Vestibular neuritis៖ ជំងឺត្រចៀកដែលធ្វើឲ្យអ្នកបាត់បង់លំនឹង

ជំងឺ Vestibular neuritis ជាពាក្យបច្ចេកទេសសំដៅដល់ការចុះខ្សោយប្រព័ន្ធ Vestibular នៃត្រចៀកផ្នែកខាងក្នុងភ្លាមៗ ដោយជាទូទៅឈឺចាប់តែម្ខាងប៉ុណ្ណោះ។ នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ជំងឺនេះអាចចោទជាបញ្ហាមួយចំនួនផងដែរ នៅក្នុងផ្នែកត្រចៀក ច្រមុះ និងបំពង់ក ហើយក៏មិនមានស្ថិតិណាបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ។ ដោយឡែក ជំងឺ Vestibular neuritis នេះច្រើនកើតចំពោះបុរស និងស្រ្តីដូចគ្នា ហើយជាទូទៅច្រើនកើតលើអ្នកដែលមានអាយុ ៣០ ទៅ៤០ឆ្នាំឡើងទៅ។

មូលហេតុ និងកត្តាជំរុញ
ចំពោះជំងឺ Vestibular neuritis មិនមានមូលហេតុដែលបង្កឲ្យកើតច្បាស់លាស់នៅឡើយទេ ប៉ុន្តែដោយមានការសិក្សាស្រាវជ្រាវនិងតាមការសន្និដ្ឋានមួយដ៏ចម្បងគឺបណ្តាលមកពីពពួកវីរុស។ ក្រៅពីមូលហេតុចម្បងខាងលើក៏មានកត្តាជំរុញមួយចំនួនដូចជា កត្តាសរសៃឈាម និងការឆ្លើយតបរបស់អង់ទីក័រដែលអាចធ្វើឲ្យមានបញ្ហានេះកើតឡើងផងដែរ។

រោគសញ្ញា
ជាទូទៅ ប្រព័ន្ធ Vestibular គឺជាអ្នករ៉ាប់រងក្នុងការជូនព័ត៌មានទៅកាន់ខួរក្បាលដើម្បីរក្សាលំនឹង ប៉ុន្ដែនៅពេលប្រព័ន្ធនេះរងការរលាក នោះអាចលេចចេញជារោគសញ្ញាសម្គាល់ខុសពីធម្មតាដូចជា៖ វិលមុខខ្លាំងរយៈពេលយូរ ក្អួត ចង្អោរ មិនមានប៉ះពាល់ដល់ការស្តាប់ និងពុំមានរោគសញ្ញាប្រព័ន្ធប្រសាទផ្សេងៗទៀតឡើយ។

ការធ្វើរោគវិនិច្ឆ័យ
ចំពោះជំងឺនេះគេអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើរោគសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចពិនិត្យបានតាមរយៈតេស្តនៃការស្តាប់ការធ្វើតេស្តមើលគ្រាប់ភ្នែក និងពេលខ្លះត្រូវការធ្វើ MRIបន្ថែមទៀតដែរ។

វិធីសាស្រ្តព្យាបាល
នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺ Vestibular neuritis គ្រូពេទ្យនឹងធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំ និងការធ្វើចលនាជាដើម។ គួរបញ្ជាក់ថា ករណីនេះការព្យាបាលតម្រូវឲ្យទៀងទាត់ និងត្រឹមត្រូវព្រោះអ្នកជំងឺមិនអាចទ្រាំទ្រនឹងរោគសញ្ញារបស់ជំងឺនេះបានឡើយ។ លើសពីនេះទៀតផលវិបាកមួយចំនួនដែលអាចនឹងកើតមានដូចជាធីងធោង វិលមុខ និងមានបញ្ហាការមើលរបស់ភ្នែក។

វិធីសាស្រ្តការពារ
តួយ៉ាង ដោយសារតែជំងឺនេះមិនមានមូលហេតុច្បាស់លាស់ ដូច្នោះពុំមានវិធីសាស្រ្តណាមួយដើម្បីការពារនោះឡើយ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់មានអាការៈវិលមុខខ្លាំង សូមប្រញាប់ស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលបានប្រសិទ្ធភាព និងសុវត្ថិភាព។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត សេង ឡុង​ ឯកទេសត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់