ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា សម្ពោធសាខាប្រចាំខេត្តសៀមរាប៖ សុខភាព និងជីវិតកាន់តែប្រសើរ លើទឹកដីអច្ឆរិយ

សៀមរាប ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបើកសាខាថ្មីរបស់ខ្លួននៅខេត្តសៀមរាបនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ ការអបអរជាពិសេសសម្រាប់ការសម្ពោធនេះរួមមានពិធីបើកសាខាដ៏អធិកអធមនៅពេលព្រឹក និងពិធីលៀងសាយភោជននៅបរិវេណប្រាសាទក្រវ៉ាន់ដ៏អស្ចារ្យនាពេលល្ងាច។

កម្មវិធីផ្លូវការ ដែលផ្តោតលើការប្តេជ្ញាជួយឲ្យប្រជាជនរស់នៅប្រកបដោយ «សុខភាព និងជីវិតកាន់តែប្រសើរ» សម្រាប់ខេត្តសៀមរាបនេះបានទទួលការចូលរួមជាអធិបតីពីឯកឧត្តម អុិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងឥស្សរជន និងមន្ត្រីកិត្តិយសកម្ពុជាដទៃទៀតមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្វឡើងយ៉ាងឱឡារិក ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធ AIA Group Limited (“AIA” ឬ “អេ អាយ អេ”) ក្នុងនោះរួមមានលោក Ng Keng Hooi នាយកប្រតិបត្តិ និងប្រធាននៃសម្ព័ន្ធ អេ អាយ អេ និងលោក Tan Hak Leh ដែលជានាយកប្រតិបត្តិប្រចាំតំបន់។ តំណាងមកពីដៃគូអាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា គឺធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក៏បានចូលរួមក្នុងពិធីនេះ រួមជាមួយទីប្រឹក្សាផែនការជីវិត អេ អាយ អេ ជាច្រើនរយនាក់ថែមទៀត។

លោក Ng Keng Hooi បានមានប្រសាសន៍ថា «ថ្ងៃនេះ គឺជាដំណើរឆ្ពោះទៅមុខយ៉ាងសំខាន់មួយ នៃភាពរីកចម្រើន និងភាពជោគជ័យរបស់ អេ អាយ អេនៅកម្ពុជា។ ការសម្ពោធសាខាខេត្តសៀមរាបរបស់យើងដែលធ្វើឡើងត្រឹមក្នុងរយៈពេលជាងពីរឆ្នាំបន្ទាប់ពីការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសស្របពេលនឹងការអបអរខួប១០០ឆ្នាំរបស់សម្ព័ន្ធទាំងមូលដែរនោះ ធានាថាយើងមានមូលដ្ឋានរឹងមាំដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ប្រជាជនកម្ពុជាកាន់តែច្រើនដើម្បីជួយឲ្យពួកគាត់រស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ រួមជាមួយគ្នានេះយើងក៏កំពុងតែជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញរបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឲ្យបានកាន់តែខ្លាំងថែមទៀត»។

ជាក់ស្តែងការបើកសម្ពោធសាខាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលក្រុមហ៊ុននេះធ្វើយុទ្ធនាការទីផ្សារពេញមួយខែ គឺ “យុទ្ធនាការសៀមរាបក្រហម” ដែលសំដៅដល់ពណ៌ និងស្លាកសញ្ញា របស់ អេ អាយ អេ។ យុទ្ធនាការនេះ បានចាប់ផ្តើមពីដើមខែនេះផ្ទាល់ដោយផ្តល់ជូនវត្ថុអនុស្សាវរីយជាច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សហគ្រាសតូចៗ សិស្សានុសិស្ស និងសាធារណជនទូទាំងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនឹងលិខិតអញ្ជើញមកធ្វើការពិនិត្យសុខភាពលើស្ថានភាពតម្រងនោម និងលំពែងដោយឥតគិតថ្លៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅសាខា អេ អាយ អេ ខេមបូឌា ប្រចាំសៀមរាប។ សកម្មភាពទាំងអស់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អេ អាយ អេ ក្នុងការជួយប្រជាជនថែរក្សាសុខភាព និងរស់នៅប្រកបដោយសុខភាពកាន់តែប្រសើរ»។ លោកស្រី Pauline Teoh អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌាបានមានប្រសាសន៍ថា «ការបើកសាខាខេត្តសៀមរាបរបស់យើង គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតនៅក្នុងបេសកកម្មរបស់យើងដើម្បីជួយប្រជាជនកម្ពុជាទាំងអស់ឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ សាខាថ្មីនេះនឹងជួយឲ្យយើងផ្តល់ការការពារឈានមុខគេលើទីផ្សារ ដោយផ្តោតលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជនកាន់តែច្រើន និងបង្កើតការងារថ្មីៗជាច្រើននៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញ។ យើងជឿជាក់ថាការឈានជើងចូលខេត្តសៀមរាបរបស់យើង នឹងប្រែក្លាយទៅជាឥទ្ធិពលវិជ្ជមានជាច្រើនសម្រាប់ប្រជាជនលើដែនដីអច្ឆរិយនេះ»។

ជាផ្នែកមួយនៃការប្រារព្ធពិធីនេះ ភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមពិធីលៀងសាយភោជនជាពិសេសដែលធ្វើឡើងនៅប្រាសាទក្រវ៉ាន់ដ៏ល្អឯកក្នុងឧទ្យានប្រាសាទបុរាណអង្គរ ស្ថិតនៅខាងកើតនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ភ្ញៀវកិត្តិយសទាំងអស់បានរីករាយនឹងការសម្តែងរបាំបែបប្រពៃណីផ្សេងៗរបស់កម្ពុជា ការទទួលទានអាហារពេលល្ងាចដ៏អស្ចារ្យជាមួយនឹងតន្រ្តីប្រពៃណីខ្មែរ និងការសម្តែងរបាំអប្សរាជាការបញ្ចប់ពិធីសម្ពោធដ៏ឱឡារិកនេះ។
 
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ តុលានេះ អេ អាយ អេ ខេមបូឌា បានផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃលើស្ថានភាពតម្រងនោម និងលំពែងដល់់ប្រជាជននៅខេត្តសៀមរាបជាង ១២១២នាក់៕

អំពី អេ អាយ អេ ខេមបូឌា
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺជាបុត្រសម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម ដែលផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេលវែងរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែងនិងជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

ទំនាក់ទំនងសារព័ត៌មាន
ហាក់ បញ្ញារ័ត្ន
ប្រធានផ្នែកទំនាក់ទំនងសាធារណៈ    
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក
០១៦ ៣៦៩ ១៥៥
Panharath.Hak@aia.com 

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់