ហានិភ័យចំពោះសុខភាព ដែលជាប់ទាក់ទងនឹងអាស៊ីតខ្លាញ់ក្នុងអាហារ

ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល (stroke)ដែលជាមូលហេតុនៃការស្លាប់ចម្បងមួយទូទាំងពិភពលោក ត្រូវបានរកឃើញថាអាចកាត់បន្ថយទៅបានតាមរយៈការបរិភោគអាហារគ្មានអាស៊ីតខ្លាញ់ trans ដែលមានក្នុងអាហារប្រចាំថ្ងៃជាច្រើនប្រភេទរបស់យើង។ គេហទំព័រល្បីៗជាច្រើនដូចជា Pharmacorama, Yale, New York Times ព្រមទាំងគេហទំព័ររបស់សមាគមជំងឺបេះដូងរបស់អាមេរិកជាដើម បានលើកឡើងអំពីការសិក្សាមួយដែលទើបនឹងត្រូវបានចុះផ្សាយនៅថ្ងៃទី 12 ខែមេសា ឆ្នាំ 2017 ដោយ JAMA Cardiology អំពីការថយចុះនៃការប្រឈមទៅនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលយ៉ាងគួរឲ្យកត់សម្គាល់ (6,2 %) ត្រឹមរយៈពេលប្រហែល 3ឆ្នាំប៉ុណ្ណោះ ចំពោះប្រជាជននៅក្នុងតំបន់ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់នូវអាស៊ីតខ្លាញ់ (Trans-fatty acid) នៅក្នុងអាហារបើប្រៀបនឹងតំបន់ដែលមិនមានការហាមឃាត់។

រំលឹកឡើងវិញអំពីឥទ្ធិពលអាក្រក់របស់អាស៊ីតខ្លាញ់ស្រឡាយ trans 
អាស៊ីតខ្លាញ់ដែលស្ថិតក្នុងស្រឡាយ trans ត្រូវបានបង្ហាញជាយូរមកហើយថា មានឥទ្ធិពលអាក្រក់មកលើសុខភាព ដែលជាញឹកញាប់វាត្រូវបានអ្នកជំនាញផ្នែកសុខភាពណែនាំឲ្យមានការចៀសវាង ឬយ៉ាងហោចណាស់កាត់បន្ថយកម្រិតប្រើប្រាស់របស់វា។ លទ្ធផលនៃការសិក្សាបានស្តែងឲ្យឃើញពីទំនាក់ទំនងកាន់តែច្បាស់នៃការកើនឡើងនូវហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទ 2  ដោយការបរិភោគអាស៊ីតខ្លាញ់ trans ជាមួយនឹងការពន្យល់អំពីការបង្កឲ្យកើនឡើងនៃសារធាតុខ្លាញ់អាក្រក់ (LDL) និងថយចុះវិញនៃខ្លាញ់ល្អ (HDL)។

ការជួបយ៉ាងញឹកញាប់នៃវត្តមានអាស៊ីតខ្លាញ់ស្រឡាយ trans ក្នុងអាហារ
ចំពោះប្រភពពីធម្មជាតិរបស់វា ជាទូទៅឃើញមាននៅក្នុងសាច់គោ ទឹកដោះគោ និងផលិតផលពីទឹកដោះគោ ព្រមទាំងគ្រាប់រុក្ខជាតិមួយចំនួន (ផ្កាឈូករ័ត្ន អូលីវជាដើម)។ ក្រៅពីនេះ សារធាតុអាស៊ីតខ្លាញ់នេះត្រូវបានសំយោគឡើងផងដែរ ហើយច្រើនរកឃើញនៅក្នុង ភីហ្សា សូកូឡា មុខម្ហូបចៀន បំពង ដុត អាហារដែលបានរៀបចំហើយស្រេច ព្រមទាំងប្រេងបន្លែដែលឆ្លងកាត់ការកែច្នៃ និងប័រ (ចម្រាញ់ពីខ្លាញ់សត្វ) ជាដើម។ ដោយឡែកភាពពេញនិយមក្នុងប្រើប្រាស់របស់វានៅក្នុងឧហស្សាហកម្មអាហារ គឺទាក់ទងនឹងសមត្ថភាពក្នុងការជួយបង្កើនរសជាតិ ការប្រើប្រាស់បានច្រើនដង តម្លៃថោក ងាយស្រួលប្រើ ធន់នឹងសីតុណ្ហភាព និងមិនងាយខូច។ ការកាត់បន្ថយកត្តាហានិភ័យដោយសារអាស៊ីតខ្លាញ់ស្រឡាយ transយោងតាមសមាគមបេះដូងអាមេរិក អាហារប្រចាំថ្ងៃរបស់អ្នកគួរតែមានអាស៊ីតខ្លាញ់ trans តិចជាង 1%  ដែលទាមទារឲ្យអ្នកមានការប្រុងប្រយ័ត្នលើរបបអាហាររបស់អ្នកក្នុងរូបភាពមួយចំនួនដូចជា៖

