សាររបស់គាត់​គឺ«ជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ ខិតខំរៀនសូត្រ និងចេះបែងចែកពេលរៀន និងលំហែកាយ»

និស្សិតឯកទេសផ្នែករោគកុមារ ង៉ោ ម៉េងរិទ្ធី មកពីខេត្តសៀមរាប ដែលជាអតីតនិស្សិតផ្នែកវេជ្ជសាស្ត្រជំនាន់៣៩ និងបច្ចុប្បន្នជានិស្សិតឯកទេសផ្នែករោគកុមារ ជំនាន់ទី១៨ ឆ្នាំទី១នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញពីមូលហេតុពីការជ្រើសយកជំនាញនេះ៖​

តាមពិតទៅ ការជ្រើសរើសជំនាញសិក្សាណាមួយវាមិនមែនជារឿងដែលងាយស្រួលនោះទេ ដោយហេតុថាយើងនឹងរស់នៅជាមួយនឹងជំនាញនេះពេញមួយជីវិត។ដូចនេះខ្ញុំយល់ថាកត្តាចម្បងគឺការដែលស្រឡាញ់និងចូលចិត្តដោយខ្លួនឯងផ្ទាល់។ តួយ៉ាង ចំពោះខ្ញុំផ្ទាល់ គឺជាមនុស្សស្រឡាញ់ក្មេង ងាយចុះសម្រុងនឹងគ្នា ហើយមាននិស្ស័យជាមួយក្មេងៗ ពិសេសតែងតែចង់ឲ្យពួកគេមានសុខភាពល្អ។ ម៉្យាង ខ្ញុំមានអារម្មណ៍ថាចូលចិត្ត និងមានបំណងចូលរៀនជំនាញនេះ តាំងពីខ្ញុំបាទឈានជើងចូលក្នុងវិស័យសុខាភិបាល ឆ្នាំទី១មកម្ល៉េះ។

ធ្វើបែបណាអាចប្រឡងចូលបាន?
ការប្រឡងចូលរៀនផ្នែកជំនាញរោគកុមារនេះមិនមែនមានន័យថារៀនតែមេរៀនផ្នែកជំនាញរោគកុមារនឹងប្រឡងជាប់នោះទេ។ ដោយសារឥឡូវនេះ ការប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសមានកំណែទម្រង់ដែលតម្រូវឲ្យម្នាក់ៗត្រូវតែចេះគ្រប់មេរៀនសម្រាប់គ្រប់ជំនាញទាំងអស់ ដែលវាមិនខុសពីការប្រឡងចូលរៀនថ្នាក់ជំនាញឯកទេសផ្សេងទៀតដែលមានជាង២០នោះទេ។ ចំណុចសំខាន់មិនអាចខ្វះបាន គឺគ្រប់គ្នាត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រតាំងពីឆ្នាំទី១ដល់ទី៦។

ក្នុងពេលចុះកម្មសិក្សានៅឆ្នាំទី៤ ទី៥ និងទី៦ គួរធ្វើការសង្កេតថា តើខ្លួនឯងចូលចិត្តឯកទេសណាមួយពិតប្រាកដ? សមស្របជាមួយនឹងសមត្ថភាពរបស់យើងហើយវាត្រូវនឹងនិស្ស័យរបស់យើងព្រោះថាមនុស្សម្នាក់ៗតែងមានការនិយមចូលចិត្ត និងការស្រឡាញ់ខុសៗគ្នាអញ្ចឹង ហើយគួររៀនជំនាញដែលខ្លួនចូលចិត្ត ព្រោះថារៀនរបស់ដែលខ្លួនចូលចិត្ត គឺជាកម្លាំងជម្រុញចិត្តពីខ្លួនឯងផ្ទាល់ឆាប់ចាប់បានឆាប់យល់មិនតែប៉ុណ្ណោះត្រូវចេះសង្ខេបមេរៀនឬធ្វើមេរៀនព្រមទាំងត្រៀមមេរៀនជាស្ត្រេច ដើម្បីជាការត្រៀមប្រឡងបញ្ចប់ឆ្នាំទី៦។ ចំណុចពិសេសត្រូវខិតខំស្រាវជ្រាវព្រមទាំងសាកសួរសិស្សច្បងដែលបានឆ្លងកាត់ការប្រឡងពីឆ្នាំមុនៗទុកជាបទពិសោធន៍ ដើម្បីស្រាវជ្រាវមេរៀន និងកម្មវិធីសិក្សាក្នុងមន្ទីរពេទ្យ។

