ចុះនិស្សិតឯកទេសត្រចៀក-ច្រមុះ-បំពង់កវិញ មានក្តីស្រមៃបែបណាដែរ?

លោក សេង ឡុង 

មូលហេតុដែលជម្រុញចិត្តខ្ញុំឲ្យជ្រើសរើសយកឯកទេសមួយនេះ ក៏ព្រោះតែមូលហេតុ៣យ៉ាងសំខាន់ៗ។ មូលហេតុចម្បងគេ គឺដោយសារតែទឹកចិត្តស្រលាញ់ផ្នែកនេះដោយខ្លួនឯងផ្ទាល់តែម្តង។ ចំណែកមូលហេតុមួយទៀតដោយសារខ្ញុំចង់ធ្វើឲ្យមានការរីកចម្រើននូវឯកទេសមួយនេះ ព្រោះថាឯកទេសនេះជាមុខវិជ្ជាមួយដែលទើបតែមានការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើងហើយក៏មានវេជ្ជបណ្ឌិតមិនច្រើនទេ ដែលមានចំណេះដឹងផ្នែក ត្រចៀក-ច្រមុះ-បំពង់កនេះ។

មូលហេតុដ៏សំខាន់មួយទៀត ក៏ព្រោះថាកាលពីខ្ញុំរៀននៅសាកលវិទ្យាល័យក្នុងមួយឆ្នាំៗ ខ្ញុំតែងតែមានជំងឺរលាកបំពង់កធ្ងន់ធ្ងរយ៉ាងហោចណាស់ ៥ -៦ ដង ដូច្នេះហើយ ធ្វើឲ្យខ្ញុំចង់ចេះ ចង់ដឹងអំពីជំងឺនេះយ៉ាងខ្លាំង។

ការសិក្សាមុខជំនាញមួយណាក៏រមែងតែងមានឧបសគ្គដូចគ្នា គ្រាន់តែស្ថិតនៅក្នុងរូបភាព និងកម្រិតផ្សេងៗពីគ្នា។ សម្រាប់ការសិក្សារបស់ខ្ញុំផ្ទាល់កន្លងមក ក៏បានជួបប្រទះនឹងការលំបាកច្រើនផងដែរ។ ដោយហេតុថាវាជាឯកទេសមួយដែលពិបាក ហើយក៏មិនសូវជាសម្បូរមេរៀនសម្រាប់ការស្រាវជ្រាវនោះទេ ដូចនេះហើយ ការសិក្សាក៏មិនបានទូលំទូលាយដូចផ្នែកមួយចំនួនដែរ។

ចំណែកឯឧបករណ៍ទៀតសោត ក៏មិនសម្បូរបែបដូចគេដែរ។ ម្យ៉ាងវិញទៀត ការតាមដានការវះកាត់របស់លោកគ្រូក៏មិនងាយស្រួលដែរ  ព្រោះការវះកាត់ភាគច្រើនជាការវះកាត់តូចៗ (micro surgery) និងធ្វើការវះនៅកន្លែងដែលតូចចង្អៀត។ ក្រៅពីមូលហេតុខាងលើនេះហើយ ក៏នៅមានមូលហេតុមួយចំនួនទៀតផងដែរ ដែលពិបាកនឹងនិយាយ។

ដោយសារតែឧបសគ្គដែលបានជួបប្រទះកន្លងមក ពីដំបូងខ្ញុំក៏ធ្លាប់មានបំណងបោះបង់ឯកទេសនេះដែរ ព្រោះកាលពីរៀនឆ្នាំដំបូង ខ្ញុំអត់ចេះអ្វីសោះ (ពិបាកក្នុងការតាមដានការវះកាត់) និងរឿងមួយចំនួនដែលខ្ញុំពិបាកនឹងនិយាយនោះ ធ្វើឲ្យខ្ញុំអស់សង្ឃឹមយ៉ាងខ្លាំង តែមួយរយៈពេលក្រោយមក ខ្ញុំក៏អាចសម្របខ្លួនទៅនឹងស្ថានភាពទាំងនោះ។ ខ្ញុំបានព្យាយាមមើលមេរៀន និងអនុវត្តនៅមន្ទីរពេទ្យ ដោយមានការលើកទឹកចិត្តពីលោកគ្រូមួយចំនួន ព្រមជាមួយនឹងការជ្រោមជ្រែងពីក្រុមគ្រួសាររបស់ខ្ញុំផងនោះ ធ្វើឲ្យខ្ញុំមានទឹកចិត្តតស៊ូរហូតបានដូចសព្វថ្ងៃនេះ។

ក្រៅពីការសិក្សានៅសាលា ខ្ញុំបានចូលរួមក្នុងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីរួមចំណែកជួយដល់សង្គម និងធ្វើការស្វែងយល់អំពីជំងឺជាច្រើនដែលខ្ញុំបានជួប រហូតដល់សព្វថ្ងៃខ្ញុំក៏ជាសមាជិកសកម្មម្នាក់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ផងដែរ។

