Aspirin កម្រិតទាប អាចកាត់បន្ថយហានិភ័យនៃការស្លាប់ពីជំងឺមហារីក?

ឱសថ Aspirin ដែលមានតម្លៃពុំសូវជាថ្លៃ និងត្រូវបានគេប្រើប្រាស់ជាយូរណាស់មកហើយ ដើម្បីបំបាត់ការឈឺចាប់ ដែលចាប់ផ្តើមពីការឈឺក្បាល បំបាត់កម្តៅ បំបាត់រលាក ក៏ដូចជាមានប្រសិទ្ធភាពកាត់បន្ថយកំណកឈាមចំពោះអ្នកដែលមានជំងឺគាំងបេះដូងផងនោះ ត្រូវបានគេប្រកាសថា វាក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយអត្រាការស្លាប់ដែលបណ្តាលមកពីជំងឺមហារីកមួយចំនួន នេះបើយោងតាមការស្រាវជ្រាវ និងការសិក្សាពីប្រភពផ្សេងៗ។

Yin Cao ដែលជាគ្រូបង្ហាត់ផ្នែក Medicine, Clinical and Translational Epidemiology នៅឯមន្ទីរពេទ្យ Massachusetts និង សាលាវេជ្ជសាស្រ្ត Harvard ផងដែរនោះ បានធ្វើការស្រាវជ្រាវរកទិន្នន័យនៅតាមទីតាំងសាលាសុខាភិបាលនានា ចាប់តាំងពីឆ្នាំ ១៩៨០ រហូតដល់ ២០១២  ដោយរកឃើញអត្រាអ្នកស្លាប់ដោយជំងឺមហារីក ចំពោះស្រ្តីមានចំនួនច្រើនជាង ៨, ២០០នាក់ និង ច្រើនជាង ៤, ៦០០នាក់ចំពោះបុរស។ ទាក់ទងនឹងទិន្នន័យនោះផងដែរ បានបង្ហាញលទ្ធផលជារួមថា «ការស្លាប់ដោយជំងឺមហារីកនោះមានការថយចុះ ៧% ចំពោះស្រ្តី និង ១៥% ចំពោះបុរស ដែលបានប្រើប្រាស់ឱសថ Aspirin ជាប្រចាំ បើប្រៀបធៀបជាមួយអ្នកដែលមិនបានប្រើប្រាស់»។

ក្នុងការសិក្សាខាងលើនោះដែរ បានរកឃើញថា «អត្រាការស្លាប់ដោយជំងឺមហារីកពោះវៀនធំ មានការថយចុះគួរឲ្យកត់សម្គាល់ ដោយកាត់បន្ថយបានអត្រា ៣១%ចំពោះស្រ្តី និង៣០%ចំពោះបុរស ចំណែកការស្លាប់ដោយសារជំងឺមហារីកសុដន់របស់ស្រ្តី ក៏មានការថយចុះបាន ១១% រួមនឹងការថយចុះចំនួន ២៣% នៃជំងឺមហារីកក្រពេញប្រូស្តាតរបស់បុរស។ បន្ថែមពីនោះ ការស្លាប់ដោយជំងឺមហារីកសួតក៏មានការថយចុះផងដែរ»។

Cao បានបន្ថែមទៀតថា «ភស្តុតាងត្រូវបានប្រមូលផ្តុំយ៉ាងឆាប់រហ័ស ដោយបង្ហាញថាសកម្មភាពរបស់ឱសថ Aspirin អាចកាត់បន្ថយអត្រាមរណៈនៃជំងឺមហារីក និងការស្លាប់ទាក់ទងនឹងជំងឺទាក់ទងនឹងសរសៃឈាមបេះដូង ប៉ុន្តែត្រូវចាំថាប្រសិនអ្នកចង់ប្រើប្រាស់ឱសថ Aspirin ក្នុងកម្រិតទាប ជាពិសេសចំពោះអ្នកមានជំងឺមហារីក ត្រូវសុំការណែនាំពីគ្រូពេទ្យជាមុនសិន»។

Rulla Tamimi ជាប្រធានផ្នែកជំងឺរោគរាតត្បាត សម្រាប់សមាគមអាមេរិកទាក់ទងនឹងកិច្ចប្រជុំប្រចាំឆ្នាំពីការស្រាវជ្រាវជំងឺមហារីក បានលើកឡើងថា «ការសិក្សាខាងលើពិតជាមានសារប្រយោជន៍ ដែលវាជាអ្វីដែលអ្នកវិទ្យាសាស្រ្តកំពុងតែសិក្សាស្រាវជ្រាវ ដើម្បីឲ្យមានការយល់កាន់តែច្បាស់ពីមុខងាររបស់ឱសថ។ បន្ថែមពីនោះ វាជាការសិក្សាដែលមានភាពច្បាស់លាស់ផ្អែកតាមភស្តុតាងនៃការស្រាវជ្រាវដ៏រឹងមាំ ដែលធ្វើឲ្យសម្រេចបាននូវលទ្ធផលពីប្រសិទ្ធភាពនៃសកម្មភាពរបស់ឱសថក្នុងការកាត់បន្ថយអត្រាមរណៈនៃជំងឺ មហារីកសុដន់ ពោះវៀនធំ សួត និងក្រពេញប្រូស្តាត»។

ខែ មេសា ឆ្នាំ ២០១៦ កម្លាំងសេវាការពាររបស់អាមេរិក (the US Preventive Service Task Force) បានផ្តល់ជាអនុសាសន៍ជាចុងក្រោយ ថាការប្រើប្រាស់ថ្នាំ Aspirin ក្នុងកម្រិតទាបជាប្រចាំថ្ងៃចំពោះបុគ្គលមានអាយុចន្លោះពី ៥០ ទៅ ៦៩ឆ្នាំ អាចការពារបានពីជំងឺមហារីកពោះវៀនធំ និងជំងឺទាក់ទងនឹងសរសៃឈាមបេះដូង ដោយហេតុថាពួកគេស្ថិតក្នុងវ័យដែលមានការប្រឈមក្នុងអត្រា ១០% ឬខ្ពស់ជាងនេះនៃការកើតមានជំងឺទាំងនោះ។

យ៉ាងណាមិញ មិនមែនគ្រប់គ្នាសុទ្ធតែអាចទទូលបាននូវការប្រើប្រាស់ឱសថ Aspirin នោះទេ ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់វិវឌ្ឍឲ្យមានជំងឺដំបៅ និងហូរឈាមក្នុងក្រពះ-ពោះវៀន ដែលឱសថ Aspirin នឹងរឹតតែបណ្តាលឲ្យមានការប្រឈមកាន់តែខ្ពស់ ប៉ុន្តែ វាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះបុគ្គលដទៃទៀត។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់