អស់បារម្ភសម្រាប់អ្នកមានកែងជើងក្រិនតាមរយៈវិធីងាយៗ

ថ្វីត្បិតថាកែងជើងច្រើនត្រូវបានបិទបាំង ឬមើលមិនសូវឃើញក៏ពិតមែន តែការថែទាំសុខភាព និងសម្ផស្សរបស់វា ពិតជាមិនអាចត្រូវបានមើលរំលងឡើយ។ ជាមួយនឹងរូបមន្តពីធម្មជាតិងាយៗ ខាងក្រោមនេះ អ្នកដែលមានបញ្ហាស្បែកជើងក្រិន ជាពិសេសនៅកែងជើងនឹងលែងមានកង្វល់ទៀតហើយ…

អំបិល-ក្រូចឆ្មារ
លាយអំបិល ១ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រាបាយ នៅក្នុងទឹកក្តៅឧណ្ហៗ ហើយដាក់ជើងត្រាំប្រមាណ ១៥-២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសស្បែកជើងដែលក្រិន រួចជូតឲ្យស្ងួត ហើយលាបក្រែមបន្ថែមសំណើមដល់ស្បែក។

ប្រទាលកន្ទុយក្រពើ
ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗ ២-៣នាទី ហើយជូតជើងឲ្យស្ងួត មុននឹងដាក់សាច់ប្រទាលកន្ទុយក្រពើនៅលើជើង ដោយពាក់ស្រោមជើងពីលើ (ទុករយៈពេល ១យប់) រួចសឹមលាងសម្អាតចេញពេលព្រឹក។

ម៉ាស់ផ្លែឈើ
កិនចេកទុំ២ផ្លែ សាច់ដូង២ស្លាបព្រាបាយ និងផ្លែប៊័រ១ចំហៀង ចូលគ្នារយៈពេល៥-១០នាទី (ទាល់តែចូលគ្នាសព្វ) ហើយយកវាទៅបិតលើកន្លែងដែលក្រិនដោយទុកចោល២-៣ម៉ោងរួចសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

ប្រេងដូង
ម៉ាស្សាស្បែកក្រិនជាមួយនឹងប្រេងដូង(១ស្លាបព្រាបាយ) ហើយពាក់ស្រោមជើង ១យប់ពេញដល់ព្រឹកឡើង សឹមដោះវាចេញវិញ។

ចេកទុំ
កិនចេកទុំ២ផ្លែឲ្យម៉ដ្ឋ ហើយលាបលើជើងដោយទុករយៈពេល ២០នាទីរួចសឹមលាងសម្អាតជាមួយទឹកស្អាត។

ទឹកឃ្មុំ
ចាក់ទឹកឃ្មុំ ១កែវលាយជាមួយទឹកក្តៅឧណ្ហៗ១ធុងតូច រួចដាក់ជើងត្រាំ ដោយធ្វើការម៉ាស្សាថ្នមៗប្រមាណ២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសពីលើ មុននឹងជូតជើងឲ្យស្ងួត ហើយលាបក្រែមផ្តល់សំណើម។

Vaseline-ទឹកក្រូចឆ្មារ
ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗប្រហែលជា២០នាទី រួចលាងសម្អាត និងជូតឲ្យស្ងួត។ លាយទឹកក្រូចឆ្មារ៣-៤ដំណក់ ជាមួយនឹងជែល Vaseline ១ស្លាបព្រាបាយឲ្យសព្វចូលគ្នា ហើយលាបទៅលើកែងជើង និងប្រអប់ជើងទាំងមូល រួចពាក់ស្រោមជើង (ពេញមួយយប់) ហើយសឹមលាងសម្អាតជើងចេញនៅពេលព្រឹក។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់