នៅថ្ងៃខាងមុខនេះ ខ្ញុំនឹងព្យាយាមអភិវឌ្ឍឯកទេសនេះឲ្យរីកចម្រើន ជាពិសេសនៅមន្ទីពេទ្យព្រះកុសុមៈផ្ទាល់តែម្តង។ ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើទៅប្អូនៗដែលចង់បានឯកទេសនេះថា «ធ្វើអ្វីក៏មានឧបសគ្គដែរ បើយើងពិតជាស្រឡាញ់ឯកទេសនេះ យើងត្រូវតែតស៊ូ ហើយចាំថា  គេធ្វើបាន យើងក៏អាចធ្វើបានដែរ»។

លោក យិន សាស្រ្តា 

ទឹកចិត្តស្រលាញ់មុខវិជ្ជាមួយនេះផ្ទាល់ ជាមូលហេតុទីមួយដែលជម្រុញចិត្តខ្ញុំឲ្យធ្វើការជ្រើសរើសនូវជំនាញមួយនេះ។ ម្យ៉ាងវិញទៀត ដោយសារតែការសិក្សាផ្នែកនេះ គឺតម្រូវឲ្យមានការយល់ដឹងទាំងផ្នែកវេជ្ជសាស្រ្ត និងសល្យសាស្រ្ត រួមផ្សំនូវលក្ខណៈពិសេសមួយទៀតដែលជាការសិក្សាមួយ ដោយផ្តោតសំខាន់ទៅលើវិញ្ញាណចំនួន៣របស់មនុស្ស ដែលរួមមានសោតវិញ្ញាណ (ត្រចៀក) ឃានវិញ្ញាណ (ច្រមុះ) និងជីវ្ហាវិញ្ញាណ(បំពង់ក) ព្រមជាមួយនឹងការបញ្ចេញសំឡេង ហើយនិងការវះកាត់ក និងក្បាលផងដែរ។ ក្រៅពីនេះផងដែរ ដោយសារតែប្រជាជនកម្ពុជាភាគច្រើនមានការប្រើប្រាស់ និងប៉ះពាល់ត្រង់តំបន់ធំទាំង៣ដែលខ្ញុំរៀន ទើបបានជាខ្ញុំសម្រេចចិត្តជ្រើសរើសចាប់យកជំនាញមួយនេះតែម្តង។

ត្រលប់មកការលំបាកក្នុងការសិក្សាវិញ អ្វីដែលខ្ញុំបាទធ្លាប់បានជួបប្រទះកន្លងមកមានដូចជា រយៈពេលនៃការសិក្សា គឺមានរយៈពេលវែង។ ពុំនោះទៀតសោត ការសិក្សាឯកទេសនេះក៏តម្រូវឲ្យមានទេពកោសល្យក្នុងការវះកាត់ ព្រោះការវះកាត់មិនមែនជាការវះកាត់ធម្មតាដូចជាការវះកាត់ផ្សេងៗនោះទេ ប៉ុន្តែជាការវះកាត់តូចៗ (micro surgery)។ ជាក់ស្តែង ការវះកាត់ត្រចៀកដែលមានខ្នាតនៃសរីរាង្គគិតជាមីលីម៉ែត្រ ជាមូលហេតុតម្រូវឲ្យមានការអត់ធ្មត់ច្រើន ព្រោះថាការវះកាត់ចាំបាច់ត្រូវប្រើប្រាស់ Endoscope  និង Microscope ដើម្បីពង្រីកមើលឲ្យច្បាស់។ 

ទាំងនេះបង្កនូវភាពស្មុគស្មាញច្រើនហើយអ្វីដែលរឹតតែពិបាកទៀតនោះ គឺក្រោយពីការវះកាត់ អ្នកជំងឺអាចត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត និងពិការភាពថែមទៀត។ ក្រៅពីនេះ មានករណីខ្លះដែលតម្រូវឲ្យមានការតាមដាន និងសង្គ្រោះជីវិតក្នុងករណីបន្ទាន់ផងដែរ ជាពិសេសនៅចំថ្ងៃដែលត្រូវប្រចាំការ។ ការរៀន និងការអនុវត្តមានរយៈពេលស្មើគ្នា ប៉ុន្តែសម្រាប់ម៉ោងទ្រឹស្តី គឺមានការលំបាកច្រើនបន្តិច ដោយហេតុថាគ្រូនឹងផ្តល់ជាប្រធានបទសម្រាប់ឲ្យនិស្សិតធ្វើការស្រាវជ្រាវរកប្រភពឯកសារដោយខ្លួនឯង រួចធ្វើបទបង្ហាញនៅក្នុងថ្នាក់រៀនផ្ទាល់តែម្តង ហើយគ្រូនឹងធ្វើការវាយតម្លៃ កែសម្រួល ព្រមទាំងបន្ថែមនូវចំណុចដែលខ្វះខាត។

