ការថយចុះការលូតលាស់របស់កុមារជួបញឹកញាប់ តែមិនត្រូវបានចាប់អារម្មណ៍

ការមិនរីកធំធាត់ គឺជាបញ្ហាមួយដែលកើតឡើងជាញឹកញាប់ចំពោះកុមារ ហើយជាទូទៅមិនសូវមានការចាប់អារម្មណ៍ពីឪពុកម្ដាយទេ។

និយមន័យ
កុមារដែលមិនមានការរីកធំធាត់ មានន័យថាកុមារនោះមានការលូតលាស់ផ្នែករាងកាយមិនបានល្អ ជាពិសេសមិនឡើងទម្ងន់បើធៀបនឹងអាយុ និងកម្ពស់របស់គាត់។

មូលហេតុ
មូលហេតុដែលបណ្ដាលឲ្យកុមារមិនឡើងទម្ងន់និងមិនរីកលូតលាស់មាន ដូចជា៖
-កុមាររើសចំណី
-កុមារមានជំងឺពីកំណើត ជំងឺរ៉ាំរ៉ៃ ឬជំងឺសត្វល្អិតក្នុងពោះវៀន
-កុមាររស់ក្នុងគ្រួសារមានជីវភាពក្រីក្រ ឬក៏រស់នៅក្នុងប្រទេសមានសង្គ្រាម។

កត្តាដែលបង្ក និងកុមារដែលប្រឈម
មានកត្តាមួយចំនួនដែលធ្វើឲ្យកុមារប្រឈមទៅនឹងការមិនរីកលូតលាស់នេះគឺ
-គ្រួសារដែលមានជីវភាពក្រីក្រ
-កុមារដែលរស់នៅខ្វះអនាម័យ
-កុមារមានជំងឺរ៉ាំរ៉ៃ (ជំងឺរបេង ជំងឺតម្រងនោម ជំងឺអេដស៍)
-កុមារដែលរស់នៅក្នុងប្រទេសមានសង្គ្រាម
-កុមារដែលមានជំងឺពីកំណើត
-កុមារដែលមានសុខភាពមិនល្អ ឈឺញឹកញាប់មានប្រព័ន្ធការពារខ្សោយ។

រោគសញ្ញា
នៅពេលកុមារមិនមានការរីកលូតលាស់មានស្តែងចេញជារោគសញ្ញាដូចជា កុមារមិនឡើងទម្ងន់ ឬស្រកទម្ងន់ជារៀងរាល់ខែ  កុមារមិនញ៉ាំចំណី   កុមារអស់កម្លាំងល្វឹងល្វើយ ស្លេកស្លាំង កុមារមានរោគសញ្ញារាករ៉ាំរ៉ៃបណ្ដាលមកពីជំងឺពោះវៀន ឬប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរ និងកុមារមានសកម្មភាពមិនរហ័សរហួន។

រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យកុមារអាចជាជំងឺកង្វះអាហារូបត្ថម្ភ ជំងឺបេះដូងពីកំណើត ជំងឺរ៉ាំរ៉ៃ (របេង អេដស៍)។

ការព្យាបាល
ដើម្បីឲ្យកុមារមានការរីកលូតលាស់ឡើងវិញ ឪពុកម្តាយគ្រប់រូបត្រូវព្យាយាមបំប៉នចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ដល់កុមារ ហើយត្រូវព្យាបាលជំងឺដែលកុមារមានតាំងពីកំណើត ឬព្យាយាមតាមដាន និង ស្វែងរកជំងឺរ៉ាំរ៉ៃ ព្រមទាំងព្យាបាលជំងឺនេះផងដែរ។ លើសពីនេះទៅទៀត មាតាបិតាត្រូវចេះពីវិធីសាស្រ្តថែទាំកុមារ និងចិញ្ចឹមកុមារឲ្យបានល្អ ហើយត្រូវជ្រើសរើសចំណីអាហារបំប៉នណាដែលមិនប្រតិកម្មនឹងខ្លួនកុមារ។

ចំណីអាហារដែលអាចធ្វើឲ្យកុមាររីកធំធាត់គឺចំណីអាហារណាដែលមានអនាម័យល្អ និងមានជីវជាតិគ្រប់គ្រាន់មានន័យថាកុមារអាចបៅទឹកដោះម្ដាយ បរិភោគបបរគ្រឿងគ្រប់មុខ ឬ បាយជាមួយម្ហូបដែលមានសាច់ បន្លែ ស៊ុត គ្រឿងក្នុងមាន់  ឬជ្រូក រួមទាំងផ្លែឈើនិងភេសជ្ជៈណាដែលទ្រទ្រង់សុខភាព។ (សារធាតុចិញ្ចឹម៣ប្រភេទចាំបាច់សម្រាប់កុមារ)

ផលវិបាក
កុមារនឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលា កុមារនឹងមានជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងអាចរហូតដល់បាត់បង់ជីវិត។

ការបង្ការ
ដើម្បីចៀសវាងកុំឲ្យកុមារមានជំងឺនេះ ឬកុំឲ្យវាវិវឌ្ឍកាន់តែធ្ងន់ធ្ងរ គឺត្រូវនាំកុមារទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញខាងកុមារ ឬខាងកង្វះអាហារូបត្ថម្ភ ម៉្យាងទៀត ឪពុកម្តាយគ្រប់រូបគួរតាមដានសុខភាពរបស់កូនឲ្យបានដិតដល់ និងទទួលការរៀនសូត្រអប់រំអំពីការថែទាំសុខភាពកុមារឲ្យបានល្អ។ លើសពីនេះទៅទៀត ប្រសិនបើកុមារមានជំងឺពីកំណើត គួរតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។

ការចិញ្ចឹមបុត្រធីតាមិនមែនជាការងាយស្រួលនោះឡើយ ជាពិសេសចំពោះឪពុកម្ដាយដែលមានវ័យក្មេងខ្ចី ដែលពុំទាន់មានបទពិសោធន៍ក្នុងជីវិត។ ដូច្នេះ សូមយកចិត្តទុកដាក់ថែទាំបុត្រធីតារបស់លោកអ្នក ទាំងសុខភាព និងការរៀនសូត្រឲ្យបានល្អនោះ ទើបអនាគតរបស់ពួកគាត់បានរុងរឿង។

បកស្រាយជូនដោយ ៖ លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារជាតិ និងជាម្ចាស់ មន្ទីរសម្រាកព្យាបាល និងសម្ភព​ ឈួ អ៊ីសេង

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ពាក្យទាក់ទង


មតិយោបល់