ឱសថការីគួរណែនាំបែបណាចំពោះអាការៈរមួលក្រពើនៅពេលយប់?

រមួលក្រពើមិនត្រឹមតែអាចកើតមានឡើងនៅពេលអ្នកហាត់កម្លាំងជើងហួសកម្រិត ឬនៅពេលហែលទឹកប៉ុណ្ណោះទេ អាការៈនេះក៏អាចលេចឡើងនៅពេលអ្នកកំពុងគេងលង់លក់ស្កប់ស្កល់ទៅហើយក៏ថាបាន ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន។

អ្វីគួរដឹង?
រមួលក្រពើនៅពេលយប់ ជាការឈឺចាប់មួយដែលអាចបង្កភាពភ័យខ្លាច ព្រោះវាកើតឡើងនៅពេលអ្នកជំងឺកំពុងគេង។ ការកើតឡើងបែបនេះ អាចប៉ះពាល់ដល់គុណភាពរបស់ដំណេក ជាពិសេសចំពោះមនុស្សវ័យចំណាស់តែម្តង។ ការសង្ស័យទៅលើមូលហេតុដូចជា ការបាត់បង់ជាតិទឹក សូដ្យូម កាល់ស្យូមឬបណ្តាលមកពីឱសថណាមួយ នៅមិនទាន់បានជាក់លាក់ និងជោគជ័យនៅឡើយ ដូចនេះទើបអាការៈបែបនេះ អាចចាត់ទុកថាមានភាពពិបាកក្នុងការព្យាបាល។

អ្វីគួរធ្វើ?
នៅពីក្រោយអាការៈរមួលក្រពើនៅពេលយប់ អាចបង្កប់នូវមូលហេតុណាមួយ ដែលមានតែការពិគ្រោះជាមួយវេជ្ជបណ្ឌិតទេទើបជាការប្រសើរ ប៉ុន្តែអំឡុងពេលជាមួយគ្នាអ្នកដែលជាឱសថការីអាចណែនាំដល់ពួកគេរួមមាន៖
ការបន្ថយសម្ពាធទៅលើចុងជើង ដោយគួរដាក់វត្ថុអ្វីមួយកល់ ដើម្បីកាត់បន្ថយទម្ងន់របស់ភួយមកលើជើងនៅពេលគេង
គួរធ្វើលំហាត់ប្រាណដោយទាញសន្ធឹងភ្លៅ និងកំភួនជើងឲ្យបានជាប្រចាំនៅពេលថ្ងៃ
អាចណែនាំឲ្យប្រើប្រាស់ឱសថ Quinine ក្រោមទម្រង់មានឈ្មោះ Quinine Vitamine C Grand (៤០មិល្លីក្រាមក្នុង ១គ្រាប់) ឬQuinisedine (៨០មិល្លីក្រាមក្នុង ១គ្រាប់) ដែលការប្រើប្រាស់គឺ ៤គ្រាប់នាពេលល្ងាច ឬអាចចែកជាពីរៗគ្រាប់សម្រាប់លេប ២ពេលក្នុងមួយថ្ងៃ។

បម្រុងប្រយ័ត្ន
ឱសថ Quinine អាចមានប្រសិទ្ធភាពសម្រាប់អាការៈរមួលក្រពើ ប៉ុន្តែមិនអាចចៀសផុតពីផលរំខាននានា ដូចជាវិលមុខ ឬស្រវាំងភ្នែកនោះទេ
ហាមប្រើប្រាស់ចំពោះអ្នកមានវិបត្តិចង្វាក់បេះដូង
មិនគួរណែនាំឲ្យប្រើប្រាស់សម្រាប់ស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូនឡើយ។

ប្រភពយោង៖ Le vademecum de la Médication officinale

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់