បន្ថែមមន្តស្នេហ៍លើ៥ចំណុចនៃផ្ទៃមុខអុ្នក

មុខស្រស់ស្អាតមួយម៉ាត់ តើអ្នកមើលទៅលើអ្វីខ្លះ? ទម្រង់មុខ ឬផ្ទៃមុខ? បើសិនជាមិនច្បាស់ទេ មកមើលទាំងអស់គ្នា…ពេញវ័យពេលណា សម្រស់ក្លាយជាចំណុចចាប់អារម្មណ៍បំផុតសម្រាប់គ្រប់ស្រទាប់មនុស្ស។ សំខាន់ ត្រឹមតែមានទម្រង់មុខ និងស្បែកមុខស្រស់ស្អាត មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចនេះទើប យើងខ្ញុំសូមលើកយក ៥ចំណុចពិសេសដែលជាផ្នែកដ៏ទាក់ទាញសម្រាប់ផ្ទៃមុខរបស់អ្នក ដើម្បីឲ្យអ្នកយកចិត្តទុកដាក់លើគ្រប់ចំណុចទាំងនេះបានល្អផងដែរ។

ភ្នែក៖ ផ្នែកសំខាន់បំផុតនៅលើមុខ ហើយភ្នែកស្រស់ស្អាត គឺមើលទៅភ្លឺថ្លាព្រមទាំងមានស្បែកជុំវិញភ្នែកស្អាតមិនរូងខ្មៅ។ ដើម្បីបានបែបនេះអ្នកត្រូវផ្តល់ឲ្យភ្នែកនូវការសម្រាកគ្រប់គ្រាន់។ ប្រសិនការងាររបស់អ្នកតម្រូវឲ្យនៅមុខកុំព្យូទ័រជាប្រចាំ អ្នកត្រូវឧស្សាហ៍ងើបដើរចេញមើលអ្វីផ្សេងខ្លះ និងព្រិចភ្នែកឲ្យបានញឹក កុំឲ្យភ្នែកអ្នកឆាប់ស្ងួត។ គួរប្រើទឹកភ្នែកសិប្បនិមិ្មតជាប្រចាំនូវរាល់ពេលអ្នកមានអារម្មណ៍ថាស្ងួតភ្នែក និងដើម្បីលាងភ្នែកពីធូលីដី។  ពាក់វ៉ែនតាខ្មៅគ្រប់ពេលអ្នកចេញក្រៅ ព្រោះវាអាចជួយការពារពីកាំរស្មីUV និងកុំឲ្យស្បែកកន្ទុយភ្នែកឆាប់ជ្រួញផងដែរ។ ទំនេរៗ អ្នកអាចឆ្លៀតចិតត្រសក់ជាចំណិតស្តើងៗ បិតលើរង្វង់ភ្នែករយៈពេលត្រឹមតែ១០នាទី ដើម្បីផ្តល់សំណើមដល់ស្បែកជុំវិញភ្នែករបស់អ្នក និងជួយបំបាត់រង្វង់ភ្នែកខ្មៅបានយ៉ាងប្រសើរ។

ច្រមុះ៖ ច្រមុះដែលស្អាតគឺសំដៅដល់ច្រមុះមានរាងតូច និងស្រួចដែលភាគច្រើនអ្នកអាចផាត់មុខឲ្យចេញជារូបរាងដែលអ្នកចូលចិត្ត។ ប៉ុន្តែអ្វីដែលពិសេសនោះអ្នកអាចម៉ាស្សាដើម្បីបានរូបរាងច្រមុះដ៏តូចខ្ពស់នេះបានដោយគ្រាន់តែប្រើដៃទាំងពីររបស់អ្នកម៉ាស្សាថ្នមៗ ឬរុញទៅសងខាងច្រមុះរបស់អ្នកពីលើចុះក្រោម ម្តង៥នាទី ដោយអនុវត្តជារៀងរាល់ថ្ងៃប្រសើរបំផុតគឺនៅពេលព្រឹកព្រលឹម ក្នុងរយៈពេលត្រឹមតែ២ទៅ៣ខែអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។