ពេលដំបូងដែលមិនទាន់ស៊ាំទៅនឹងការលំបាកទាំងនោះ ខ្ញុំក៏មានទឹកចិត្តអស់សង្ឃឹម និងចង់បោះបង់ចោលដែរ តែក្រោយមក ខ្ញុំក៏ព្យាយាមគិតក្នុងផ្លូវវិជ្ជមាន ព្រមទាំងព្យាយាមប្រាប់ខ្លួនឯងថា «បើធ្វើអ្វីមួយ ហើយត្រូវលូកឲ្យកប់»។ កម្លាំងជម្រុញទឹកចិត្តដ៏ខ្លាំងក្លាមួយទៀត គឺមកពីខាងក្រុមគ្រួសារ ជាពិសេសឪពុកម្តាយដែលខិតខំចំណាយពេលវេលា និងថវិកាឲ្យខ្ញុំបានរៀនរហូតដល់សព្វថ្ងៃ ហេតុនេះហើយត្រូវតែខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។
 
រាល់ការសិក្សាផ្នែកណាក៏ដោយ ដែលពាក់ព័ន្ធនឹងវិជ្ជាពេទ្យ គឺត្រូវការនូវការអត់ធ្មត់ខ្លាំងមែនទែន រាប់បញ្ចូលទាំងចំណេះវិជ្ជា ចំណេះដឹងទូទៅ ការប្រាស្រ័យទាក់ទងគ្នា នៅក្នុងកន្លែងធ្វើការ និងជាមួយមិត្តភក្តិ ឬលោកគ្រូអ្នកគ្រូដែលតម្រូវឲ្យមានភាពវ័យឆ្លាតក្នុងការសម្របខ្លួនទៅតាមកាលៈទេសៈទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ចំាបាច់ត្រូវមានឆន្ទៈ និងឧត្តមគតិច្បាស់លាស់ ប្រសិនបើចង់រៀនផ្នែកពេទ្យ ត្រូវតែសម្រេចគោលបំណងរបស់ខ្លួនឲ្យបាន ដោយកុំរួញរាហើយប្រាប់ខ្លួនឯងថា «ជីវិតជាការតស៊ូ»។

ចំណេះដឹងផ្នែកភាសាបរទេស ក៏ជាយានសម្រាប់ចូលសិក្សាឯកទេស មិនថាតែឯកទេសមួយនេះឡើយ ហើយភាសាដែលសំខាន់ជាងគេ គឺភាសាអង់គ្លេស និងបារាំង ដែលជាភាសាគោលឲ្យយើងអាចពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត ព្រោះថាមានប្រភពព័ត៌មានជាច្រើនណាស់ដែលអាចស្វែងរកបាន។ បន្ថែមពីលើចំណេះដឹងពីសាលា និស្សិតគួរឆ្លៀតពេលចូលរួមកម្មវិធីសិក្ខាសាលាតាមសាលា ឬសណ្ឋាគារផ្សេងៗ ដែលមានការធ្វើបទបង្ហាញពីអ្នកជំនាញ។ និស្សិតក៏គួររួមចំណែកក្នុងការងារស្ម័គ្រចិត្តដោយធ្វើការព្យាបាលតាមសហគមន៍ផ្សេងៗ។  

ក្តីប្រាថ្នាទៅអនាគតរបស់ខ្ញុំ គឺបន្តការសិក្សានៅក្រៅប្រទេស ជាពិសេសប្រទេសបារាំង ហើយនៅពេលដែលត្រលប់មកមាតុប្រទេសវិញ ខ្ញុំមានបំណងទៅធ្វើការបម្រើជូនប្រជាជននៅខេត្តដាច់ស្រយាលក្នុងប្រទេសយើង ដូចជាខេត្តព្រះវិហារជាដើម ព្រមទាំងបើកបន្ទប់ពិគ្រោះជំងឺផ្ទាល់ខ្លួន និងបង្រៀនដល់និស្សិតជំនាន់ក្រោយផងដែរ។

ជូនចំពោះនិស្សិតជំនាន់ក្រោយទាំងអស់គ្នា សំខាន់ប្អូនត្រូវប្រាកដក្នុងចិត្តថាខ្លួនឯងពិតជាស្រលាញ់នូវមុខជំនាញមួយហ្នឹងពិតប្រាកដមែន។ ក្រោយពីប្រាកដប្រជាហើយ ប្អូនចាំបាច់មានចំណេះដឹងជាមូលដ្ឋាននៃផ្នែកវេជ្ជសាស្រ្ត និងផ្នែកត្រចៀក-ច្រមុះ-បំពង់ក ជាពិសេសការវះកាត់។ អ្វីដែលមិនអាចអត់បាន គឺចំណេះផ្នែកភាសាបរទេស។ លើសពីនេះទៀត ប្អូនក៏គួរតែមានទំនាក់ទំនងល្អជាមួយនឹងលោកគ្រូអ្នកគ្រូ ដើម្បីងាយស្រួលក្នុងការធ្វើការសាកសួរបន្ថែមផងដែរ។ ជាចុងក្រោយ ប្អូនត្រូវរំលឹកខ្លួនឯងថា«ធ្វើអ្វីក៏ដោយ ត្រូវមានការព្យាយាម ព្រមជាមួយភាពអំណត់អត់ធន់ និងឆន្ទៈខ្ពស់»។

ពាក្យទាក់ទង


មតិយោបល់