ជួបនឹងTop 3នៃអនាគតវេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី

ការប្រឡងបញ្ចប់ថ្នាក់ឯកទេសជាដំណាក់កាលមួយទៀតដែលនិសិ្សតពេទ្យមានការព្រួយបារម្ភ ហេតុនេះហើយ ហេលស៍ថាម បានធ្វើការសម្ភាសជាមួយនិស្សិតដែលទទួលបានចំណាត់ថ្នាក់ឆ្នើម៣រូបក្នុងការប្រឡងដែលនឹងធ្វើការចែករំលែកបទពិសោធន៍ក្នុងការប្រឡងដូចខាងក្រោម...

Top 1 «សុង គឹមលាង»
◊     ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖
ត្រូវមានការរៀបចំសង្ខេបមេរៀនទាំង ២០ម៉ូឌុល និងឯកសារនានាឲ្យមានសណ្តាប់ធ្នាប់រួមជាមួយការរៀបចំកាលវិភាគរំលឹកមេរៀន ដើម្បីធានាឲ្យបាននូវការស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ។ ការវាយតម្លៃមេរៀន ឬជំងឺណាដែលសំខាន់ និងជួបច្រើននៅមន្ទីរពេទ្យ ក៏ត្រូវយកមកធ្វើការរំលឹក ហើយត្រូវមានការបែងចែកពេលវេលាក្នុងការបន្ធូរអារម្មណ៍តានតឹងផងដែរ។
◊    វិធីសាស្រ្តក្នុងពេលប្រឡង៖
ចំពោះវិញ្ញាសាសរសេរ ទាមទារឲ្យយើងយល់ដឹងច្បាស់ពីគន្លឹះនៃមេរៀនក្នុងការអនុវត្តជាក់ស្តែងតាមមន្ទីរពេទ្យ ចំណេះដឹងភាសាបារាំង និងភាពរហ័សរហួនក្នុងការរៀបចំពេលវេលា រីឯការប្រឡងវិញ្ញាសាផ្ទាល់មាត់វិញ គឺការរៀបចំត្រៀមលក្ខណៈក្នុងការក្តាប់យកចំណុចសំខាន់របស់មេរៀន បន្ថែមពីនេះត្រូវមានជំនឿចិត្ត និងសេចក្តីក្លាហានក្នុងការឆ្លើយសំណួរ។
◊    លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖
អ្វីដែលសំខាន់ត្រូវតែស្រឡាញ់មុខជំនាញនេះ បូកផ្សំនឹងចំណេះដឹងវេជ្ជសាស្រ្តនៅថ្នាក់មូលដ្ឋានឲ្យបានច្បាស់លាស់។ គួរតែមានការចុះកម្មសិក្សាឲ្យបានច្រើន ពីព្រោះការបំពេញបន្ថែមសម្រាប់ទ្រឹស្តីដែលបានរៀន ហើយនេះត្រូវមានបុគ្គលិកលក្ខណៈ ក៏ដូចជាអត្តចរិតស្លូតបូត ឧស្សាហ៍ព្យាយាម និងស្មារតីជាក្រុម។
◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖
ត្រូវដុសខាត់ចំណេះដឹងវេជ្ជសាស្រ្តឲ្យបានល្អ រួមទាំងទ្រឹស្តី និងការអនុវត្ត ពីព្រោះមានតែពួកយើងដែលជាវេជ្ជបណ្ឌិតឯកទេស ឬ អនាគតវេជ្ជបណ្ឌិតឯកទេសសម្ភព និង រោគស្រ្តី ទាំងអស់គ្នា អភិវឌ្ឍខ្លួនចែករំលែក និងសាមគ្គីគ្នាជាធ្លុងមួយនោះទេ ទើបអាចចូលរួមអភិវឌ្ឍវិស័យសម្ភព និងរោគស្រ្តីនៃប្រទេសកម្ពុជាយើងឲ្យរីកចម្រើនជឿនលឿន ដើម្បីចូលរួមបម្រើប្រជាជនកម្ពុជាក្នុងគោលបំណងជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និង លើកកម្ពស់សុខភាពស្រ្តីនៃប្រទេសយើងឲ្យបានល្អប្រសើរ។

