បទពិសោធន៍ថ្មីនែការលើកកម្ពស់សុខភាពពី ទេសចរណ៍សុខភាពលើកទី ២២

ទេសចរណ៍សុខភាព Healthtime Check-up Tour លើកទី ២២ ក្រោមចំណងជើង “Going Back to School” ដែលរៀបចំឡើងដោយ Healthogo នៃក្រុមហ៊ុន Healthtime Corporation បានធ្វើការស្វាគមន៍ដល់អ្នកចូលរួមពីគ្រប់មជ្ឈដ្ឋានដោយសេរី និងឥតគិតថ្លៃជាពិសេសគឺសិស្សនិស្សិត បុគ្គលិក មន្ត្រីរាជការ និងអ្នកគ្រូលោកគ្រូ  នៅបរិវេណមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឬ CJCC កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០០១៩ កន្លងទៅនេះ។ 

ជាមួយនឹងការចូលរួមពីសំណាក់គ្លីនិក/មន្ទីរពេទ្យជាដៃគូចំនួន ៤រួមមាន គ្លីនិកស្បែក ប៊ីសុី គ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន គ្លីនិកឯកទេស អេគីប និងមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម អ្នកចូលរួមទាំងអស់នៅក្នុងកម្មវិធីបានទទួលបាននូវការពិគ្រោះនិងពិនិត្យសុខភាពបឋមប្រកបដោយភាពយកចិត្តទុកដាក់ ការពន្យល់ក្បោះក្បាយ ព្រមជាមួយនឹងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ពីក្រុមគ្រូពេទ្យ និងសហការីទៅលើបញ្ហាសុខភាពដូចជាសុខភាពស្បែក សុខភាពភ្នែក ក្រពះពោះវៀន ថ្លើម និងជំងឺទឹកនោមផ្អែម។ ការពិនិត្យ និងពិគ្រោះសុខភាពបឋមនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងការប្រុងប្រយ័ត្ន និងការយល់ដឹងអំពីសុខភាព ក៏ដូចជាទម្លាប់ពិនិត្យសុខភាព ដើម្បីលើកកម្ពស់ការធ្វើរោគវិនិច្ឆ័យតាំងពីដំណាក់កាលដំបូង។ កាន់តែពិសេសជាងនេះ កម្មវិធីផ្ទាល់ក៏បានទទួលការសហការរៀបចំនូវកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តផងដែរ ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលផ្តល់ឱកាសដល់អ្នកចូលរួមបានធ្វើការបរិច្ចាគឈាម ដើម្បីចូលរួមលើកកម្ពស់សកម្មភាពសប្បុរសធ៌ម ក៏ដូចជាជួយសង្គ្រោះជីវិតអ្នកដែលមានតម្រូវការឈាមនិងសង្គមជាតិ។

ដើម្បីជាកិច្ចគាំទ្រ ដៃគូសហការ ព្រមទាំងក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភក្នុងកម្មវិធី បានធ្វើការផ្តល់ជូនជាកាដូអនុស្សាវរីយ៍ជាច្រើនផងដែរដើម្បីបង្ហាញការលើកទឹកចិត្តឲ្យមានការចូលរួមក្នុងសកម្មភាពពិនិត្យសុខភាព ក៏ដូចជាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានច្រើនកុះករ។ ស្របជាមួយគ្នានេះដែរ ក៏មានការដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មផ្សេងៗ ព្រមទាំងការលេងហ្គេមកម្សាន្ត ដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពរីករាយទៀតផង។ 

គួរបញ្ជាក់ថា កម្មវិធីនេះផ្ទាល់ត្រូវធ្វើឡើងដោយរលូន និងជោគជ័យដោយបានការចូលរួមគាំទ្រដោយ ទឹកពិសា Vital ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា គាំទ្រការស្រលាញ់សុខភាព ផលិតផលស្ករបៀម កុកស៊ីល ផលិតផល Co-Plaster ក្រុមហ៊ុន Brainscan Cambodia និង Mega Wecare។

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់