យល់ដឹងពីវ៉ាក់សាំងស្របតាមកម្មវិធីជាតិ

ជាធម្មតា កុមារតែងនឹងទទួលបានការចាក់ថ្នាំបង្ការដែលធ្វើឡើងស្របទៅនឹងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដល់កុមារ ដោយក្នុងនោះ រួមមានវ៉ាក់សាំង៧មុខតំណាងដោយអក្សរកាត់ដូចជា BCG, HBV, OPV, DTP-Hib, PCV, MRនិង JE។ ប៉ុន្តែ តើលោកអ្នកដឹងទេថាវ៉ាក់សាំងទាំងនេះផលិតពីអ្វី? ហើយត្រូវប្រើប្រាស់យ៉ាងដូចម្ដេច? និងមានអត្ថប្រយោជន៍អ្វីខ្លះ?ដូចនេះ ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រភេទវ៉ាក់សាំងនីមួយៗ សូមលោកអ្នកធ្វើការតាមដាននៅក្នុងអត្ថបទខាងក្រោមនេះ…

1.  វ៉ាក់សាំងបង្ការជំងឺរបេង (BCG Vaccine)
វ៉ាក់សាំងបង្ការជំងឺរបេងដែលមានពាក្យកាត់ថា“BCG” ត្រូវបានឲ្យទៅទារកនៅថ្ងៃដំបូងបន្ទាប់ពីកើត ក្នុងគោលបំណងបង្ការការចម្លងនៃមេរោគMycobacterium tuberculosis (TB) ទៅលើទារកដែលទើបនឹងកើត។ វ៉ាក់សាំងនេះ មានផ្ទុកនូវបាក់តេរីដែលមានជីវិត តែមានភាពទន់ខ្សោយ (attenuated)ដែលចូលទៅភ្ញោចប្រព័ន្ធការពារឲ្យផលិតអង់ទីក័រ និងមិនបង្កទៅជាជំងឺទៅលើកុមារដែលមានសុខភាពល្អនោះទេ។ ប្រភេទបាក់តេរីដែលប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងនេះមានឈ្មោះថា Mycobacterium bovis  ដែលជាប្រភេទបាក់តេរីបង្កជាជំងឺរបេងទៅលើតែសត្វប៉ុណ្ណោះ។ ចំពោះផលរំខាន គឺច្រើនឃើញមានជាការឡើងរឹង និងអាចមានពងទឹកនៅជុំវិញបរិ-វេណដែលចាក់ថ្នាំបង្ការ។

2.   វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទB (HBV)
វ៉ាក់សាំងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីការពារប្រឆាំងទៅនឹងវីរុសរលាកថ្លើមប្រភេទB ដែលជាមូលហេតុចម្បងនៃជំងឺរលាកថ្លើម និងអាចវិវឌ្ឍទៅជាជំងឺមហារីកឬជំងឺក្រិនថ្លើមជាដើម។ វ៉ាក់សាំងនេះមានផ្ទុកនូវប្រូតេអុីនមួយប្រភេទ ដែលស្ថិតនៅផ្ទៃខាងលើនៃវីរុសរលាកថ្លើមប្រភេទB ឬហៅថា“HBsAg” ដែលផលិតឡើងតាមវិធីសាស្រ្ដ Recombinant DNA Technology ដោយធ្វើការចាក់បញ្ចូលនូវDNAរបស់វីរុសចូលទៅក្នុងកោសិកាមេរោគដទៃទៀត ដែលការធ្វើបែបនេះនាំឲ្យវីរុសបាត់បង់នូវឥទ្ធិពលដែលអាចបង្កទៅជាជំងឺ។ យើងក៏អាចឃើញមានផលរំខានតិចតួច បន្ទាប់ពីកុមារចាក់វ៉ាក់សាំងនេះរួចដោយឃើញមានការឡើងក្រហម និងឈឺនូវត្រង់កន្លែងដែលចាក់ផងដែរ។

3.  វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង (OPV)
OPV គឺជាវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែលមានទម្រង់ជាថ្នាំបន្តក់តាមមាត់ ហើយវាជាប្រភេទវ៉ាក់សាំងដែលមានផ្ទុកនូវមេរោគមានជីវិត (alive vaccine) តែពុំមានលទ្ធភាពបង្កជាជំងឺឡើយ។ វ៉ាក់សាំងនេះក៏ត្រូវបានហាមប្រាមមិនឲ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយ ដោយត្រូវប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងដែលមានទម្រង់ជាថ្នាំចាក់(IPV)ជំនួសវិញ ព្រោះថាវ៉ាក់សាំងដែលមានទម្រង់ ជាថ្នាំចាក់ត្រូវបានផលិតឡើងដោយមេរោគដែលត្រូវបានបង្អាក់សកម្មភាព (inactivated vaccine) រួចទៅហើយ។

