ហេតុអ្វីបានជា អ្នកជំងឺមហារីក ធ្វើទុក្ខខ្លាំងពេលព្យាបាល?

សំណួរ ៖ នាងខ្ញុំអាយុ ៣៥ឆ្នាំ រស់នៅខេត្តក្រចេះ។ នាងខ្ញុំចង់សួរថា ហេតុអ្វីក៏ជំងឺមហារីកពិបាកព្យាបាលជាងជំងឺផ្សេងម្ល៉េះ?ហេតុអ្វីការព្យាបាលដោយចាក់គីមី ធ្វើឲ្យអ្នកជំងឺក្អួតផង ជ្រុះសក់ផងយ៉ាងនេះ?

ចម្លើយ ៖ វិធីព្យាបាលជំងឺមហារីកមានច្រើន ដូចជា ការវះកាត់ បញ្ចាំងកាំរស្មីចាក់គីមី ប្រើថ្នាំអ័រម៉ូនជាដើម។ ដើម្បីអាចដឹងថាត្រូវព្យាបាលជំងឺមហារីក គឺទាមទារនូវការសម្រេចចិត្តដោយក្រុមពហុបច្ចេកទេសនៃគ្រូពេទ្យឯកទេស ដើម្បីរកការព្យាបាលមួយដែលល្អ សម្រាប់ស្ថានភាពអ្នកជំងឺ ក៏ដូចជាការជួយអ្នកជំងឺឲ្យរស់រានមានជីវិតពីជំងឺកាចសាហាវនេះហើយលើសពីនេះ ក៏តម្រូវឲ្យមានការចូលរួមពីក្រុមគ្រួសារ មិត្តភក្តិរបស់អ្នកជំងឺដែរ សម្រាប់ជំនួយផ្លូវចិត្តក៏ដូចជាអារម្មណ៍។

និយាយពីការព្យាបាលដោយចាក់គីមីវិញ ថ្នាំដែលត្រូវប្រើប្រាស់ជាប្រភេទថ្នាំដែលពុលកោសិកាពិសេសកោសិកាលូតលាស់លឿន។ យ៉ាងណាមិញ ក្នុងខ្លួនយើងមិនមានកោសិកាដុះជាអចិន្ត្រៃយ៍ទេ លើកលែងតែកោសិកាសក់ ដែលដុះលឿន ជាហេតុនាំឲ្យសក់ជ្រុះ។

ថ្នាំនេះផងដែរក៏ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធរំលាយអាហារដែរដែលនាំឲ្យអ្នកជំងឺហេវហត់ ហូបមិនបាន និងក្អួតចង្អោរ។ មួយវិញទៀត វាបណ្តាលឲ្យអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមនិងស ដែលបញ្ហានេះត្រូវតែមានការតាមដានអ្នកជំងឺឲ្យបានដិតដល់ពីសំណាក់គ្រូពេទ្យ ដើម្បីបញ្ចៀសនូវហានិភ័យដល់ជីវិត។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ពាក្យទាក់ទង


មតិយោបល់