ពិតទេដែលថា ថ្នាំរវើរវាយអាចបង្កើនស្មារតីយល់ដឹង?

មានមនុស្សមិនតិចទេ ដែលបានប្រើប្រាស់ថ្នាំរវើរវាយ(psychedelic drugs) នឹងប្រាប់អ្នកពីឥទ្ធិពលដែលសារធាតុនោះ អាចជួយបង្កើននូវស្មារតីយល់ដឹង (consciousness) របស់ពួកគេ។ អ្នកប្រហែលស្តាប់ទៅដូចជាចម្លែក ប៉ុន្តែវាជាការពិតមួយដែលអ្នកមិនធ្លាប់បានដឹង នេះបើយោងទៅតាមការពិសោធន៍របស់អ្នកវិទ្យាសាស្រ្ត។

អ្វីជាស្មារតីយល់ដឹង (consciousness) របស់អ្នក?
ស្មារតី (consciousness) ប្រៀបបានជារឿងសម្ងាត់.....ដែលអ្នកវិទ្យាសាស្រ្តខាងសរសៃប្រសាទ នៅមិនទាន់យល់ច្បាស់ និងឲ្យនិយមន័យដែលសាកសមទៅនឹងពាក្យ ស្មារតីនោះនៅឡើយ ចំណែកភាពស្រពេចស្រពិលនៅតែមានក្នុងការបែកចែកឲ្យច្បាស់នូវថាអ្វីជា ការមានស្មារតី និងការគ្មាន។ ស្មារតីយល់ដឹង ពុំមានតួនាទីច្បាស់លាស់នៅក្នុងខួរក្បាលរបស់អ្នក តែវាត្រូវបានគេសម្គាល់យ៉ាងជាក់លាក់ថាកំពុងមានវត្តមាននៅទីនោះ ទោះបីជាមិនអាចធ្វើការវាស់វែងបាន។

នៅក្នុងការចុះផ្សាយមួយ អ្នកវិទ្យាសាស្រ្តខាងផ្នែកសរសៃប្រសាទបានសន្និដ្ឋានថា “ស្មារតីយល់ដឹងបានបាត់បង់រៀងរាល់ពេលយប់ នៅពេលដែលអ្នកគេងយ៉ាងស្កប់ស្កល់ ដែលមិនមានសូម្បីតែសុបិន្ត”។ មនុស្សភាគច្រើន យល់ថាពួកគេពោរពេញដោយស្មារតីយល់ដឹង នៅពេលដែលពួកគេស្ថិតក្នុងសភាពដឹងខ្លួន ហើយវានឹងបាត់បង់បន្តិចម្តងៗនៅដំណាក់កាលនៃដំណេក និងនៅពេលស្ថិតក្រោមឥទ្ធិពលនៃថ្នាំសន្លប់ដែលវានឹងទៅបន្ថយនូវមុខងាររបស់ខួរក្បាល។

តាមការស្រាវជ្រាវបានរកឃើញនូវ រូបរាងដែលអាចវាស់វែងបាន ពីសកម្មភាពរបស់ខួរក្បាល ដោយហេតុថា កំឡុងពេលមានស្មារតីយល់ដឹង ខួរក្បាលនឹងបញ្ចេញនូវរូបរាងដែលស៊ាំញ៉ាំ និងពិបាកប៉ាន់ស្មានបាន ដែលវាជាសកម្មភាពបែបអគ្គិសនី (electrical activity) ហើយវាត្រូវបានវាស់វែងតាមរយៈវិធីសាស្រ្តម៉្យាងហៅថា megnetoencephalography (MEG)។

ថ្នាំរវើរវាយ បង្កើនស្មារតីដូចម្តេច?
អ្នកសិក្សាស្រាវជ្រាវបាន ប្រើប្រាស់ថ្នាំពពួក LSD Ketamine និង Psilocybin ទៅលើអ្នកចូលរួមក្នុងការពិសោធន៍ រួចធ្វើការវាស់នូវសកម្មភាពរបស់ខួរក្បាលដោយប្រើប្រាស់ម៉ាស៊ីន megnetoencephalography (MEG)។ សកម្មភាពរបស់ពពួកថ្នាំរវើរវាយ (psychedelic drugs) ផ្អែកតាមការពីសោធន៍កន្លងមក វាមានឥទ្ធិពលធ្វើឲ្យអ្នកប្រើប្រាស់អាចកំណត់បានរូបភាពបានកាន់តែច្បាស់ មានអារម្មណ៍រួមបញ្ចូលនឹងបរិយាកាសជុំវិញខ្លួន និងអារម្មណ៍ជាច្រើនផ្សេងទៀត។ កំឡុងពេលដែលអ្នកចូលរួមទាំងអស់កំពុងតែមានអារម្មណ៍ដូចខាងលើ ម៉ាស៊ីន MEG អាចចាប់បាននូវសកម្មភាពរបស់ខួរក្បាលដែលមានភាពស្មុគស្មាញ ជាពិសេសនៅត្រង់ តំបន់នៃការយល់ឃើញ របស់ខួរក្បាល។ ថ្នាំរវើរវាយទាំងបី ត្រូវបានសម្គាល់ថាវាបានបង្កើននូវសញ្ញាយ៉ាងសម្បូរបែបនៅក្នុងខួរក្បាល។

ការរុករកឃើញនេះ ជាស្ពានមួយក្នុងការកំណត់ឲ្យបានច្បាស់ពី ធម្មជាតិនៃស្មារតីយល់ដឹង ក៏ដូចជាអាចជួយឲ្យអ្នកស្រាវជ្រាវទាំងអស់អាចបន្តសិក្សាពីប្រសិទ្ធភាពរបស់ពពួកថ្នាំ រវើរវាយ (psychedelics) សម្រាប់សុខភាពទៅថ្ងៃអនាគត។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
 

ពាក្យទាក់ទង


មតិយោបល់