4.  វ៉ាក់សាំងDTP-Hib
DTP-Hib ជាប្រភេទវ៉ាក់សាំងដែលរួមបញ្ចូលគ្នា ដែលអក្សរកាត់ទាំងនោះសំដៅទៅលើ៖
•  Diphtheria (ជំងឺខាន់ស្លាក់)
•  Tetanus (ជំងឺតេតាណុស)
•  Pertussis (ជំងឺក្អកមាន់)
•  Hemophilus influenza B
វ៉ាក់សាំងទាំងបួនប្រភេទនេះត្រូវបានផលិតឡើងក្រោមវិធីសាស្រ្តតែមួយដោយធ្វើការដកយកនូវប្រូតេអុីន ឬសារជាតិពុល(Toxin)របស់បាក់តេរី រួចបង្អាក់សកម្មភាពរបស់វាដោយសារធាតុគីមី ដែលត្រូវបានគេហៅថា “Toxoid”។Toxoid អាចធ្វើឲ្យរាងកាយមនុស្សផលិតប្រព័ន្ធការពារប្រឆាំងនឹងមេរោគតែមិនអាចបង្កជាជំងឺនោះទេ ហើយជាទូទៅបន្ទាប់ពីចាក់វ៉ាក់សាំងនេះរួចក្មេងអាចមានអាការៈក្ដៅខ្លួនកម្រិតស្រាល ដែលវាមិនបង្កទៅជាគ្រោះថ្នាក់ទេ។

5.  វ៉ាក់សាំងបង្ការជំងឺរលាកសួត (PCV)
PCV គឺជាវ៉ាក់សាំងដែលផលិតឡើងដោយការសំយោគនៃស្ករ (Polysaccharides) ដែលបានមកពីផ្ទៃខាងលើនៃបាក់តេរី PneumoccocalPneumonia រួមជាមួយនឹងប្រូតេអុីន (nontoxic protein) ដែលបានមកពីបាក់តេរីដទៃទៀត ដើម្បីជម្រុញនូវការផលិតប្រព័ន្ធការពារប្រឆាំងទៅនឹងមេរោគ Pneumoccocus ដែលបង្កទៅជាជំងឺរលាកសួត។ យើងអាចឃើញមានផលរំខានដូចជា ការឡើងក្រហម ឈឺ ហើម ឬរមាស់តិចតួច រួចវានឹងបាត់ទៅវិញនៅ២ទៅ៣ថ្ងៃបន្ទាប់។

6.  វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល និងស្អូច (MR Vaccine)
MR ជាវ៉ាក់សាំងពីរដែលរួមបញ្ចូលគ្នាដោយប្រើប្រាស់ក្នុងការបង្ការជំងឺកញ្រ្ជឹល (Measles) និងជំងឺស្អូច (Rubella) ។ វាមានផ្ទុកនូវវីរុសស្អូច និងកញ្រ្ជឹលដែលមានភាពទន់ខ្សោយមិនអាចបង្កជាជំងឺបាន តែវាអាចចូលទៅភ្ញោចប្រព័ន្ធការពារមនុស្សឲ្យផលិតអង់ទីក័រ។ ដោយសារតែវ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំង ដែលមានផ្ទុកនូវវីរុសមានជីវិតដូច្នេះវាត្រូវបានហាមឃាត់ មិនឲ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានប្រព័ន្ធការពារចុះខ្សោយនោះទេ។

7.  វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ (JE Vaccine)
វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរ JE ត្រូវបានណែនាំឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៣០មកម្ល៉េះ ដើម្បីប្រឆាំងការចម្លងនៃវីរុស Japanese encephalitis ដែលបង្កទៅជាជំងឺរលាកស្រោមខួរយ៉ាងធ្ងន់ធ្ងរ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយមានផ្ទុកនូវវីរុសដែលមានជីវិត (alive vaccine) និងអនុញ្ញាតឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុយ៉ាងតិចពីរខែ។ វ៉ាក់សាំងនេះក៏ពុំមានភាពខុសគ្នាជាមួយនឹងវ៉ាក់សាំងផ្សេងទៀតដែរ ដោយវាអាចនឹងបង្កជាផលរំខានតិចតួចដូចជាក្ដៅខ្លួន ឈឺសាច់ដុំ ឬឈឺក្បាលជាដើម។ចំពោះការប្រើប្រាស់វ៉ាក់សាំងទាំង៧មុខនេះ គឺត្រូវគោរពតាមប្រតិទិនកម្មវិធីជាតិសម្រាប់ផ្ដល់ថ្នាំបង្ការដល់កុមារដែលមាននៅក្នុងតារាងខាងក្រោមនេះ…

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ                              

ពាក្យទាក់ទង


មតិយោបល់

profile.png
Pety Tor 2 ឆ្នាំ មុន

Gadasil is to prevent cervical cancer from several serotypes of HPV virus. It has not been considered to do it in national program. Thanks. Pety