ហេតុអ្វីពិបាកនោមម្ល៉េះ?

បង្ហួរនោមដើរតួនាទីសំខាន់ណាស់សម្រាប់បញ្ចេញទឹកនោម និងបញ្ចេញទឹកកាមហើយក៏មានប្រយោជន៍ផងដែរសម្រាប់ធ្វើការទំនាក់ទំនងសរីរៈផ្សេងៗ ក្នុងការជួយសម្រួលដល់តម្រងនោមឲ្យមានដំណើរការល្អទៀតផង។ ប្រសិនបើបង្ហួរនោមមានបញ្ហា ដោយសារអ្វីមួយ ដូចជាគាបឬត្បៀត វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺយ៉ាងឆាប់រហ័ស បើមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ។

អ្វីទៅជាជំងឺត្បៀតបង្ហួរនោម?
ជំងឺត្បៀតបង្ហួរនោម គឺជាការរួមត្បៀតរង្វង់បង្ហួរនោមតូចខុស ពីធម្មតា ហើយដំណើរការឆ្លងកាត់របស់តម្រងនោមមានលក្ខណៈខុសប្រក្រតី បង្កឲ្យមានផលលំបាកជាច្រើនក្នុងការបញ្ចេញទឹកនោម។

មូលហេតុបណ្ដាលឲ្យមានជំងឺត្បៀតបង្ហួរនោម
កត្ដាដែលបានជម្រុញឲ្យមានជំងឺត្បៀតបង្ហួរនោម គឺបណ្ដាលមកពីការប៉ះទង្គិច ដោយសារការដាក់សុងតាមបង្ហួរនោម។ កត្ដាមួយទៀត គឺអាចបណ្ដាលមកពីការបង្ករោគក្នុងផ្លូវទឹកនោមដែលមាន មេរោគបាក់តេរីផ្សេងៗ ជាពិសេសមេរោគកាមរោគ ប្រមេះទឹកបាយ និងទឹកថ្លាតែម្ដង។ មេរោគទាំងនោះ គឺជាដើមចមដែលអាចបណ្ដាលឲ្យបង្ហួរនោមទទួលផលអវិជ្ជមាន និងងាយរងគ្រោះផងដែរ ។

រោគសញ្ញាជំងឺត្បៀតបង្ហួរនោម
អ្នកដែលមានជំងឺត្បៀតបង្ហួរនោមបានបង្ហាញជារោគសញ្ញាដូចជា នោម ក្រហាយ ពិបាកនោម នោមតឹង មានអារម្មណ៍ចុកត្រង់ក្រលៀន លើថ្ងាសបង្ហួរនោម មានសភាពស្លេកស្លាំង ហើមជាដើម។

វិធីព្យាបាលជំងឺត្បៀតបង្ហួរនោម
ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យដឹងថាមានជំងឺត្បៀតបង្ហួរនោម គឺត្រូវប្រើវិធីព្យាបាលដោយថ្នាំ ដោយតម្រូវឲ្យអ្នកជំងឺធ្វើការព្យាបាលឱ្យបានដិតដល់ផងដែរ ព្រោះជំងឺនេះជាជំងឺក្លាយពីជំងឺកាមរោគមួយចំនួន ដែលបានរក្សានៅក្នុងខ្លួនយូរអង្វែងដោយមិនបានធ្វើការព្យាបាលទាន់ពេល វេលា។ មិនតែប៉ុណ្ណោះប្រសិនបើការព្យាបាលជំងឺត្បៀតបង្ហួរនោមមិនយកចិត្ដទុកដាក់់ឲ្យទាន់ពេលវេលាទេនោះ អ្នកជំងឺអាចប្រឈមមុខផលវិបាកធ្ងន់ធ្ងរផងដែរ។

វិធីការពារជំងឺត្បៀតបង្ហួរនោម
ដើម្បីការពារជំងឺត្បៀតបង្ហួរនោម គឺត្រូវការពារជំងឺកាមរោគផ្សេងៗ ដែលបានបង្កឲ្យមានរោគតាមផ្លូវទឹកនោម។ ជាពិសេសនោះ បុរសដែលឧស្សាហ៍រួមភេទជាមួយដៃគូច្រើនចាប់ពីពីរនាក់ឡើង ទៅ ត្រូវឧស្សាហ៍ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ដើម្បីស្វែងរកជំងឺមួយចំនួន ដូចជាជំងឺប្រមេះ ទឹកបាយ ប្រមេះទឹកថ្លាជាដើម ព្រោះជំងឺទាំងនេះអាចបង្កហេតុឲ្យមានជំងឺត្បៀតបង្ហួរនោម។ លើសពីនេះលោកអ្នកបុរសៗក៏ត្រូវការពារឲ្យបានល្អផងដែរ មិនត្រូវឱ្យមានការប៉ះទង្គិចទៅលើប្រដាប់ភេទខ្លួនឯងច្រើននោះទេ ព្រោះបញ្ហានេះក៏ជាកត្ដាបង្កឲ្យមានជំងឺត្បៀតបង្ហួរនោមនេះដែរ។

ផលប៉ះពាល់នៃជំងឺត្បៀតបង្ហួរនោម
ប្រសិនបើអ្នកជំងឺមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ ជំងឺនេះអាចរាលដាលដល់តម្រងនោម ឬចាល់ទឹកនោមបង្កលក្ខណៈឲ្យខ្សោយតម្រងនោមតែម្ដង។ មិនតែប៉ុណ្ណោះក៏អាចជម្រុញឲ្យមានផលប៉ះពាល់ដល់សរីរៈផ្សេងៗទៀតផង។ ក្រៅពីនេះ ក៏មានផលប៉ះពាល់ទៅលើប្រព័ន្ធបញ្ជាផ្សេងៗនៃសរីរាង្គកាយ ថមថយនូវទំនាក់ទំនងនានាគ្រប់ប្រព័ន្ធចិញ្ចឹមកោសិកាទាំងអស់ផងដែរ។

វិធីចៀសផុតពីជំងឺត្បៀតបង្ហួរនោម លោកបុរសៗដែលមានដៃគូរួមភេទច្រើនត្រូវឧស្សាហ៍ទៅកាន់គ្លីនិក ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យរកជំងឺកាមរោគផ្សេងៗ ជាពិសេសពិនិត្យរកមើលជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា ព្រោះជំងឺនេះអាចជាដើមហេតុបង្កឲ្យមានជំងឺត្បៀតបង្ហួរនោម។

ពាក្យទាក់ទង


មតិយោបល់