គ្រូពេទ្យឯកទេសណាដែលមានភាពរីករាយបំផុតក្នុងឆ្នាំ២០១៧នេះ?

ការជួយសង្គ្រោះជីវិតមនុស្ស ភាពការងារជាប់លាប់ ប្រាក់ខែច្រើន និងទទួលបានការគោរពពីមនុស្សជុំវិញខ្លួនគឺគ្រាន់តែជាហេតុផលល្អៗមួយចំនួន ដែលធ្វើឲ្យអ្នកជ្រើសរើសយកអាជីពជាគ្រូពេទ្យប៉ុណ្ណោះ។ប៉ុន្តែនៅពេល​ដែលអ្នកជ្រើសរើស យកជំនាញឯកទេសណាមួយក្នុងវិស័យវេជ្ជសាស្ដ្រនេះ ភាពរីករាយរបស់អ្នកគួរតែជាកត្តាចម្បងទីមួយដែលអ្នកគួរតែយកមកពិចារណា។

អ្នកនឹងដឹងថាអ្នកបានជ្រើសរើសជំនាញឯកទេសមួយដ៏ត្រឹមត្រូវនៅពេលដែលអ្នករីករាយនឹងទៅធ្វើការងារនោះដូចពេលដែលអ្នកបានបញ្ចប់ ហើយចាកចេញពីកន្លែងធ្វើការនោះដែរ។ យើងហៅវាថា ការសម្រេចបាននូវ «តុល្យភាពការងារ និងជីវិត»។(វាគឺអាចធ្វើទៅបាននៅក្នុងវិស័យវេជ្ជសាស្ត្រមួយនេះ។)

នៅពេលដែលចុះធ្វើរបាយការណ៍ប្រចាំឆ្នាំស្ដីពីរបៀបរស់នៅរបស់គេហទំព័រពត៌មានវេជ្ជសាស្ត្រសកល Medscape បានសុំឲ្យគ្រូពេទ្យ នៅសហរដ្ឋអាមេរិក វាយតម្លៃភាពសប្បាយរីករាយរបស់ពួកគេពី១ដល់៧ ដែល១គឺ មិនសប្បាយចិត្តជាខ្លាំង និង ៧គឺ សប្បាយចិត្តយ៉ាងខ្លាំង។ ការសិក្សានេះបានរកឃើញថា ច្រើនជាងពាក់កណ្ដាលនៃគ្រូពេទ្យ ដែលគេបានធ្វើការស្រង់មតិគឺពួកគេមានភាពរីករាយនឹងការងារ របស់ពួកគេ និងប្រហែលជាបីភាគបួនទៀតនៃគ្រួពេទ្យ គឺរីករាយនៅក្រៅពីកន្លែងធ្វើការផងដែរ។​

ប៉ុន្តែសួរថាតើភាពសប្បាយរីករាយអាចកំណត់បានតាមរយៈឯកទេសរបស់គ្រូពេទ្យដែរឬទេ? តោះ! យើងទៅមើលឲ្យកាន់តែស៊ីជម្រៅនៃការស្ទង់មតិ និងរកមើលថាគ្រូពេទ្យឯកទេសណាខ្លះ រីករាយនឹងការងារ ហើយគ្រូពេទ្យឯកទេសណាខ្លះដែលតែងតែរអ៊ូមិនឈប់អំពីការងាររបស់ពួកគេ។
 
ភាគរយច្រើនជាងគេនៃគ្រូពេទ្យដែលអះអាងថាពួកគេរីករាយនឹងការងារបំផុត គឺគ្រូពេទ្យឯកទេសខាងស្បែក (Dermatologists) (៤៣%) និងបន្ទាប់មកទៀតនោះ គឺគ្រូពេទ្យឯកទេសខាងភ្នែក (Ophthalmologists)(៤២%)។ គ្រូពេទ្យនៅក្នុងជំនាញទាំងពីរខាងលើនេះ ក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល ក្នុងរបាយការណ៍របស់ Medscape ឆ្នាំ២០១៦ និង​២០១៤ផងដែរ។