ដើម្បីជំនះឧបសគ្គនេះបាន ខ្ញុំបាទមាន៣ចំណុច៖
•បែងចែកកាលវិភាគសិក្សាមានន័យថា អ្នកត្រូវបែងចែកពេលវេលាសម្រាប់រៀន និងពេលវេលាសម្រាប់លំហែខួរក្បាលខ្លះ
•ចេះសង្ខេបមេរៀនដែលការសង្ខេបនេះផ្តល់អត្ថប្រយោជន៍២ចំណុច គឺទី១អាចធ្វើឲ្យយើងងាយចងចាំនូវចំណុចសំខាន់ៗនៃមេរៀននីមួយៗ ទី២ជួយសម្រួល ពេលប្រឡងព្រោះយើងមិនអាចទៅមើលមេរៀនទាំងដុលនោះទេ។
•បង្កើតក្រុមសិក្សាដែលមានសមាជិកយ៉ាងច្រើនបំផុត៤ទៅ៥នាក់ ដើម្បីចែករំលែកគំនិតយោបល់រួមគ្នា ជាឧទាហរណ៍ស្រាប់ក្នុងករណីពេលកំពុងរៀនអ្នកខ្លះកត់បានចំណុចនេះអ្នកខ្លះទៀតកត់បានចំណុចនោះអញ្ចឹង ពួកយើងអាចយកវាមកបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកដែលទាំងនេះពិតជាមានប្រយោជន៍ជាងការដែលយើងរៀនតែម្នាក់ឯង។

ក្រៅពីការសិក្សា កត្តាដែលជួយបង្កើនចំំណេះដឹងមានដូចជា៖
•ការចុះកម្មសិក្សានៅមន្ទីរពេទ្យ ៖ ពិតជាសំខាន់ព្រោះវាអាចផ្សារភ្ជាប់រវាងទ្រឹស្តីដែលបានរៀនពីសាលាឬអានសៀវភៅទៅនឹងការអនុវត្តផ្ទាល់ទៅលើអ្នកជំងឺ ព្រោះថាការពិនិត្យជំងឺមិនដូចទៅនឹងទ្រឹស្តី១០០%ទេ។ ដូចនេះ វាជួយឲ្យយើងចេះយកទ្រឹស្តីរបស់យើងបត់បែនតាមកាលៈទេសៈ។
•ការបង្រៀនសិស្សប្អូន ៖ ព្រោះវាជាកត្តាសំខាន់ដែលជួយបង្កើនទាំងចំណេះដឹង និងការចងចាំ និងស្រាវជ្រាវរបស់យើងផងដែរ។

ក្រោយពីបញ្ចប់ការសិក្សាជំនាញមួយនេះ ខ្ញុំមានបំណងត្រឡប់ទៅស្រុកកំណើតវិញនៅខេត្តសៀមរាបមានលទ្ធភាព ខ្ញុំនឹងបើកបន្ទប់ព្យាបាលឬពិគ្រោះមួយដើម្បីព្យាបាល និងចូលរួមលើកកម្ពស់សុខភាពកុមារឲ្យបានល្អប្រសើរ។

សម្រាប់រូបខ្ញុំផ្ទាល់ ការងារនៅក្នុងផ្នែកមួយនេះក៏ដូចជាក្នុងផ្នែកផ្សេងទៀតពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាយើងឲ្យបានរីកចម្រើន។ ក្មេងៗគឺជាទំពាំងស្នងឬស្សីនៅពេលពួកគេមានសុខភាពល្អគ្មានជំងឺបៀតបៀនពួកគេនឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់ដែលអាចចូលរួមក្នុងការអភិវឌ្ឍប្រទេសរបស់យើង។

ជាចុងក្រោយសូមផ្តាំទៅកាន់ប្អូនៗដែលមានបំណងចង់រៀននូវជំនាញនេះដូចបានរៀបរាប់ខាងលើដែរ គឺប្អូនចាំបាច់ជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ខិតខំប្រឹងប្រែងរៀនសូត្រ និងចេះបែងចែកកាលវិភាគរៀន និងពេលវេលាលំហែកាយ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                            

ពាក្យទាក់ទង


មតិយោបល់