មានអារម្មណ៍ថាឡើងទម្ងន់? អាចមកពីហេតុផលទាំងនេះ…

អ្នកខ្លះឡើងទម្ងន់ ដោយសារតែការញ៉ាំអាហារ និងភេសជ្ជៈដែលមានបរិមាណកាល់ឡូរីច្រើនជាងបរិមាណកាល់ឡូរីដែលពួកគេដុតជារៀងរាល់ថ្ងៃ ប៉ុន្តែមានអ្នកខ្លះទៀតឡើងទម្ងន់ដោយសារតែបញ្ហាសុខភាពមួយចំនួនដែលរួមមានដូចខាងក្រោម៖

បញ្ហាក្រពេញទីរ៉ូអុីត
ការផលិតអ័រម៉ូនទីរ៉ូអុីត (អ័រម៉ូនសម្រាប់ដំណើរការរំលាយអាហារ) ដែលមិនសកម្ម អាចជាមូលហេតុមួយនៃការឡើងទម្ងន់។ ដោយសារតែកង្វះអ័រម៉ូនប្រភេទនេះ ទើបធ្វើឲ្យដំណើរការរំលាយអាហារថយចុះ ជាហេតុនាំឲ្យទម្ងន់កើនឡើង។ ថ្វីត្បិតថា វាអាចកើតមានចំពោះមនុស្សគ្រប់វ័យ និងទាំងពីរភេទ តែគេឃើញវាកើតមានច្រើនចំពោះស្ត្រីវ័យចំណាស់។

ការព្យាបាលជំងឺទឹកនោមផ្អែម
ជាទូទៅ អ្នកដែលត្រូវការអាំងស៊ុយលីន ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ខ្លួនតែងតែឡើងទម្ងន់ដោយហេតុថាអាំងស៊ុយលីនជាអ្នកគ្រប់គ្រងនូវកម្រិតជាតិស្ករក្នុងឈាម ហើយអ្នកជំងឺច្រើនតែទទួលទានអាហារច្រើនជាងតម្រូវការ ដើម្បីចៀសវាងបញ្ហាជាតិស្ករក្នុងឈាមចុះទាប។ ជាលទ្ធផលកាល់ឡូរីដែលចូលទៅក្នុងរាងកាយក៏កើនឡើងច្រើន ហើយទម្ងន់ក៏កើនឡើងដែរ។

ការឈានចូលវ័យចំណាស់
មនុស្សភាគច្រើនចាប់ផ្តើមបាត់បង់សាច់ដុំ នៅពេលដែលគេចាស់ទៅព្រោះតែពួកគេចាប់ផ្តើមលែងសូវសកម្មក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួនហើយពេលដែលសាច់ដុំចុះថយ បរិមាណកាល់ឡូរីដែលដុតក៏ថយចុះដែរ។ ជាក់ស្តែងទោះបីអ្នកទទួលទានអាហារ និងភេសជ្ជៈក្នុងបរិមាណដដែលក៏ដោយ តែបើអ្នកលែងសូវសកម្ម (មិនធ្វើលំហាត់ប្រាណ ចូលចិត្តសម្ងំនៅមួយកន្លែង..) ទម្ងន់របស់អ្នកនឹងឡើងជាមិនខាន។

ការព្យាបាលដោយស្តេរ៉ូអុីត
វិធីព្យាបាលជំងឺមួយចំនួនដូចជា ជំងឺហឺត ការរលាកសន្លាក់ឆ្អឹង ដោយការប្រើប្រាស់ថ្នាំស្តេរ៉ូអុីត ច្រើនតែបង្កើនចំណង់អាហារ ដែលជាហេតុនាំឲ្យឡើងទម្ងន់។ការប្រើប្រាស់វាកាន់តែយូរប៉ុណ្ណា អ្នកជំងឺក៏ងាយប្រឈមនឹងការឡើងទម្ងន់ប៉ុណ្ណឹងដែរ ព្រោះតែស្តេរ៉ូអុីតធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាឃ្លាន។

Cushing's syndrome
វាជាករណីកម្រមួយដែលកើតមានចំពោះម្នាក់ ក្នុងចំណោម ៥ម៉ឺននាក់ ដែលមូលហេតុបង្ករបស់វា គឺកម្រិតនៃអ័រម៉ូនក័រទីសូល។ ការឡើងទម្ងន់ ជាពិសេសនៅលើទ្រូង មុខ និងពោះ អាចជាសញ្ញាណមួយនៃករណីនេះ ដោយហេតុថាអ័រម៉ូនក័រទីសូលនឹងនាំខ្លាញ់ទៅស្តុកទុកនៅទីនោះ។