Top 2  «សោម ដូណា »
    ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖
o   ផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងក្នុងការសិក្សា និងការសង្ខេបមេរៀនឲ្យបានគ្រប់គ្រាន់។
o   រកកន្លែងសមស្របដើម្បីសិក្សា ហើយចៀសវាងការប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលសិក្សា។
o   សម្រាកឲ្យបានគ្រប់គ្រាន់ រួមជាមួយការបរិភោគអាហារឲ្យបានត្រឹមត្រូវ និងមានលំហាត់ប្រាណ។
◊    វិធីសាស្រ្តក្នុងពេលប្រឡង៖
o   មុនពេលប្រឡង
-គេងឲ្យបានគ្រប់គ្រាន់នៅយប់មុនថ្ងៃប្រឡង
-រៀបចំឧបករណ៍ប្រឡង
-មកដល់បន្ទប់ប្រឡងមុនយ៉ាងហោច ១ ម៉ោងដើម្បីត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការប្រឡង
o   ពេលកំពុងប្រឡង
-អានការណែនាំក្នុងការប្រឡងឲ្យបានម៉ត់ចត់ និងអានសំណួរទាំងអស់ដោយត្រួសៗឲ្យបាន១ចប់
-គ្រប់គ្រងពេលវេលាប្រឡងឲ្យបានល្អ
-រក្សាការផ្ចង់អារម្មណ៍ កុំឲ្យបែកអារម្មណ៍ដោយសារមិត្តភក្តិក្នុងបន្ទប់ប្រឡង
-អានឡើងវិញនូវចម្លើយដែលបានសរសេរ ប្រសិនបើមានពេលនៅសល់ចុងម៉ោង។
o   ក្រោយពេលប្រឡង៖ គួរធ្វើអ្វីដែលអាចជួយសម្រាលអារម្មណ៍យើង ដើម្បីត្រៀមខ្លួនសម្រាប់ប្រឡងថ្ងៃបន្ទាប់។
លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖
o   ត្រូវជាមនុស្សមានទំនួលខុសត្រូវខ្ពស់ និងមានការសម្រេចចិត្តបានរហ័ស និងមានហេតុផល។
o   ត្រូវជាមនុស្សមិនឆាប់តក់ស្លុតពេលមានបញ្ហា ជាពិសេស គឺកុំខ្លាចឈាម ព្រោះស្ថានភាពជំងឺរបស់ស្រ្តីផ្នែកសម្ភព និងរោគស្រ្តីខ្លះ មានការផ្លាស់ប្តូរលឿន រហូតដល់មានគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ។
o   ត្រូវជាមនុស្សមានភាពអត់ធ្មត់ ពីព្រោះការព្យាបាលត្រូវប្រើរយៈពេលយូរ។
◊    សារជូនដល់និស្សិតជំនាន់ក្រោយ៖
ការស្រឡាញ់ដោយចេញពីចិត្តផ្ទាល់ខ្លួនដោយគ្មានការបង្ខំពីមជ្ឈដ្ឋានខាងក្រៅ គឺជាកត្តាដ៏សំខាន់ក្នុងការសិក្សាឯកទេសនេះ ព្រោះវានឹងក្លាយជាកម្លាំងចិត្ត ក៏ដូចជាការតាំងចិត្តដ៏មុតមាំក្នុងការហែលឆ្លងភាពលំបាកទាំងអស់ក្នុងអំឡុងពេលសិក្សា ហើយចៀសវាងនូវការបង្ខំខ្លួនឯងឲ្យជ្រើសរើសនូវអ្វីដែលយើងមិនស្រឡាញ់។

Top 3  «ហ៊ុយ  វីននីកា»
◊    ការត្រៀមខ្លួនមុននឹងការប្រឡងបញ្ចប់ថ្នាក់ឯកទេស៖
o  ខិតខំធ្វើការស្រាវជ្រាវបន្ថែមទៅលើមេរៀនដែលធ្លាប់បានរៀន និងមិនធ្លាប់បានរៀន
o   រៀបចំជាប្លង់មេរៀនសង្ខេបទៅតាមម៉ូឌុលហើយនឹងបានរៀបចំជាកម្រងសំណួរ និងចម្លើយ ដើម្បីងាយស្រួលក្នុងការស្រង់យកនូវចំណុចសំខាន់ៗរបស់មេរៀននីមួយៗ។
◊         វិធីសាស្រ្តក្នុងពេលប្រឡង៖
o      ចំពោះវិញ្ញាសាសរសេរ៖
-គ្រប់គ្រងពេលវេលាក្នុងការឆ្លើយសំណួរនីមួយៗ
-រកពាក្យគន្លឹះ
-យល់ពីសំណួរ
-ឆ្លើយពីចំណុចសំខាន់ៗ
-ប្រើប្រាស់បទពិសោធន៍នៅមន្ទីរពេទ្យ ជាគន្លឹះក្នុងការឆ្លើយសំណួរ។
o      ចំពោះវិញ្ញាសាផ្ទាល់មាត់៖
សំខាន់ត្រូវមានជំនឿចិត្តលើខ្លួនឯង មិនត្រូវភិតភ័យនៅចំពោះមុខមេប្រយោគ។
◊    លក្ខណៈសម្បត្តិក្នុងនាមជានិសិ្សតឯកទេសនេះ៖
ខ្ញុំយល់ថានិស្សិតឯកទេសគួរតែមានសុខភាពល្អ អត់ធ្មត់តស៊ូ ធន់នឹងការងារ ភាពនឿយហត់ រហ័សរហួន មិនឆាប់តក់ស្លុត ធ្វើការសម្រេចចិត្តលឿន និងជាមនុស្សអាចធ្វើការងារជាក្រុមបាន  ។
    សារជូនដល់និស្សិតជំនាន់ក្រោយ៖
ចំពោះនិស្សិតជំនាន់ក្រោយដែលចង់សិក្សាឯកទេសនេះ ត្រូវខិតខំរៀនសូត្រទាំងមុខវិជ្ជាពេទ្យ និងភាសាបារាំង អង់គ្លេស សំខាន់គឺត្រូវមានឆន្ទៈ និងចិត្តស្រឡាញ់ ចំពោះមុខវិជ្ជានេះទើបអាចតស៊ូក្នុងវិស័យនេះបាន។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់