វិធីសាស្រ្តគ្រប់គ្រងការញ៉ាំអាហារអំឡុងពេលព្យាបាលជំងឺមហារីក

ចំពោះអ្នកជំងឺដែលបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីក អាចប្រឈមនឹងអាការៈអស់កម្លាំង បាត់បង់ចំណង់អាហារ ស្រកទម្ងន់ ការផ្លាស់ប្តូររសជាតិ ចង្អោរ ដំបៅមាត់ ឬបំពង់ក និងពិបាកដកដង្ហើមជាដើម។ ជាក់ស្ដែង របបអាហារ និងការរក្សាទម្ងន់នឹងជួយអ្នកជំងឺមហារីកឲ្យរក្សាបាននូវថាមពល និងកម្លាំង ហើយវាថែមទាំងជួយដល់ការព្យាបាលមហារីករបស់ពួកគេឲ្យកាន់តែល្អប្រសើរឡើងផងដែរ។

សំណួរ៖ តើគួរគ្រប់គ្រងបញ្ហាមួយចំនួនដែលកើតមានឡើងអំឡុងពេលព្យាបាលមហារីកដោយរបៀបណា?

ចម្លើយ៖ ការគ្រប់គ្រង និងដំណោះស្រាយអាចមានផ្សេងៗគ្នាទៅតាមបញ្ហាដែលកើតមានដូចជា៖
១. ការថយចុះចំណង់អាហារ
គួរទទួលទានអាហារតិចៗឲ្យបានញឹកញាប់ និងអាហារសម្រន់ដែលសម្បូរដោយកាល់ឡូរី និងប្រូតេអុីនខ្ពស់។
ធ្វើឲ្យរាល់អាហារដែលអ្នកញ៉ាំអាចរាប់បាន ដោយត្រូវកាត់បន្ថយអាហារមានកាល់ឡូរីទាប និងជាតិទឹក ឧទាហរណ៍ អ្នកអាចញ៉ាំស៊ុបប្រភេទក្រែម ជំនួសប្រភេទស៊ុបជាទឹកធម្មតា។
ទទួលទាននៅពេលអ្នកឃ្លានខ្លាំង៖ ប្រសិនអ្នកមានថាមពលច្រើន និងឃ្លានខ្លាំងនៅពេលព្រឹកអ្នកគួរញ៉ាំអាហារពេលព្រឹកឲ្យបានច្រើន ហើយអាចទទួលទានអាហារបន្ទាប់បន្សំ និងអាហារសម្រន់បន្តឲ្យបានពេញមួយថ្ងៃ។
២. អស់កម្លាំង (ចុះខ្សោយ)
ជ្រើសរើសអាហារងាយៗដូចជា អាហារក្លាសេ ឬអាហារស្រាប់ដើម្បីជួយឲ្យការរៀបចំអាហារកាន់តែងាយស្រួល និងធ្វើឲ្យអ្នកមានថាមពលក្នុងការញ៉ាំ។
ទុកឲ្យគ្រួសារ ឬមិត្តភក្តិជួយធ្វើអាហារដែលអ្នកចូលចិត្ត ឬចេញទៅញ៉ាំនៅខាងក្រៅ និងត្រូវកុម៉្មង់តិច ឬតែពាក់កណ្តាល។
ជ្រើសរើសប្រភេទអាហារទន់ៗ ឬមានជាតិទឹកដែលតម្រូវឲ្យប្រើកម្លាំងតិចក្នុងការទំពារ ឬលេប។
៣. ការផ្លាស់ប្តូររសជាតិ
ព្យាយាមលាងសម្អាតមាត់របស់អ្នកជាមួយនឹងម្សៅសូដា និងទឹក (១/៤ស្លាបព្រាក្នុងទឹកមួយពែង) មុនពេលទទួលទានអាហារ។
