ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើផ្នែកសួនរុក្ខជាតិឱសថបុរាណ​

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិនេះធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ រវាងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ និងAdministration of Traditional Chinese medicine of Guangxi Zhuang Autonomous Region​ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព​ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ដែលបានអនុញ្ញាតឱ្យឯកឧត្តម Li Guojian អគ្គនាយក នៃគណៈកម្មាការផែនការគ្រួសារ និងសុខភាព នៃតំបន់ ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសម្យនិងពិភាក្សាការងារ។ 

ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការ ស្តីពី ការលើកកម្ពស់ការការពារ ការប្រើប្រាស់ និងការកសាងធនធានឱសថកម្ពុជា រវាងសួនរុក្ខជាតិឱសថបូរាណតំបន់ស្វយ័តជនជាតិជួងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃកិច្ចព្រមព្រៀងរួមមាន៖
១)បង្កើតយន្តការកិច្ចសហប្រតិបត្តិការដើម្បីចែករំលែកព័ត៌មានរុក្ខជាតិឱសថ បច្ចេកទេស​ស្រាវជ្រាវនិង​អភិវឌ្ឍ​​និងសេវាផ្តល់ព័ត៌មាន 
២)ស្វែងរកវិធីបង្កើតយន្តការកិច្ចសហប្រតិបត្តិការគម្រោង រវាងប្រទេសទាំង២ក្នុងវិស័យវេជ្ជសាស្រ្តបុរាណ ដូចជាការស្រាវជ្រាវអំពីធនធានរុក្ខជាតិឱសថ ការស្រាវជ្រាវ និង ចងក្រងចំណេះដឹងស្តីពីវេជ្ជសាស្រ្តបុរាណ ការកែល​ម្អហេដ្ឋារចនាសម្ព័នវេជ្ជសាស្រ្តបុរាណ និងគម្រោង​ពាក់ព័ន្ធ ផ្សេងទៀត 
៣)ស្ថាបនាមូលដ្ឋានការពារធនធានឱសថក្នុងប្រទេសកម្ពុជា ដូចជាការស្ថាបនាឧទ្យានឱសថថ្នាក់ជាតិ ការ អភិរក្សរុក្ខជាតិឱសថ​។ល។​

នៅក្នុងកិច្ចព្រមព្រៀងនោះភាគីចិនសន្យាជួយ៖
១)បង្កើតកន្លែងទុកដាក់ហ្សែន នៃធនធានឱសថ 
២) បង្កើតគម្រោង ស្រាវជ្រាវនិងអភិវឌ្ឍនៃបច្ចេកវិទ្យាការពារធនធាន​ឱសថ
៣) បង្កើតប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយអំពីបច្ចេកទេស បង្កាត់ពូជ ការដាំរុក្ខជាតិឱសថ ការគ្រប់គ្រង និងការការពារជំងឺបង្កដោយសត្វល្អិត ការប្រមូលផលរុក្ខជាតិឱសថ និងបច្ចេកទេសផ្សេងៗទៀត
៤) សាងសង់មូលដ្ឋានផ្សព្វផ្សាយការបង្កាត់ពូជរុក្ខជាតិឱសថ និងការបង្ហាញការដាំដុះ 
៥)ធ្វើចំណាត់ថ្នាក់ប្រភេទរុក្ខជាតិឱសថ ការកំណត់គុណភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។ 
៦) ផ្តល់ បច្ចេកវិទ្យាកែច្នៃ បច្ចេកវិទ្យាចម្រាញ់ បច្ចេកវិទ្យាបំបែកឱសថប្រសិនបើចាំបាច់។

ប្រភពព័ត៌មាន៖ គេហទំព័ររបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ពាក្យទាក់ទង


មតិយោបល់