ធ្វើយ៉ាងណាទើបការពារខ្លួនពីជំងឺមហារីកសុដន់បាន?

សំណួរ៖ នាងខ្ញុំអាយុ ៣៣ឆ្នាំ រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានបងស្រីកើតជំងឺមហារីកសុដន់។ តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអាចការពារខ្លួនពីជំងឺនេះ?

ចម្លើយ៖ មកទល់នឹងពេលនេះ យើងនៅមិនទាន់មានវិធានការណាច្បាស់លាស់ក្នុងការទប់ស្កាត់ កុំឲ្យកើតជំងឺមហារីកសុដន់នៅឡើយទេ តែអ្វីដែលគ្រូពេទ្យណែនាំដល់អ្នកជំងឺ គឺការតាមដានរកមើលវត្តមាននៃដុំដោះឲ្យបានទៀងទាត់ ដើម្បីអាចរកឃើញជំងឺនេះក្នុងដំណាក់កាលដំបូងដែលអាចព្យាបាលបាន។ 
ដូចនេះ អ្នកត្រូវ៖
• ពិនិត្យសភាពសុដន់ដោយខ្លួនឯង (Autopalpation) ពោលគឺការស្ទាបសុដន់ខ្លួនឯងថាតើមានដុំអ្វីប្លែកឬទេ ឬអាចមានការកត់សម្គាល់ ពីភាពប្លែករបស់សុដន់។
• ធ្វើការតាមដានជាមួយគ្រូពេទ្យឯកទេសរោគស្រ្តី និងរូបភាពសាស្រ្ត ដោយធ្វើការថតសុដន់ (Mammography)និងការថតអេកូសុដន់ (Ultrasound) បន្ទាប់មកអាចមានការច្រឹបសាច់ បើមានករណីសង្ស័យ។
• ចំពោះស្រ្តីអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ គួរធ្វើការពិនិត្យសុដន់ម្តងក្នុងមួយឆ្នាំ តែបើរកឃើញថាមានវត្តមានដុំសាច់ដែលមានការសង្ស័យ ការពិនិត្យនេះ អាចនឹងត្រូវធ្វើក្នុងរយៈពេលកាន់តែឆាប់ជាងធម្មតា ដើម្បីតាមដានមើលស្ថានភាពរបស់ដុំសាច់នោះ។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក និងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

ពាក្យទាក់ទង


មតិយោបល់