នៅក្រៅពីកន្លែងការងារ គ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធផ្លូវទឹកនោម (Urologists) (៧៦%) ឈរនៅលំដាប់ទីមួយ ហើយគ្រូពេទ្យឯកទេសខាងភ្នែក ខាងស្បែក និង ខាងប្រតិកម្មអាឡែហ្សី និងប្រព័ន្ធភាពស៊ាំវិញ ឯកទេសទាំងបីនេះឈរ នៅលំដាប់ថ្នាក់លេខ២ដូចគ្នា គឺមាន (៧៤%)។

ធ្វើការនៅក្នុងឯកទេសណាមួយក៏ដោយក្នុងវិស័យវេជ្ជសាស្ត្រនេះអ្នកត្រូវយកអ្នកជំងឺជាកត្តាចម្បង ដូច្នេះមុនពេលដែលអ្នកសម្រេចចិត្តជ្រើសរើសយកជំនាញឯកទេសណាមួយ វាគឺនេះជាពេលដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីផ្ដល់នូវអាទិភាពទីមួយដល់ខ្លួនអ្នក និងភាពរីករាយរបស់អ្នកនាពេលអនាគត។

តាមរយៈការសិក្សា ខាងក្រោមនេះគឺជាបណ្ដាឯកទេសដែលបានរៀបតាមលំដាប់នៃភាពរីករាយនៅកន្លែងធ្វើការ (ពីស្នាមញញឹមទៅជាការជ្រួញចិញ្ចើម)។
1.    ឯកទេសលើជំងឺសើស្បែក (Dermatology) (៤៣%)
2.    ឯកទេសចក្ខុរោគ (Ophthalmology) (៤២%)
3.    ឯកទេសលើប្រតិកម្មអាឡែហ្សី និងប្រព័ន្ធភាពស៊ាំ (Allergy and immunology) (៤១%)
4.    ឯកទេសវះកាត់ឆ្អឹង (Orthopedics) (៣៧%)
5.    ឯកទេសវិកលវិទ្យា និងសុខភាពផ្លូវចិត្ត (Psychiatry and mental health) (៣៧%)
6.    ឯកទេសលើជំងឺសួត (Pulmonary medicine) (៣៧%)
7.    ឯកទេសលើជំងឺកុមារ (Pediatrics) (៣៦%)
8.    ឯកទេសរោគសាស្ដ្រ (Pathology) (៣៦%)
9.    ឯកទេសលើជំងឺមហារីក (Oncology) (៣៦%)
10. ឯកទេសលើជំងឺក្រពះ ពោះវៀន (Gastroenterology) (៣៥%)
11. ឯកទេសវះកាត់ទូទៅ (Surgery) (៣៥%)
12. ឯកទេសលើជំងឺត្រចៀក ច្រមុះ បំពង់ក (Otolaryngology) (៣៤%)
13. ឯកទេសលើប្រព័ន្ធប្រសាទ (Neurology) (៣៤%)
14. ឯកទេសលើផ្នែកដាក់ថ្នាំសណ្ដំ (Anesthesiology) (៣៣%)
15. ឯកទេសវិទ្យុសាស្ត្រ (Radiology) (៣៣%)
16. ឯកទេសសម្ភព និងរោគស្ដ្រី (Obstetrics and gynecology) (៣២%)
17. ឯកទេសវះកាត់កែលំអរ (Plastic surgery) (៣២%)
18. ឯកទេសលើប្រព័ន្ធផ្លូវទឹកនោម ឬម៉ូត្រសាស្ដ្រ (Urology) (៣១%)
19. ឯកទេសលើជំងឺទឹកនោមផ្អែម និងក្រពេញបញ្ចេញក្នុង (Diabetes and endocrinology) (៣១%)
20. ឯកទេសលើជំងឺឆ្លង (Infectious disease) (៣១%)
21. ឯកទេសលើជំងឺបេះដូង (Cardiology) (៣១%)
22. ការថែទាំ (Critical care) (៣០%)
23. គ្រូពេទ្យប្រចាំគ្រួសារ (Family medicine) (២៩%)
24. គ្រូពេទ្យសង្គ្រោះបន្ទាន់ (Emergency medicine) (២៨%)
25. ឯកទេសលើជំងឺសរីរាង្គ ឬជំងឺក្នុង (Internal medicine) (២៨%)
26. ឯកទេសលើជំងឺតម្រងនោម (Nephrology) (២៤%)
27. ឯកទេសលើជំងឺសន្លាក់ (Rheumatology) (២៤%)

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់