· ពិនិត្យមើលស្លាកអាហារ និងចៀសវាងផលិតផលមានវត្តមានអាស៊ីតខ្លាញ់ trans៖ នៅសហរដ្ឋអាមេរិក ផលិតផលដែលមានកម្រិតសារធាតុនេះតិចជាង 0,5ក្រាមនៃបរិមាណសម្រាប់ការបរិភោគម្តង នឹងត្រូវបានបង្ហាញជាតួលេខ 0 ក្រាមនៅលើស្លាក។ ថ្វីត្បិតវាមានបរិមាណតិច តែករណីអ្នកប្រើផលិតផលច្រើនមុខដែលមានសារធាតុនេះ ក៏អាចឲ្យអ្នកងាយនឹងប្រឈមនឹងផលប៉ះពាល់ផងដែរ។ ម្យ៉ាងទៀត ជំនួសឲ្យការប្រើឈ្មោះ Trans- fatty acid នៅលើស្លាក អ្នកក៏នឹងជួបស្លាកដែលមានដាក់ “partially hydrogenated oils” ផងដែរ។
· ប្រើប្រេងរុក្ខជាតិធម្មជាតិដែលមិនបានចម្រាញ់៖ ទោះជាពុំទាន់មានការបញ្ជាក់ច្បាស់លាស់ថាអាស៊ីតខ្លាញ់ធម្មជាតិ មានឥទ្ធិពលអាក្រក់ដូចគ្នានឹងអាស៊ីតខ្លាញ់ដែលត្រូវបានសំយោគឡើងក៏វាត្រូវបានណែនាំដោយអ្នកជំនាញសុខភាពជាច្រើនជំនួសឲ្យប្រេងបន្លែដែលមានអាស៊ីតខ្លាញ់ក្រោមទម្រង់សំ​យោគដែរ។
· កាត់បន្ថយអាហារដែលអាចមានសារធាតុអាស៊ីតខ្លាញ់នេះ៖ អាហារដែលបានរៀបចំហើយជាស្រេច (សូម្បីតែបន្លែ ផ្លែឈើ) នំដូណាត់ នំស្រួយ នំដុត នំខេក អាហារចៀនបំពងជាដើម។
· ការអនុវត្តបម្រាមក្នុងការប្រើប្រាស់អាស៊ីតខ្លាញ់ស្រឡាយ trans៖ នៅសហរដ្ឋអាមេរិក រដ្ឋមួយចំនួនបានអនុវត្តបម្រាមក្នុងការប្រើប្រាស់សារធាតុនេះរួចមកហើយ។ ការិយាល័យសុវត្ថិភាពចំណីអាហារ និងថ្នាំ (FDA) របស់អាមេរិក ក៏បានលើកឡើងអំពីគម្រោងក្នុងការហាមឃាត់ការប្រើប្រាស់សារធាតុនោះក្នុងអាហារនៅក្នុងឆ្នាំ 2018 ខាងមុខនេះផងដែរ។

ស្របនឹងគម្រោងនេះ មានសំណួរមួយត្រូវបានចោទឡើងថា តើបណ្តារដ្ឋដទៃ ព្រមទាំងប្រទេសនានាគួរអនុវត្តច្បាប់ប្រឆាំងនឹងការប្រើប្រាស់អាស៊ីតខ្លាញ់ trans នៅក្នុងអាហារដែរឬទេ?

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                              
 

ពាក្យទាក់ទង


មតិយោបល់