនលោកអ្នកកាន់តែសប្បាយ ដែលគាត់គិតថា គាត់ក៏ជាចំណែកមួយនៃគ្រួសារដែរ បើទោះគាត់ញ៉ាំមិនច្រើនតាមដែលអ្នកគិតក៏ដោយ។
២. យកគាត់មកកាន់តែកៀកតុបាយកាន់តែល្អ៖ បើសិនជាអាច ប្រើកៅអីដែលខ្ពស់ដែលអាចឲ្យគាត់អង្គុយញ៉ាំរួមតុជាមួយយើងបាន។ កៅអីនោះអាចខ្ពស់ជាងគេពិតមែន ប៉ុន្តែកូនតូចរបស់លោកអ្នកចង់ដឹងចង់ធ្វើតាមនូវសកម្មភាពពេលបាយ ជាពិសេសបាយល្ងាចដើម្បីឲ្យគាត់មានអារម្មណ៍ថាគាត់ក៏ជាផ្នែកមួយនៃគ្រួសារអ្នកដែរ។
៣. ផ្តល់ចំណីដូចដែលអ្នកក្នុងគ្រួសារញ៉ាំ៖ ស៊ុបខាប់ៗសម្រាប់គាត់ពេលខ្លះគួរឲ្យធុញណាស់។ អាហារសម្រាប់យើងអាច ហឹរ រឹង ក្លិនឈ្ងុយ និងមានពណ៌ប្លែកៗដែលវាគួរឲ្យចាប់អារម្មណ៍ជាងស៊ុបខាប់។ វាល្អសម្រាប់កូនលោកអ្នកដែលទើបចាប់ផ្តើមអាហារ ល្អសម្រាប់ការលូតលាស់ចលនាសាច់ដុំ ការដឹងរសជាតិអារម្មណ៍ជាមួយអាហារ និងអាហារូបត្ថម្ភរបស់ពួកគេទៀតផង។
៤. គួរឲ្យគាត់ញ៉ាំខ្លួនគាត់៖ ក្មេងខ្លះគាត់ចង់ញ៉ាំខ្លួនគាត់ដោយការចាប់កាន់ស្លាបព្រា ហើយប្រាប់អ្នកថា “ខ្ញុំអាចញ៉ាំខ្លួនឯងបាន”។ តែក្មេងខ្លះក៏ប្រើដៃធ្វើឲ្យប្រឡាក់ពេញតុ ទាំងលើកៅអី និងក្រោមកៅអី ពេញទាំងខោអាវទៀត។ ត្រូវប្រុងប្រយ័ត្ននូវអ្វីដែលគាត់ញ៉ាំដោយអាចចាប់អាហារដាក់ឲ្យគាត់និងប្រាប់ពីអាហារណាគួរញ៉ាំហើយនិយាយជាមួយគាត់ សើចដាក់គាត់ និងឲ្យគាត់ញ៉ាំដោយខ្លួនគាត់។
៥. គាត់ចូលចិត្តអាហារដែលនៅក្នុងចានយើង៖ អ្នកអាចផ្តល់អាហារដែលជារបស់អ្នកឲ្យគាត់ និងលេងជាមួយគាត់ ដូចជា ម៉ាក់មួយម៉ាត់ រួចកូនមួយម៉ាត់។ នៅអាយុ ២ ទៅ៣ឆ្នាំគាត់តែងតែចង់ញ៉ាំនូវអ្វីដែលអ្នកញ៉ាំ។
៦. ភាសាសញ្ញាគឺមានប្រយោជន៍ណាស់នៅអាយុនេះ៖ បើអ្នកបង្រៀនកូនអ្នកពីពាក្យសញ្ញាខ្លះដូចជា គោគោ ទៀត អែតហើយ អស់លីង។ល។ ពួកគាត់ងាយក្នុងការទំនាក់ទំនងមកយើង ដែលក្នុងវ័យ២ ទៅ៣ខួប ជាវ័យដែលល្អបំផុតក្នុងការចាប់ផ្តើមប្រើពាក្យសញ្ញាទាំងនេះ។
៧. បន្តបំបៅកូនដោយទឹកដោះ ហើយបន្ថែមអាហារបន្តតាមក្រោយ៖ ដូចដែលបានរៀបរាប់ខាងលើ កូនលោកអ្នក គួរតែបំបៅទឹកដោះសុទ្ធក្នុង ៦ខែដំបូងចាប់ពី ៦ខែទៅទោះជាទឹកដោះម្តាយបានថមថយនូវសារធាតុចិញ្ចឹមមែន ប៉ុន្តែវានៅតែមានសារប្រយោជន៍ដដែលដូច្នេះគួរបន្តបំបៅដោះគាត់ដល់ ១២ខែ ជាមួយនឹងការផ្តល់អាហារបន្ថែម  ចាប់ពី៦ខែទៅទើបល្អ។
៨. ត្រូវប្រាកដថាគាត់ទទួលបាននូវអាហារបៃតង ឬអាហារសរសៃបានគ្រប់គ្រាន់៖ កូនលោកអ្នកនឹងយំ ហើយមិនចង់ញ៉ាំអាហារបើគាត់ទល់លាមក។ អ្នកអាចក្រឡុកបន្លែបៃតងឲ្យគាត់ញ៉ាំបាន ឬក៏លើកទឹកចិត្តឲ្យញ៉ាំបន្លែផ្លែឈើដែលមានពណ៌បៃតងឲ្យបានច្រើន។

ត្រូវចងចាំថា វាមិនមែនជាបញ្ហាទេបើកូនតូចរបស់លោកអ្នកមិនបានញ៉ាំអាហារ ១ថ្ងៃ ឬញ៉ាំតិច ២ ទៅ៣ថ្ងៃក៏ដោយ បើសិនជាគាត់មើលទៅធម្មតា។ បន្ថែមពីនេះទៀត បើលោកអ្នកនៅតែព្រួយបារម្ភក្រោយពេលអ្នកបានមើលថែគាត់ដិតដល់ហើយ ឬក៏គាត់ស្រាប់តែញ៉ាំតិច ឬមិនញ៉ាំភ្លាមៗ ហើយគាត់រញ៉ាំរញ៉ូវ និងយំមិនឈប់ គួរតែនាំគាត់មកជួបវេជ្ជបណ្ឌិតដើម្បីពិគ្រោះ ចៀសវាងគ្រោះថ្នាក់ទៅថ្ងៃក្រោយ។

ឯកសារយោង៖
https://www.mummycooks.com/blogs/advice/what-to-do-if-baby-refuses-to-eat-solids
https://zerotofive.net/parenting/baby-refusing-to-eat-8-things-to-consider/

អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់