ស្ត្រេស និងអារម្មណ៍មិនល្អ
មនុស្សយើងម្នាក់ៗមានប្រតិកម្មផ្សេងៗគ្នាចំពោះបញ្ហាស្ត្រេស ថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ ក្នុងនោះអ្នកខ្លះក៏ស្រកសាច់ ស្រកទម្ងន់ ចំណែកឯអ្នកខ្លះវិញក៏ឡើងទម្ងន់ជាបន្តបន្ទាប់ ដោយសារតែពួកគេចាត់ទុកការញ៉ាំអាហារ ជាការបញ្ចេញកំហឹង ឬទុក្ខសោករបស់ខ្លួន។ ជួនកាល វាក៏កើតមានជាវដ្ដមួយដែលការឡើងទម្ងន់នៅពេលធ្លាក់ទឹកចិត្ត ក៏ជាហេតុធ្វើឲ្យកាន់តែធ្លាក់ទឹកចិត្ត ហើយទម្ងន់ក៏រឹតតែកើនឡើង។

ការនឿយហត់
អ្នកដែលគេងតិចជាង ៧ម៉ោងក្នុងមួយថ្ងៃ ងាយប្រឈមនឹងការលើសទម្ងន់ជាងអ្នកដែលគេងបានគ្រប់គ្រាន់។ នេះអាចមកពីហេតុថា អ្នកដែលគេងមិនគ្រប់នឹងមានកម្រិតទាបនៃលិបទីន (leptin) ដែលជាសារធាតុម្យ៉ាងធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែតជាមួយនឹងកម្រិតខ្ពស់នៃក្រេលីន (ghrelin) ដែលជាអ័រម៉ូនភ្ញោចអារម្មណ៍ឃ្លាន។ ម្យ៉ាងទៀត រាល់ពេលដែលអ្នកហត់នឿយ អ្នកក៏នឹងចង់ញ៉ាំនេះញ៉ាំនោះមិនឈប់ ហើយក៏មិនមានកម្លាំងកំហែងក្នុងការធ្វើសកម្មភាពផ្សេងៗ ហើយជាលទ្ធផលបរិមាណកាល់ឡូរីដែលដុតក៏មានតិច។

ការស្តុកទុកជាតិទឹកក្នុងខ្លួន
ការស្តុកទុកបែបនេះ អាចជាហេតុនាំឲ្យរាងកាយរបស់អ្នកឡើងហើម ហើយក៏អាចឡើងទម្ងន់។ វាអាចបង្កដោយសារតែការស្តុកទុក និងកើនឡើងជាបន្តបន្ទាប់នៃជាតិទឹកនៅក្នុងសារពាង្គកាយរបស់យើង។ ក្នុងនោះដែរ មានករណីខ្លះមានលក្ខណៈធម្មតា ដូចជាការឈរយូរអាចបណ្តាលឲ្យហើមកជើង ឬមុនពេលមករដូវ។ល។ ប៉ុន្តែសម្រាប់ករណីធ្ងន់ធ្ងរ ដែលបង្កជាបញ្ហាពិបាកដកដង្ហើម ឬហើមរយៈពេលយូរនោះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យឯកទេស។

Polycystic ovary syndrome (PCOS)
វាជាជំងឺទូទៅមួយ ដែលជះឥទ្ធិពលដល់ការបំពេញមុខងារនៃអូវែរបស់ស្រ្តីដែលរោគសញ្ញារួមមាន ការមករដូវមិនទៀងទាត់ ការលំបាកក្នុងការមានផ្ទៃពោះ ការឡើងទម្ងន់ជាដើម។ យ៉ាងណាមិញ មូលហេតុពិតប្រាកដរបស់វាមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែវាអាចទាក់ទងនឹងបញ្ហាអ័រម៉ូនដូចជាកម្រិតខ្ពស់ពេកនៃអាំងស៊ុយលីន និងតេស្តូស្តេរ៉ូន។ ជាធម្មតា ស្ត្រីដែលមានជំងឺនេះ ឡើងទម្ងន់នៅជុំវិញចង្កេះរបស់គេ ហើយពេលដែលទម្ងន់កើនគេនឹងផលិតអាំងស៊ុយលីនកាន់តែច្រើន ដែលជាហេតុបណ្តាលឲ្យឡើងទម្ងន់បន្ថែមទៀត។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់