អ្វីជាជំងឺបម្រែបម្រួលសម្ពាធក្នុងត្រចៀក?

ជំងឺបម្រែបម្រួលសម្ពាធក្នុងត្រចៀក ពាក្យបច្ចេកទេសហៅថា Ear barotrauma គឺជាការបម្រែបម្រួលរវាងសម្ពាធមជ្ឈដ្ឋានខាងក្រៅត្រចៀកជាមួយសម្ពាធមជ្ឈដ្ឋានខាងក្នុងត្រចៀក។ ជាក់ស្តែង នាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ជំងឺនេះមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ចំពោះអ្នកដែលនាំភ្ញៀវទេសចរ កីឡាករហែលទឹក និងអ្នកធ្វើការនៅលើយន្តហោះពិសេសអ្នកដែលធ្វើការនៅកន្លែងខ្ពស់។

មូលហេតុបង្ក និងកត្តាប្រឈម
មូលហេតុចម្បងភាគច្រើននៃការឈឺត្រចៀក (Ear barotrauma) គឺបង្កពីការរលាក ឬស្ទះ និងមានបញ្ហាទៅលើបំពង់ Eustachian tube ដែលវាស្ថិតនៅផ្នែកខាងក្រោយក្រអូមមាត់ ពេលណាដែលវារលាកនោះទើបបង្កឲ្យមានជំងឺ Ear barotrauma កើតឡើង។ ដោយឡែក បុគ្គលដែលងាយប្រឈមនឹងបញ្ហាគឺអ្នកជ្រមុជទឹក ឬលិបទឹកដែលមានជម្រៅជ្រៅលើសពី ២ម៉ែត្រ អ្នកជំងឺអាល្លែកហ្ស៊ីច្រមុះ អ្នកជំងឺរីកសាច់ច្រមុះ អ្នកជំងឺដុះសាច់បំពង់ក ឬរលាកបំពង់កផ្នែកខាងក្រោយញឹកញាប់ អ្នកឧស្សាហ៍ផ្តាសាយ និងបុគ្គលដែលធ្វើការនៅកន្លែងខ្ពស់ដូចជាអ្នកបម្រើការលើយន្តហោះជាដើម។ ជំងឺនេះត្រូវបានបែងចែកជា ៥កម្រិតរួមមាន៖
• កម្រិត ១៖ ជុំវិញក្រដាសត្រចៀកចាប់ផ្តើមរលាក និងមានលក្ខណៈក្រហម
• កម្រិត ២៖ ក្រដាសត្រចៀកទាំងមូលចាប់ផ្តើមរលាក និងក្រហម
• កម្រិត ៣៖ ក្រដាសត្រចៀកចាប់ផ្តើមប៉ោង ឬផតចូលក្នុង
• កម្រិត ៤៖ ផ្នែកខាងក្រោយក្រដាសត្រចៀកមានឈាម និងមានការឈឺចាប់ខ្លាំង
• កម្រិត ៥៖ ក្រដាសត្រចៀករហែក ឬធ្លាយ  ពិសេសមានការឈឺចាប់ខ្លាំង។

រោគសញ្ញា
ជំងឺនេះអាចមានអាការៈឈឺចាប់ខ្លាំងក្នុងត្រចៀកហើយបណ្តាលឲ្យធ្ងន់ត្រចៀក ហ៊ឹងត្រចៀក ហូរឈាមតាមត្រចៀក  និងវិលមុខតែម្តង។

ការធ្វើរោគវិនិច្ឆ័យ
ជាដំបូងគ្រូពេទ្យនឹងធ្វើការពិនិត្យលើសញ្ញាគ្លីនិកដោយធ្វើការសាកសួរលម្អិតពីប្រវត្តិការងារ ឬប្រវត្តិជំងឺបន្ទាប់មកអ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយប្រើ Otoscope ឆ្លុះចូលក្នុងរន្ធត្រចៀកដើម្បីឲ្យដឹងពីកម្រិតនៃជំងឺ Ear barotrauma និងសភាពក្រដាសត្រចៀក។

វិធីសាស្រ្តព្យាបាល
ការព្យាបាលធ្វើឡើងបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ពិសេសការព្យាបាលទៅតាមកម្រិតនៃការប៉ះពាល់នីមួយៗ។ ប្រសិនបើជំងឺនេះស្ថិតនៅកម្រិតទី៥ ក្រដាសត្រចៀកធ្លាយ នោះការព្យាបាលគឺធ្វើដោយផ្ទាល់នៅក្នុងត្រចៀក ករណីនេះផងដែរ អ្នកជំងឺនឹងត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំ រួមផ្សំជាមួយការប្រើថ្នាំបន្តក់អង់ទីប៊ីយ៉ូទិកដើម្បីការពារកុំឲ្យឆ្លងមេរោគ។ ប្រសិនបើអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនបានត្រឹមត្រូវនោះ ផលប៉ះពាល់ធ្ងន់អាចនឹងកើតមានឡើងដូចជា ធ្លាយក្រដាសត្រចៀក  ការស្តាប់មានការថយចុះ និងហ៊ឹងត្រចៀក។

វិធីសាស្រ្តការពារ
• ចំពោះអ្នកធ្វើដំណើរ ឬអ្នកធ្វើការនៅលើយន្តហោះត្រូវចេះរបៀបការពារខ្លួន៖ នៅពេលដែលយន្តហោះកំពុងហោះឡើងត្រូវទំពារស្ករកៅស៊ូ ឬយកម្រាមដៃបិទច្រមុះ រួចលេបទឹកមាត់ និងជាពិសេសនៅពេលយន្តហោះចុះត្រូវប្រើ Valsalva maneuver គឺយកម្រាមដៃបិទច្រមុះឲ្យជិត ហើយបិទមាត់និងផ្លុំខ្យល់ម្តងបន្តិចៗរហូតទាល់តែមានខ្យល់រត់ដល់ត្រចៀក។ អនុវត្តបែបនេះឲ្យបានច្រើនដងពេលយន្តហោះចុះ គឺអាចការពារពីជំងឺ Ear barotrauma បាន។
• ចំពោះអ្នកដែលនាំភ្ញៀវទេសចរងូតទឹក ឬអ្នកកីឡាហែលទឹកត្រូវការពារខ្លួនកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍បិទត្រចៀក ឬយកដៃខ្ទប់ច្រមុះ ហើយលោតបែរខ្នងទៅមុន ឬអ្នកដែលលិបទឹកក្នុងជម្រៅជ្រៅគឺត្រូវប្រើ Valsalva maneuver  ដូចគ្នាដែរ តែធ្វើនៅពេលកំពុងលិបចូលទៅទីជ្រៅ។

ប្រសិនបើអ្នកមាននូវអាការៈដូចដែលបានរៀបរាប់ខាងលើ អ្នកត្រូវមកប្រឹក្សា និងពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ ត្រចៀក ច្រមុះ និងបំពង់កដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព ចំណាយថវិកាតិច និងជាសះស្បើយ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ ដាលី ឯកទេសត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់