ការសិក្សាថ្មីអំពីការធ្វើរោគវិនិច្ឆ័យលើដុំមហារីកប្រភេទកាច

ការសិក្សាថ្មីនេះធ្វើឡើងពីក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Karolinska នៃប្រទេសស៊ុយអែត ដោយបានបង្កើតវិធីសាស្រ្តថ្មី និងមានតម្លៃថោកសម្រាប់កំណត់អត្តសញ្ញាណដុំមហារីកប្រភេទកាច និងសម្រួលដល់ការព្យាបាលឲ្យបានត្រឹមត្រូវ។ ជាទូទៅលក្ខណៈរបស់កោសិកាមហារីកមានភាពខុសប្លែកគ្នាទៅតាមចំនួនចម្លងនៃក្រូម៉ូសូម ឬហ្សែន ដែលមាននៅក្នុងក្រូម៉ូសូម ១គូៗ (genome) ដែលគេឲ្យឈ្មោះវាថា Copy Number Alterations ឬ CNAs។ ដូច្នេះនៅពេលកោសិកាមហារីកដែលមានប្រភេទ CNAs ច្រើន នោះត្រូវបានចាត់ទុកថាជាដុំសាច់កាចដែលលូតលាស់លឿននិងទាមទារការព្យាបាលជាបន្ទាន់។ ដោយសារវត្តមានខុសប្លែកគ្នានៃ CNAs នោះហើយទើបអ្នកស្រាវជ្រាវបានបង្កើតវិធីសាស្រ្តថ្មីមួយមានឈ្មោះថា CUTseq ដែលអាចចាប់បាននូវចំនួន និងប្រភេទរបស់ CNAs ក្នុងផ្នែកផ្សេងៗនៃដុំមហារីក។

គួរបញ្ជាក់ផងដែរ CUTseq ជាអង់ស៊ីមម្យ៉ាងដែលអាចញែក DNA នៃដុំមហារីកទៅជាចំណែកតូចៗដើម្បីអាចកំណត់បានពីប្រភេទ CNAs តាមរយៈលេខបាកូដដែលមាននៅលើម៉ូលេគុលនីមួយៗរបស់DNA និងត្រូវបានពិនិត្យដោយប្រើប្រាស់មីក្រូស្កុប។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Karolinska លោក Nicola Crosetto ក៏បានបន្ថែមថា “CUTseq នឹងផ្ដល់ការរំពឹងទុកខ្ពស់សម្រាប់វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យលើដុំមហារីក ជាពិសេសជំងឺមហារីកប្រភេទកាចដើម្បីស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ”។

ឯកសារយោង៖
https://www.sciencedaily.com/releases/2019/10/191018080615.htm
https://www.scilifelab.se/news/new-method-facilitates-identification-of-aggressive-tumors/

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់