កើតជំងឺទឹកនោមផ្អែម ហេតុអីត្រូវតមជាតិខ្លាញ់?

សំណួរ៖ ខ្ញុំបាទអាយុ ៥៣ឆ្នាំ រស់នៅខេត្តកំពត។ គ្រូពេទ្យថា ខ្ញុំមានជំងឺទឹកនោមផ្អែម។ គាត់ឲ្យខ្ញុំតមញ៉ាំអាហារដែលមានជាតិផ្អែម និងខ្លាញ់។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាត្រូវតមអាហារខ្លាញ់ដែរ បើខ្ញុំលើសស្ករហ្នឹង?

ចម្លើយ៖ ខ្ញុំសូមជម្រាបប្អូនថា នៅពេលកើតជំងឺទឹកនោមផ្អែម មានន័យថាមានជាតិស្ករលើសនៅក្នុងឈាម ហើយជាតិស្ករនោះនឹងធ្វើឲ្យខ្លាញ់លើស និងស្តុកវាក្នុងខ្លួនដល់ទៅ ១០០%។ នេះជាហេតុធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមដល់ទៅ ៨០% បានស្លាប់ដោយសារការស្ទះជាតិខ្លាញ់ក្នុងសរសៃឈាមបេះដូង។ ហេតុដូច្នេះហើយ គ្រូពេទ្យមិនត្រឹមតែធ្វើការព្យាបាលបញ្ចុះជាតិស្ករដែលលើសទេ តែព្យាយាមធ្វើយ៉ាងណាកុំឲ្យមានការលើសជាតិខ្លាញ់ក្នុងខ្លួនអ្នកជំងឺទៀត។ ដូចនេះហើយ ប្អូនគួរតែធ្វើការកាត់បន្ថយការបរិភោគអាហារដែលមានជាតិខ្លាញ់ សាច់ក្រហម និងស្ករឲ្យបានច្រើនដើម្បីរក្សាទម្ងន់ឲ្យបានល្អ និងអាំងស៊ុយលីនទាញយកស្ករទៅប្រើប្រាស់បានល្អ តែមិនមែនតមមិនបរិភោគទេ។

បកស្រាយដោយ ៖​ លោកសាស្រ្តាចារ្យវេជ្ជសាស្រ្ត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជានៅមន្ទីរពេទ្យកាល់ម៉ែត្រ

ពាក្យទាក់ទង


មតិយោបល់