អ្វីខ្លះដែលនឹងកើតឡើងក្រោយពីអ្នកសម្រកទម្ងន់?

អ្នកណាថាការព្យាយាមសម្រកទម្ងន់គឺដើម្បីតែសម្រស់នោះ ការសិក្សាជាច្រើនបង្ហាញឲ្យឃើញថា ការគ្រប់គ្រងលើទម្ងន់ដងខ្លួនបានល្អ ផ្តល់សារប្រយោជន៍ជាច្រើន ដល់សុខភាព  និងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ ការស្រកទម្ងន់ចាប់ពី ៥ ទៅ១០ភាគរយនៃទម្ងន់សរុប នឹងអាចជួយអ្នក ដូចនេះ​ ហេលស៍ថាម នឹងនាំបង្ហាញ​ អ្នកទាំងអស់គ្នា អំពីហេតុការណ៍ដែលអាចកើតឡើងក្រោយការស្រកទម្ងន់។

ការសម្រកទម្ងន់តាមរូបភាពផ្សេងៗដូចជា   ការយកចិត្តទុកដាក់លើរបបអាហារ និងការធ្វើសម្មភាពនានា អាចឲ្យអ្នកចៀសវាងការកើតនូវជំងឺមួយចំនួន ក៏ដូចជាជួយការពារការវិវឌ្ឍទៅជាធ្ងន់ធ្ងរនៃជំងឺផងផ្សេងៗដូចខាងក្រោម៖

• បញ្ចៀសជំងឺដាប់សរសៃឈាម និងជំងឺគាំងបេះដូង
ហានិភ័យនៃជំងឺនេះ គឺកើតឡើងដោយសារការកើនឡើងខ្ពស់នៃសម្ពាធឈាម និងកូឡេស្តេរ៉ូល។   នៅពេលទម្ងន់ស្រកចុះ អ្នកនឹងអាចកាត់បន្ថយ​ LDL (Low Density Lipoprotein)ដែលជាប្រភេទកូឡេស្តេរ៉ូលមិនល្អអាចតោងជាប់សរសៃឈាម តែផ្ទុយទៅវិញ វាចូលរួមបង្កើន HDL (High Density Lipoprotein)ដែលជាពពួកកូឡេស្តេរ៉ូលល្អ ជាមួយនឹងតួនាទីក្នុងការដឹកនាំខ្លាញ់មិនល្អ ទៅបញ្ចេញចោល។ ទាំងនេះជាហេតុផល អាចបន្ថយការឡើងសម្ពាធឈាម ដែលអាចឈានដល់ការស្ទះ ឬដាច់សរសៃឈាម និងការពារការកើតជំងឺគាំងបេះដូង ជាដើម។

• បញ្ចៀសជំងឺទឹកនោមផ្អែមប្រភេទទី២៖
ការកើតជំងឺនេះគឺទាក់ទងនឹងការឡើងទម្ងន់ ព្រោះខ្លាញ់ក្នុងរាងកាយបានរារាំងការស្រូបយកជាតិស្ករចូលកោសិកាដែលជាហេតុបង្កឲ្យជាតិស្ករកើនឡើងក្នុងឈាម។  ផ្ទុយមកវិញ   ការស្រកទម្ងន់អាចបង្ការការកើតជំងឺនេះ   និងទប់ស្កាត់ផលវិបាកដែលអាចកើតឡើងផ្សេងៗ ដូចជា ការខូចតម្រងនោម ការងងឹតភ្នែក និងជំងឺបេះដូងជាដើម។  ការស្រកទម្ងន់ក៏ជួយឲ្យបរិមាណជាតិស្ករក្នុងឈាមថយចុះ និងធ្វើឲ្យអ្នកកាត់បន្ថយ ការប្រើប្រាស់ឱសថបញ្ចុះជាតិស្ករបានមួយកម្រិតទៀតផង។ ការសិក្សាបង្ហាញថា ការសម្រកទម្ងន់៧ភាគរយនៃទម្ងន់សរុបរបស់អ្នក នឹងជួយអ្នក ពីការកើតជំងឺនេះបានដល់ទៅ ៥៨ភាគរយ។

• បញ្ចៀសជំងឺរលាកសន្លាក់៖
កើតឡើងដោយសារដំណើរការមិនប្រក្រតីនៃសន្លាក់ ត្រង់ឆ្អឹង និងឆ្អឹងខ្ចី។ ពេលលើសទម្ងន់ សន្លាក់ឆ្អឹងត្រង់ជង្គង់ ចង្កេះ និងឆ្អឹងកងខ្នង នឹងធ្វើការកាន់តែខ្លាំង។ តាមការសិក្សា បង្ហាញថា បើអ្នកឡើងទម្ងន់១០គីឡូក្រាម នោះសន្លាក់ឆ្អឹងរបស់អ្នកនឹងត្រូវទ្រទម្ងន់បន្ថែម ពី៣០ ទៅ៦០គីឡូក្រាម មានន័យថា សន្លាក់អ្នកនឹងរងទម្ងន់ ៣ទៅ៦ដងនៃទម្ងន់ដែលបានលើស។ តែប្រសិនអ្នកស្រកទម្ងន់ ៥ភាគរយវិញគឺអាចកាត់បន្ថយកម្លាំងសង្កត់លើសន្លាក់ឆ្អឹង និងការឈឺចាប់បាន។ លើសពីនេះទៀត បើអ្នកស្រកអស់១០ភាគរយ អ្នកក៏អាចបង្ការរោគសញ្ញានៃជំងឺរលាកសន្លាក់ជង្គង់បាន ២៨ភាគរយផងដែរ។