ថ្ពាល់៖ ស្បែកថ្ពាល់ គឺជាផ្នែកសំខាន់បង្ហាញអំពីទិដ្ឋភាពនៃស្បែកទាំងមូលរបស់អ្នកមានន័យថាមើលតែស្បែកថ្ពាល់ក៏ដឹងថាស្បែកទាំងមូលរបស់អ្នកមានសុខភាពល្អកម្រិតណាដែរ។ ដើម្បីបានថ្ពាល់ស្រស់ថ្លាជាប្រចាំគួរលាបប្រទាលកន្ទុយក្រពើផ្ទាល់លើថ្ពាល់ ទុក៣០នាទី ជាប្រចាំនៅមុនពេលអ្នកងូតទឹកឬលាងសម្អាតមុខ ព្រោះវាជួយឲ្យថ្ពាល់អ្នកមើលទៅម៉ត់និងភ្លឺរលោង។ ត្រូវចៀសវាងទម្លាប់អាក្រក់ដែលអ្នកចូលគេងទាំងមិនលាងមុខ ដោយសារការទុកគ្រឿងសម្អាងនៅលើមុខយូរពេកធ្វើឲ្យស្បែកមុខឆាប់ចាស់ និងយារហើយយកល្អអ្នកគួរតែគេងផ្ងារជាជាងគេងចំហៀងឬផ្កាប់មុខ។ ម៉្យាងទៀតត្រូវលាបក្រែមផ្តល់សំណើមលើផ្ទៃមុខទាំងមូលជាប្រចាំបន្ទាប់ពីសម្អាតមុខរួច ហើយអ្នកក៏អាចម៉ាស្សាថ្ពាល់តាមចលនាជារង្វង់ទាញទៅសៀតផ្កា ព្រមទាំងទះថ្ពាល់តិចៗដើម្បីឲ្យវាមានភាពហាប់ណែនផងដែរ។

បបូរមាត់៖ បបូរមាត់ស្រស់ស្អាតអាចជាផ្នែកមួយដែលធ្វើឲ្យពាក្យពេចន៍អ្នកមានឥទ្ធិពល ដែលវាមើលទៅមិនស្លេក មិនខ្មៅ មិនស្ងួត ហើយក៏មិនប្រេះ។ ដោយសារតែស្បែកបបូរមាត់អ្នកជាប្រភេទស្បែកស្តើង ដែលទាមទារឲ្យអ្នកថែរក្សាជាប្រចាំ  ដោយជ្រើសរើសប្រេងលាបបបូរមាត់ប្រភេទគ្មានអាល់កុល។ រឹតតែទាក់ទាញ គឺជ្រើសរើសក្រែមឲ្យសមនឹងអ្នកដូចជា បើសរសៃឈាមកដៃអ្នកបង្ហាញពណ៌បៃតង អ្នកគួរលាបក្រែមពណ៌ក្រហមត្នោត ឬពណ៌ទឹកក្រូច តែបើសរសៃកដៃអ្នកពណ៌ខៀវវិញ អ្នកគួរលាបក្រែមពណ៌ផ្កាឈូក  ឬស្វាយ  ប៉ុន្តែអ្នកក៏អាចជ្រើសរើសឲ្យស្របនឹងកម្មវិធីដែលចូលរួម និងសម្លៀកបំពាក់ដែលអ្នកស្លៀកបានផងដែរ។

ធ្មេញ៖ ឲ្យតែពេលអ្នកសើច នោះវាក៏ជាពេលវេលាដែលអ្នកបញ្ចេញនូវសម្រស់ធ្មេញរបស់អ្នកដែរ ដូចនេះ វាអាចចាត់ទុកជាផ្នែកមួយដ៏ទាក់ទាញ មិនត្រឹមតែស ត្រង់ជួរ តែក៏ត្រូវមានសុខភាពល្អផងដែរ។ ដើម្បីឲ្យបានទាំងព្រមបែបនេះ អ្នកត្រូវចងចាំដំបូងគឺ ការសម្អាតដូចជាអ្នកត្រូវប្រាកដថាអ្នកបានដុសធ្មេញយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ឬបន្ទាប់ពីញ៉ាំអាហាររួច ព្រមទាំងអាចប្រើអំបោះទាក់ធ្មេញ និងទឹកខ្ពុរមាត់បន្ថែមផងដែរដើម្បីសម្អាតបានកាន់តែស្អាត។  គួរមានទម្លាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងសម្អាតធ្មេញរបស់អ្នកយ៉ាងហោចណាស់ពី៦ខែ ឬ១ឆ្នាំម្តង។ ជំនួសប្រភេទអាហារ ឬភេសជ្ជៈផ្អែម មកជាតែព្រោះវាអាចកាត់បន្ថយការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ និងបន្ថែមការញ៉ាំពពួកអាហារដែលសម្បូរដោយកាល់ស្យូម  ដោយសារវាមានអត្ថប្រយោជន៍ដល់ឆ្អឹង  រួមទាំងធ្វើឲ្យឆ្អឹងថ្គាមរឹងមាំផងដែរ។ បញ្ឈប់ការជក់បារីជាដាច់ខាត ព្រោះវាមិនត្រឹមតែបំផ្លាញធ្មេញរបស់អ្នកទេ ថែមទាំងបំផ្លាញសុខភាពមាត់របស់អ្នកទៀតផង។ លោកអ្នកក៏អាចបង្កើនសោភ័ណភាពធ្មេញរបស់អ្នកបាន ដោយការតម្រង់ធ្មេញ ដែលបច្ចុប្បន្ន វិធីនេះមានការពេញនិយម និងមានវិធីសាស្រ្តច្រើនទៅតាមគ្លីនិក ឬមន្ទីរពេទ្យធ្មេញនានា។


 

ពាក្យទាក់ទង


មតិយោបល់