ជំងឺមហារីកកុមារមានដល់ទៅជាង៤០ប្រភេទ?

អត្រាជំងឺមហារីកលើកុមារបើផ្អែកតាមស្ថិតិនៅបណ្តាប្រទេសអឺរ៉ុប អត្រាជំងឺមហារីកលើកុមារមានប្រហែល ១៣០ ករណីក្នុងចំណោមកុមារអាយុតិចជាង ១៥ឆ្នាំ ១លាននាក់។ ចំណែកនៅប្រទេសកម្ពុជាយើងមិនទាន់មានស្ថិតិបង្ហាញ ពីអត្រាជំងឺនេះនៅឡើយទេ តែបើផ្អែកតាមតួលេខនេះ អត្រាជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើងមានប្រហែល ៦៣០ ករណីថ្មី ក្នុង ១ឆ្នាំ។ ជំងឺនេះមានជាង ៤០ប្រភេទ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់។

ជំងឺមហារីកកុមារដែលកើតជាញឹកញាប់មានដូចជា៖
•    ជំងឺមហារីកឈាមស្រួចស្រាវ
•    ជំងឺមហារីកកូនកណ្តុរ
•    ជំងឺមហារីកខួរក្បាល
•    ជំងឺមហារីកប្រព័ន្ធប្រសាទ
•    ជំងឺមហារីកតម្រងនោម
•    ជំងឺមហារីកថ្លើម
•    ជំងឺមហារីកឆ្អឹង
•    ជំងឺមហារីកភ្នែក

        លក្ខណៈខុសគ្នានៃជំងឺមហារីកកុមារ និងមនុស្សពេញវ័យជំងឺមហារីកលើកុមារ និងលើមនុស្សពេញវ័យ
មានលក្ខណៈខុសគ្នាច្រើនទាំង ទីតាំង ប្រភេទរោគសញ្ញា ភាពធ្ងន់ធ្ងរ ការវិវឌ្ឍ និងវិធី ព្យាបាល។ ជាទូទៅជំងឺមហារីកលើកុមារមានការលូតលាស់លឿនជាងជំងឺមហារីក ដែលកើតលើមនុស្សចាស់ប៉ុន្តែការសិក្សាវិទ្យា សាស្ត្រ បានបង្ហាញថា ជំងឺមហារីកលើកុមារ ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជាសះស្បើយច្រើនជាង។

        មូលហេតុ
មហារីកលើកុមារភាគច្រើនមិនមានមូលហេតុពិតប្រាកដទេ។ មានកត្តារួមផ្សំមួយចំនួនដូចជា៖
•    កត្តាហ្សេនេទិក ដែលបណ្តាលមកពីការខូចខាតនៃហ្សែន
•    ការបង្ករោគដោយវីរុស (HIV, Epstein-Barr  Virus)
•    សារជាតិវិទ្យុសកម្ម។

        រោគសញ្ញា
រោគសញ្ញាប្រែប្រួលទៅតាមប្រភេទ និងទីតាំងនៃជំងឺមហារីក តួយ៉ាងដូចជា៖
+    មហារីកឈាមស្រួចស្រាវ
-    អាចកើតលើកុមារគ្រប់វ័យ
-    ក្តៅខ្លួនរ៉ាំរ៉ៃ មិនឆ្លើយតបនឹងថ្នាំផ្សះ
-    សញ្ញាហូរឈាម ដូចជា ជាំស្បែក ឈាមអញ្ចាញធ្មេញ ឈាមច្រមុះ
-    ស្លេកស្លាំង
-    អណ្តើក ថ្លើម កូនកណ្តុររីកធំ។
+    មហារីកតម្រងនោម
-    ភាគច្រើនកើតលើក្មេងអាយុក្រោម ៨ឆ្នាំទំហំពោះរីកធំ ជួនកាលអាចស្ទាបប៉ះដុំ
-    ជួនកាលនោមឈាម  ឬ  លើសសម្ពាធឈាម។

    ការព្យាបាល
តាមលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា ជំងឺមហារីកខ្លះអាចព្យាបាលជាសះ- ស្បើយស្ទើរតែ ១០០%  ឯខ្លះទៀតមានឱកាសជាសះស្បើយតិចតួច។ ជារួមជំងឺនេះអាចព្យាបាលជា សះស្បើយ ៧០%  ចំណែកវិធីព្យាបាល និងរយៈពេលព្យាបាលខុសគ្នាទៅតាមប្រភេទនីមួយៗ។ វិធីសាស្ត្រដែលប្រើអាចមានដូចជា ៖
•    ការព្យាបាលដោយថ្នាំគីមី និងថ្នាំជីវសាស្ត្រជំនាន់ថ្មីទំនើបៗ ដែលមានប្រសិទ្ធភាពខ្ពស់ និងមិនសូវមានផលវិបាក
•    ការព្យាបាលដោយកាំរស្មីបែបទំនើប
•    ការព្យាបាលដោយការវះកាត់។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ម្លិះ រដ្ឋា វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមកុមារនៃមន្ទីរពេទ្យកាល់ម៉ែត

ពាក្យទាក់ទង


មតិយោបល់

profile.png
Tim Socheat 11 ខែ មុន

កូនខ្ញុំក្តៅក្បាលមិនបាត់សោះអ្នកគ្រូ តែចុងដៃ ចុងជើងត្រជាក់ អាយុ 1 ខួប 7 ខែ តើគួធ្វើបែបណាទើបបាត់អ្នកគ្រូ

profile.png
Healthtime Pro 11 ខែ មុន

សួស្តីបង! សម្រាប់ករណីនេះ យកល្អ បងគួរយកកូនទៅជួបវេជ្ជបណ្ឌិត ដើម្បីធ្វើការពិនិត្យ។ ឬអាចប្រើថ្នាំបញ្ចុះកំដៅសិនហើយបើមិនបាត់ទៀត ត្រូវទៅជួបពេទ្យព្រោះអាចមានមេរោគ...តែយើងសូមណែនាំឲ្យបងនាំកូនទៅជួបពេទ្យទើបជាការប្រសើរ...

ឆ្លើយតប