កោសិកាស្ទែមសែលដែលមិនចេះបាត់បង់ នឹងអាចឲ្យអ្នកវិទ្យាសាស្ត្របង្កើតឈាមសិប្បនិមត្តគ្មានដែនកំណត់

គ្រាប់ឈាមក្រហមសិប្បនិមិត្ត នឹងត្រូវបានផលិតគ្មានដែនកំណត់ ប្រសិនការសិក្សាលើកោសិកាស្ទែមសែល ឬកោសិកាពូជដែលមិនចេះបាត់បង់(Immortal stem cell) បានជោគជ័យចំពោះការសិក្សាគ្លីនិកលើមនុស្ស។

តាមការសិក្សារបស់ក្រមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យប្រ៉ីស្តូលក្នុងចក្រភពអង់គ្លេស បានឲ្យដឹងថា «ពួកគេកំពុងតែអភិវឌ្ឍលើកោសិកាស្ទែមសែល ដែលជាអ្នកផលិតគ្រាប់ឈាមក្រហមធ្វើយ៉ាងណា ដើម្បីឲ្យកោសិកានេះអាចផលិតឲ្យគ្រប់តម្រូវការ និងមិនចេះបាត់បង់ ចំពោះប្រភេទក្រុមឈាមដែលកម្រ»

កាលពីមុន អ្នកសិក្សាស្រាវជ្រាវបានអភិវឌ្ឍកោសិកាស្ទែមសែលពីឈាមដែលបរិច្ចាគទៅជាកោសិកាគ្រាប់ឈាមដែលអាចប្រើប្រាស់បាន តែវិធីសាស្ត្រនេះនៅតែមិនទាន់មានឥទ្ធិពល។  ហេតុនេះក្រុមអ្នកសិក្សារបស់សាកលវិទ្យាល័យប្រ៉ីស្តូល បានធ្វើការសិក្សាថ្មីមួយដោយផ្លាស់ប្តូរ កោសិកាស្ទែមសែលដែលពេញវ័យទៅជាកោសិកាមេដែលអាចផលិតគ្រាប់ឈាមក្រហមថ្មីគ្មានដែនកំណត់(Immortal stem cell)ដែលកោសិកានេះ ត្រូវបានហៅថា Bristol Erythroid Line Adult ឬBEL-A cells ។

អាចនិយាយបានថាដោយសារគ្រាប់ឈាមក្រហមមានជីវិតតែ១២០ថ្ងៃប៉ុណ្ណោះ ហើយគ្រាប់ឈាមក្រហមពូជមួយអាចផលិតបាន៥ម៉ឺនគ្រាប់ឈាមក្រហមថ្មី ហេតុនេះបង្កឲ្យមានតម្រូវការឈាមដែលបរិច្ចាគមិនឈប់ឈរ និងនៅតែមិនគ្រប់តម្រូវការ។

ដូចនេះ គោលបំណងនៃការសិក្សានេះមិនមែនដើម្បីបញ្ឈប់ការបរិច្ចាគឈាមទេ ប៉ុន្តែដើម្បីផ្គត់ផ្គង់ឲ្យទាន់តម្រូវការ និងមានឈាមដែលមានសុវត្ថិភាព។

យ៉ាងណាមិញ ក្រុមអ្នកសិក្សាកំពុងរងចាំលទ្ធផលពីការសិក្សាគ្លីនិកលើមនុស្ស ដើម្បីឲ្យប្រាកដពីសុវត្ថិភាព និងឥទ្ធិពលរបស់វា។

Source: www.sciencealert.com

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់