• បញ្ចៀសជំងឺមហារីក៖
តាមការសិក្សាស្រាវជ្រាវ របស់The World Cancer Research Fund បង្ហាញថាការបញ្ចុះទម្ងន់ ៥ភាគរយ នៃទម្ងន់ខ្លួនសរុប អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក ដូចជា មហារីកសុដន់ មហារីកប្រូស្តាត និងមហារីកពោះវៀនធំ។ ទាំងនេះគឺដោយសារតែ មានការថយចុះនូវ អ័រម៉ូនអាំងស៊ុយលីន អឺស្រ្តូសែន និងអង់ត្រូសែន ដែលជាអ័រម៉ូនអាចបង្កឲ្យមានជំងឺមហារីក។

•បញ្ចៀសពីអាការៈគេងបាត់ដង្ហើម និងស្រមុក៖
អាការៈនេះកើតឡើងដោយសារតែការស្ទះចលនាខ្យល់ក្នុងប្រព័ន្ធដកដង្ហើម។ ចំពោះអ្នកលើសទម្ងន់ គឺមានកោសិកាទន់ៗច្រើននៅត្រង់ក ដែលបង្កើតជាសម្លេងស្រមុកនៅពេលគេង ហើយក៏ជាមូលហេតុមួយនៃអាការៈគេងបាត់ដង្ហើម ដែលតម្រូវឲ្យអ្នកគេងត្រូវភ្ញាក់ឡើង ដើម្បីចាប់ផ្តើមដកដង្ហើមវិញផងដែរ។ ការសិក្សាបង្ហាញថា ការសម្រកទម្ងន់១០ភាគរយ អាចជួយកាត់បន្ថយជាតិខ្លាញ់ ដែលនៅជាប់នឹងបំពង់សម្លេង ក៏អាចបំបាត់អាការៈគេងបាត់ដង្ហើមបាន២៦ភាគរយ និងធ្វើឲ្យអ្នកគេងលក់ស្រួល។

• បញ្ចៀសគ្រោះថ្នាក់នៅពេលសម្រាល៖
ចំពោះអ្នកលើសទម្ងន់ ឬធាត់ អាចទទួលការរំខានដល់ការធ្វើមេតាបូលីសនៃអ័រម៉ូនភេទ ដែលអាចធ្វើឲ្យប្រែប្រួលដល់វដ្តរដូវ និងអាចឈានដល់ការមិនអាចមានកូន ឬអារ។ អំឡុងពេលមានផ្ទៃពោះ បើអ្នកលើសទម្ងន់ នោះអ្នកនឹងប្រឈមនឹងផលប៉ះពាល់ទាំងម្តាយ និងកូន ដូចជាជំងឺក្រឡាភ្លើង ជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម។ ចំពោះកូនក្នុងផ្ទៃវិញ អាចប្រឈមនឹការលើសទម្ងន់ និងស្ថិតក្នុងទំហំដែល បង្កការពិបាក នៅពេលឆ្លងទន្លេ តែការស្រកទម្ងន់អាចជួយកែប្រែបញ្ហាទាំងនេះបាន។

ក្រៅពីហេតុការណ៍ចំពោះសុខភាពរបស់អ្នកខាងលើ​ ក៏នៅមានហេតុការណ៍ដទៃទៀត ដែលអាចកើតមានពេលស្រកទម្ងន់ផងដែរ ដែលរួមមាន៖

ទទួលអារម្មណ៍ស្រស់ស្រាយ៖
ដោយសារអ្នកបានសម្រេចគោលបំណង ក្នុងការបន្ថយទម្ងន់ខ្លួនឯងបានសម្រេច និងការរារាំងនូវការបញ្ចេញអ័រម៉ូនស្រេ្តស ដែលជាលទ្ធផលធ្វើឲ្យអ្នកមានភាពរីករាយ។

បង្កើនសម្រស់
ជាក់ស្តែង អ្នកនឹងមានទំនុកចិត្តលើខ្លួនឯងជាងមុន និងមានអារម្មណ៍ល្អជាមួយខ្លួនឯងជាងមុនដូចគ្នា។ ម្យ៉ាងទៀត អ្នកអាចស្លៀកពាក់ និងតុបតែងខ្លួនបានយ៉ាងសម្បូរបែបជាងមុន ជាមួយនឹងទំហំដងខ្លួនស្រស់ស្អាតរបស់អ្នក។

សន្សំសំចៃថវិកា
បន្ទាប់ពីបានសម្រកទម្ងន់ហើយ   អ្នកនឹងមិនសូវប្រឈមនឹងជំងឺ ហើយនេះក៏ជាការសន្សំថវិកាមួយពីការព្យាបាលផងដែរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់