សាកល្បងភ្លក់អាហារដែលមានរសជាតិស្រាលៗដូចជា ល្បាយដំឡូងបារាំង (mashed potatoes) នំបុ័ង និងប័រ បង្អែមមានក្រែមច្រើន (pudding) ធញ្ញជាតិប្រភេទក្តៅ (hot cereals) បាយ ផាស្តា ឬគុយទាវ និងទឹកដោះគោ។
សាកល្បងប្រឡាក់សាច់ជាមួយទឹកស៊ីអុីវ ឬទឹកផ្លែឈើផ្អែម។
ប្រសិនអ្នកជក់បារី សូមបញ្ឈប់ការជក់ នោះវានឹងធ្វើឲ្យរសជាតិអាហាររបស់អ្នកកាន់តែប្រសើរ និងអាចជួយឲ្យឡើងគីឡូ រួមទាំងអនុគ្រោះដល់ការព្យាបាលឲ្យបានកាន់តែល្អ។
៤. ពិបាកទំពារ ឬលេប
ចៀសវាងអាហារដែលមានជាតិអាស៊ីត ក្តៅពេក ឬត្រជាក់ពេក ហឹរពេករឹង ឬស្ងួតពេក។
• សម្រាប់អ្នកមានដំបៅមាត់ អាចជ្រើសរើសអាហារទន់ មានជាតិក្រែមដូចជា ស៊ុបប្រភេទក្រែម (cream soups) បង្អែមធ្វើពីទឹកដោះគោ និងស៊ុត (custard) បង្អែមមានក្រែមច្រើន (pudding) បង្អែមតៅហ៊ូ ទឹកដោះគោក្រឡុក និងធញ្ញជាតិប្រភេទក្តៅ (hot cereals)។
លេបថ្នាំបំបាត់ការឈឺចាប់មុនពេលទទួលទានអាហារ តាមវេជ្ជបញ្ជាគ្រូពេទ្យរបស់អ្នក។
សម្រាប់អ្នកមាត់ស្ងួត អាចញ៉ាំអាហារទន់ និងមានជាតិទឹកដូចជា សាំងវិចដែលមានសម្បកនំបុ័ង និងគ្រឿងផ្សំទន់ៗ ផាស្តាជាមួយទឹកជ្រលក់សម្ល ស៊ុតចៀន សាឡាដប៉េងប៉ោះ ឈីសពណ៌សធ្វើពីទឹកដោះគោ  សាឡាដផ្លែឈើនិងនំបុ័ងអាំងបែបបារាំង។
ញ៉ាំទឹកពី ៨-១០ កែវជារៀងរាល់ថ្ងៃ ហើយកាត់បន្ថយការទទួលទានកាហ្វេ តែ និងភេសជ្ជៈកូកាព្រោះវាធ្វើឲ្យកាន់តែស្ងួត។
៥. ចង្អោរ
ទទួលទានជាតិទឹកតិចៗឲ្យបានញឹកញាប់ជាប្រចាំថ្ងៃ ក្នុងកម្រិត ៨-១០ កែវជារៀងរាល់ថ្ងៃហើយជម្រើសដ៏ល្អគឺ ភេសជ្ជៈដែលមានជាតិខ្ញី ទឹកស៊ុប ឬការ៉េមផ្លែឈើ។
ញ៉ាំអាហារប្រភេទម្សៅស្ងួតរាល់ ១-២ម៉ោងម្តងតាមដែលអាចទៅរួច ដោយអ្នកអាចសាកល្បងនំស្រួយ នំបុ័ងអាំង នំបុ័ងដុត ធញ្ញជាតិបែបស្ងួត បាយ ឬដូណាត់។
• លេបថ្នាំបំបាត់អាការៈចង្អោរតាមវេជ្ជបញ្ជាគ្រូពេទ្យ។

អនុវត្តតាមការណែនាំខាងលើ នោះអ្នកនឹងមានអារម្មណ៍កាន់តែប្រសើរ!

បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកកុមារនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់